នៅក្នុងឧបករណ៍ភ្លេងរបស់ជនរួមជាតិខ្មែរបានបែងចែកជា ៤ ប្រភេទធំៗ ក្នុងនោះ រួមមាន៖ ឧបករណ៍ខ្សែ ឧបករណ៍ខ្យល់ ឧបករណ៍ស្បែក ឧបករណ៍គោះ។ ប្រភេទនី មួយៗសុទ្ធតែមានឧបករណ៍ភ្លេងខុសៗគ្នា។ ក្នុងនោះ ប៉ីអនិងស្រឡៃ គឺជាឧបករណ៍ភ្លេងពីរប្រភេទដ៏ពិសេសស្ថិតក្នុងក្រុមឧបករណ៍ភ្លេងរបស់ជនរួមជាតិខ្មែរនៅតំបន់ណាមបូ។
ឧបករណ៍ភ្លេងប៉ីអ - សូរសៀងប្រពៃណី
ឧបករណ៍ភ្លេងក្នុងតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរមានឧបករណ៍ប៉ីអ បានប្រើប្រាស់យ៉ាងពេញនិយមក្នុងក្រុមតន្ត្រីបុរាណ។ ប៉ីអមានរូបរាងស្រដៀងនឹងខ្លុយពករបស់ជនជាតិវៀតណាមដែរ ប៉ុន្តែផ្នែករចនាសម្ព័ន្ធជាសូរសៀង និងរូបភាពប្រើប្រាស់គឺខុសគ្នាទាំងស្រុង។ នេះគឺជាឧបករណ៍ភ្លេងមួយបែប ដែលមានវត្តមានតាំងពីយូរលង់ណាស់មកហើយនៅក្នុងក្រុមឧបករណ៍តន្ត្រីរបស់ជនរួមជាតិខ្មែរ។ លោក យ័ញអៀង នៅឃុំឡឹមតឹង ទីក្រុងកឹងធើ បានឱ្យដឹងអំពីការបង្កើតឧបករណ៍ ប៉ីអ៖ “ប៉ីអ នៅលើដងមាន៨រន្ធ ផ្នែកខាងមុខ៧រន្ធ និងខាងក្រោយ១រន្ធ។ ក្នុងរន្ទទាំង៨នោះ គឺត្រូវនឹងសំឡេងទាំង៨ដែរ។ ទីពីរគឺមានកន្លើតផ្លុំដែលធ្វើពីឫស្សីពក ដើម្បីផ្លុំឱ្យចេញសំឡេង តមានដុំក្បាលផ្លុំធ្វើពីឫស្សីបិទជាប់នឹងដងប៉ីអ ទើបអាចផ្លុំឮសំឡេងបាន”។
ដោយហេតុជាឧបករណ៍ខ្យល់ ម្ល៉ោះហើយនៅពេលសម្តែងប៉ីអ តម្រូវឱ្យអ្នកផ្លុំត្រូវមានដង្ហើមវែង និងកម្លាំងផ្លុំល្អ។ ដើម្បីធ្វើបានបែបនេះ អ្នកភ្លេងម្នាក់ៗត្រូវហ្វឹកហាត់ដោយការផ្លុំទងព្រលិត ឬផ្លុំតាមបំពង់បឺតចូលក្នុងកែវទឹក ដើម្បីរក្សាដង្ហើម បញ្ជាកម្លាំងផ្លុំរបស់ខ្លួន។ លោកយ័ញណាង នៅឃុំម៉ីហឿងទីក្រុងកឹងធើ មានចិត្តស្រឡាញ់តន្ត្រីប្រពៃណីតាំងពីតូច លេងបានទាំងស្គរទ្រ និងឃឹម។ល។ ប៉ុន្តែសម្រាប់ឧបករណ៍ប៉ីអ លោកកំពុងហ្វឹកហាត់រាល់ថ្ងៃជាមួយលោកគ្រូយ័ញអៀង ដើម្បីអាចលេងឧបករណ៍នេះបានល្អ។ លោកយ័ញណាង នៅឃុំម៉ីហឿង ទីក្រុងកឹងធើ ចែករំលែក៖ “ដំបូងឃើញគេផ្លុំហាក់ដូចជាងាយស្រួលណាស់ ប៉ុន្តែពេលចាប់ផ្តើមរៀនទើបដឹងថាពិបាក។ លោកគ្រូឃើញដូច្នេះ ក៏បង្រៀនពីរបៀបដកដង្ហើម និងរក្សាដង្ហើម។ ទោះជាយ៉ាងណាក៏ដោយ ការរៀនដកដង្ហើម និងរក្សាដង្ហើម ខ្ញុំយល់ថាវាជាប្រការដែលពិបាកបំផុត។ ប៉ុន្តែដោយសារស្រឡាញ់ឧបករណ៍ភ្លេងរបស់ជនជាតិ ទើបខ្ញុំចង់រៀនឱ្យចេះទាំងអស់”។

