ដោយប្រើប្រាស់អស់ពីលទ្ធភាពដែលធម្មជាតិបានអំណោយផល ព្រមជាមួយការរួមដំណើររបស់សមាគមសហព័ន្ធនារី សមាជិកាជនជាតិខ្មែរជាច្រើន នៅឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ អនុវត្តទម្រង់ចិញ្ចឹមកន្ធាយមានប្រសិទ្ធភាព។ ផ្តើមពីនោះ ជីវភាពបានកែលម្អបន្តិចម្តងៗ ឈានឡើងធូរធារ។

ទម្រង់ចិញ្ចឹមកន្ធាយផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់បងស្រីក្វាច់ធីង៉ុកហឿង។
ដោយឃើញទង្រង់ចិញ្ចឹមកន្ធាយរបស់អ្នកភូមិមានប្រសិទ្ធភាព បងស្រីក្វាច់ធីហឿង នៅភូមិ៨A ឃុំវិញធ្វឹងដុង ក៏បានបុលប្រាក់ ៥០ លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីអនុវត្តទម្រង់។ ប៉ុន្តែដោយសារមិនទាន់មានបទពិសោធន៍ ទើបទម្រង់មិនសូវមានប្រសិទ្ធភាព។ បន្ទាប់ពីបរាជ័យច្រើនលើក បងស្រីបានចាប់ផ្តើមស្វែងយល់ រៀនសូត្របទពិសោធន៍ពីអ្នកចិញ្ចឹមកន្ធាយ រួចអនុវត្តតាម ទើបទម្រង់មានស្ថិរភាពនិងរីកចម្រើនជាបណ្តើរៗ។ ដោយមានបទពិសោធន៍ ៦ ឆ្នាំចិញ្ចឹមកន្ធាយ បងស្រីហឿង ឱ្យដឹង៖ “កន្ធាយងាយចិញ្ចឹម មិនសូវមានជំងឺ ហើយប្រភពចំណីក៏ងាយរកដែរ សំខាន់គឺខ្យងនិងត្រីតូចៗចិញ្ច្រាំ ម្ល៉ោះហើយបន្ថយបានការចំណាយ។ ទោះជាយ៉ាងណាក៏ដោយ ចំណីសម្រាប់កន្ធាយត្រូវតែសមស្រប មិនគួរឱ្យស៊ីច្រើនពេកទេ ចៀសវាងចំណីដែលសល់ធ្វើឱ្យកខ្វក់ប្រភពទឹក ងាយនឹងកើតជំងឺ”។ ជាមួយនឹងកន្ធាយចំនួន ៥.០០០ ក្បាល ដែលចិញ្ចឹមលើផ្ទៃដី ១.៥០០ ម៉ែត្រការ៉េ បន្ទាប់ពី ១៦ ខែចិញ្ចឹមនឹងអាចប្រមូលផល ទិន្នផលសម្រេចបានប្រហែល២តោន ទម្ងន់ពី ០,៧ គីឡូក្រាមដល់ ១,៥ គីឡូក្រាមក្នុងមួយក្បាល លក់ក្នុងតម្លៃប្រមាណ ២៣០.០០០ ដុង ក្នុងមួយគីឡូក្រាម។ ដូចនេះ បន្ទាប់ពីទូទាត់រួច គ្រួសារបងស្រីហឿង នៅចំណេញបានជាង ២០០ លានដុង។
ចំណែកអ្នកមីងលីធីយ៉ា នៅភូមិ៨B ឃុំវិញធ្វឹងដុង ចែករំលែក៖ “ដោយឃើញសមាជិកជាច្រើនបានកែលម្អជីវភាព តាមរយៈការចិញ្ចឹមកន្ធាយ ឆ្នាំ ២០២១ ខ្ញុំបានបុលប្រាក់ ៥០ លានដុងពីធនាគារគោលនយោបាយសង្គម តាមរយៈសមាគមនារីឃុំ។ ដើមទុននេះ ខ្ញុំបានវិនិយោគលើការសាងសង់អាង និងទិញកូនកន្ធាយ ៥.០០០ ក្បាលមកចិញ្ចឹម។ ដោយការយកចិត្តទុកដាក់ ជួយឧបត្ថម្ភពីអង្គការសមាគមនានា ពិសេសគឺសមាគមសហព័ន្ធនារីឃុំ បានបង្កលក្ខណៈឱ្យទៅទស្សនានូវទម្រង់គំរូជាច្រើន បើកវគ្គហ្វឹកហាត់វិទ្យាសាស្ត្របច្ចេកទេសជឿន លឿនក្នុងការផលិត ទើបទម្រង់ជាជំហានៗមានប្រសិទ្ធភាព”។ រៀងរាល់ឆ្នាំ អ្នកមីងយ៉ា លក់កន្ធាយសាច់ចេញទៅទីផ្សារបានជាង ២ តោន ក្នុងតម្លៃចាប់ពី ១៥០.០០០ ដល់ ២៣០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីទូទាត់ នៅចំណេញប្រមាណ ២៣០ លានដុង។ “ដើម្បីចិញ្ចឹមកន្ធាយមានប្រសិទ្ធភាព ក្រៅពីថែទាំ និងការឱ្យចំណីសមស្រប ការសាងសង់អាងចិញ្ចឹមក៏មានសារសំខាន់ណាស់ដែរ។ អាងចិញ្ចឹមត្រូវធានាឱ្យបានរឹងមាំ ជញ្ជាំងអាងត្រូវធ្វើឱ្យខ្ពស់កុំឱ្យកន្ធាយវារចេញក្រៅ កម្រិតទឹកក្នុងអាងត្រូវរក្សាឱ្យបានប្រមាណ ៣០ សង់ទីម៉ែត្រ ក្នុងអាងគួរដាក់ធាងដូង ដើម្បីឱ្យកន្ធាយមានកន្លែងសម្រាប់ហាលថ្ងៃ បន្ថយការផ្លាស់ប្តូរទឹកញឹកញាប់ សំដៅផ្តល់ស្ថិរភាពបរិស្ថានរស់នៅសម្រាប់កន្ធាយ”។ អ្នកមីងយ៉ា បានឱ្យដឹងបន្ថែមដូច្នេះ។
លោកស្រី ត្រឹងង្វៀងធូហាយ ប្រធានសមាគមសហព័ន្ធនារីឃុំវិញធ្វឹងដុង ឱ្យដឹង៖ “អាចនិយាយបានថា ចិញ្ចឹមកន្ធាយគឺជាទម្រង់មួយដែលសមស្របទៅនឹងគោលការណ៍ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹមនៅភូមិភាគ ជួយបង្កការងារធ្វើផង លើកកម្ពស់គុណភាពរស់នៅសម្រាប់សមាជិកាផង ពិសេស គឺសមាជិកាដែលមានដីផលិតតិចតួច”៕
ថាញវ៉ាង - លីសៀ