លោកយ័ញអៀង- ឃុំឡឹមតឹង ទីក្រុងកឹងធើកំពុងអង្គុយហ្វឹកហាត់បទភ្លេងប៉ីអ។
ប៉ីអមានតួនាទីដ៏សំខាន់ក្នុងក្រុមតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ថ្វីត្បិតដូច្នោះក្តី ឧបករណ៍នេះតម្រូវឱ្យអ្នករៀនត្រូវមានទេពកោសល្យ និងហ្វឹកហាត់បានល្អទើបអាចលេងបាន។ ក៏ព្រោះតែហេតុនេះ អ្នកដែលស្ទាត់ជំនាញឧបករណ៍នេះកាន់តែតិចទៅៗ ធ្វើឱ្យប៉ីអកាន់តែបាត់បង់បន្តិចម្តងៗក្នុងក្រុមតន្ត្រីខ្មែរ។ លោកយ័ញអៀង ឱ្យដឹងបន្ថែម៖ “ក្នុងក្រុមតន្ត្រីប្រពៃណី ខ្ញុំយល់ថាប៉ីអមានតួនាទីសំខាន់បំផុត ព្រោះវាជាឧបករណ៍នាំមុខសម្រាប់ទ្រ និងឃឹមលេងតាម។ អ្នករៀនប៉ីអ មិនមែនអ្នកណាក៏សុទ្ធតែផ្លុំបាននោះទេ។ ជាធម្មតាក្នុងក្រុមភ្លេងមាន ១០ នាក់ ប៉ុន្តែអ្នកដែលអាចផ្លុំប៉ីអបានគឺមានតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ។ ចំពោះខ្ញុំ ខ្ញុំនឹងខំប្រឹងផ្ទេរទៅឱ្យយុវជនជំនាន់ក្រោយអ្នកណាដែលចង់រៀន ពីព្រោះទំពាំងស្នងឫស្សី មិនអាចទុកឱ្យវាបាត់បង់បានឡើយ។”
ស្រឡៃ - ព្រលឹងនៃសិល្បៈល្ខោនរបាំ
ទន្ទឹមជាមួយនឹងប៉ីអ ស្រឡៃក៏ជាឧបករណ៍ខ្យល់ដែរ។ អំពីទ្រង់ទ្រាយគឺស្រឡៃ ខុសពីប៉ីអ ប៉ុន្តែអំពីរបៀបប្រើប្រាស់គឺមានចំណុចស្រដៀងគ្នា។ រចនាសម្ព័ន្ធនៃឧបករណ៍ស្រឡៃមានច្រើនផ្នែក ផ្នែកនីមួយៗសុទ្ធតែមានតួនាទីជាក់លាក់មួយ ម្ល៉ោះហើយបង្កើតជាសំឡេងស្រឡៃមានសូរសៀងស្រទន់ និងពីរោះរណ្តំ។
នៅភូមិបឹងចុងឃុំតាយវ៉ាំង ស្រុកត្រឹងដេ ខេត្តសុកត្រាំងចាស់ បច្ចុប្បន្នគឺឃុំតាយវ៉ាំង ទីក្រុងកឹងធើ គ្រួសារលោកឡឹមក្វេន បីជំនាន់បន្តបន្ទាប់ផ្លុំស្រឡៃឱ្យក្រុមរបាំបឹងចុង ដូច្នេះលោកយល់ច្បាស់ពីបទភ្លេងរបាំតាំងពីក្មេងរហូតមកដល់បច្ចុប្បន្ន។ លោកឡឹមក្វេន - ភូមិបឹងចុង ឃុំតាយវ៉ាំង ទីក្រុងកឹងធើ ឱ្យដឹងថា៖ “ក្នុងស្រឡៃ រួមមានឧបករណ៍បំពងសំឡេង ដងស្រឡៃ ប្រអប់រក្សាខ្យល់ធ្វើពីរលលាដូង កន្លើតផ្លុំធ្វើពីស្លឹកត្នោត នៅលើដងមានរន្ធ ត្រូវនឹងសំឡេងទាំង ៨ ផ្នែកខាងមុខ៧ និងខាងក្រោយ១។ ឧបករណ៍ស្រឡៃទាំងមូលមាន៣ផ្នែក គឺឧបករណ៍បំពងសំឡេង ដងស្រឡៃ និងកន្លើតផ្លុំ។ វាមាន៨សំឡេង ប្រើសម្រាប់ផ្លុំបទភ្លេងជាតួអង្គចាប់ពីស្តេច ព្រះរាជបុត្រី, យក្ស និងស្វា”។

លោកឡឹមក្វេន - ភូមិបឹងចុង ឃុំតាយវ៉ាំង ទីក្រុងកឹងធើ កាន់ឧបករណ៍ស្រឡៃ។
ក្នុងតន្ត្រីរបាំ ក្រៅពីសំឡេងស្គរ និងសំឡេងគង នោះសំឡេងស្រឡៃ គឺជាព្រលឹង ជាសូរសៀងដែលដាស់តឿននូវចរិតលក្ខណៈរបស់តួអង្គ និងដាស់តឿនស្មារតីដល់អ្នករាំ។ ក្នុងតន្រី្តរបាំបទភ្លេងនីមួយៗត្រូវនឹងតួអង្គនីមួយៗខុសគ្នា ហើយស្រឡៃទទួលមានមុខងារបង្ហាញឱ្យឃើញនូវបទភ្លេងទាំងនោះ។ លោកឡឹមក្វេន - ភូមិបឹងចុង ឃុំតាយវ៉ាំង ទីក្រុងកឹងធើ ចែករំលែកបន្ថែមថា៖ “ឧបករណ៍ស្រឡៃ គឺជាឧបករណ៍បើកឆាកសម្រាប់ការរាំរបាំ។ ដំបូងគឺបទរាំឈូឆាយ បន្ទាប់មកដល់បទសម្រាប់ស្តេច ព្រះរាជបុត្រី បន្ទាប់មកទើបដល់បទហោមរោងសម្រាប់យក្សរាំ។ ក្នុងនោះ បើសរុបទៅគឺមានដល់ទៅ៨បទ ដូចជា៖ បទឈូឆាយ ហោមរោងយក្ស ហោមរោងស្វា បទខោលសម្រាប់ទេពអប្សររាំ, បន្ទាប់មកដល់បទអូរេខ្លាវ សម្រាប់យក្សច្បាំងគ្នា ហើយចុងក្រោយគឺបទសម្រាប់តួអង្គឥសី។ តន្ត្រីរបាំបើខ្វះស្រឡៃ គឺតួអង្គមិនអាចរាំបានទេ តម្រូវឱ្យមានសំឡេងស្រឡៃ ទើបរាំបានល្អ”។
ឧបករណ៍ភ្លេងស្រឡៃនិងប៉ីអ ត្រូវបានបង្កើតឡើងដោយផ្អែកលើការយល់ដឹងយ៉ាងជ្រាលជ្រៅរបស់បុព្វបុរសខ្មែរអំពីតន្ត្រី។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈឧបករណ៍ភ្លេងទាំងនេះ ក៏បង្ហាញឱ្យឃើញថាបច្ចេកទេសបង្កើតឧបករណ៍ភ្លេងរបស់ជនរួមជាតិខ្មែរគឺពិតជាល្អិតល្អន់ និងប្លែកពីគេ បង្កបានជាលក្ខណៈដ៏ពិសេសក្នុងតន្ត្រីរបស់ជនជាតិខ្លួន៕
អត្ថបទរូបថត៖ ថាញហ៊ុង - លីសៀ