13/06/2026 - 12:05

សំឡេងអានមេរៀនកងរំពងនៅទីវត្តអារាម 

នៅពេលវិស្សមកាលឈានចូលមកដល់ សំឡេងសត្វរៃយំរំពងពេញព្រៃ ក៏ជាពេលវេលាដែលថ្នាក់រៀនអក្សរខ្មែរនៅវត្តកំពង់រាជបុប្ផា (អង្គុលីខាងជើង) ស្ថិតក្នុងសង្កាត់ដុងថាញ់ ខេត្តវិញឡុង បានបើកបង្រៀនផងដែរ។ សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែបង្កនូវបរិ យាកាសដ៏មានប្រយោជន៍នាថ្ងៃវិស្សមកាលប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការថែ រក្សា ការពារ និងបន្តអភិរក្សនូវសោភណភាពនៃភាសា និងវប្បធម៌ប្រពៃណីដ៏ល្អជូនដល់ជំនាន់ក្រោយទៀតផង។

ព្រះតេជព្រះគុណ គឹមច័ន្ទ យកព្រះទ័យទុកដាក់និងណែនាំដល់ប្អូនៗសិស្សានុសិស្ស ក្នុងម៉ោងហាត់សរសេរអក្សរខ្មែរ។

ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលវិស្សមកាល បរិយាកាសស្ងប់ស្ងាត់នៃវត្តអង្គុលីខាងជើង ប្រែជាមានភាពអ៊ូអរឡើងវិញ ដោយសារសំឡេងសើចក្អាកក្អាយ និងសំឡេងអានមេរៀនព្រមៗគ្នារបស់សិស្សានុសិស្ស។ ឆ្នាំនេះ វត្តអង្គលីខាងជើង បានបើកបង្រៀនអក្សរខ្មែរចំនួន ៣ថ្នាក់ និងពុទ្ធិកបឋមសិក្សា ១ថ្នាក់ ដោយទាក់ទាញសមណសិស្ស និងសិស្សានុសិស្សចូលរៀនសរុបចំនួន ១០៩ អង្គ និងនាក់។ ថ្នាក់រៀនបានបែងចែកយ៉ាងមានរបៀបរៀបរយទៅតាមកម្រិតនីមួយៗ៖ ថ្នាក់ទី១ និងថ្នាក់ទី២ ក្នុងមួយថ្នាក់ៗមានសិស្ស ៣៥នាក់, ថ្នាក់ទី៣ មានសិស្ស ២០នាក់ និងថ្នាក់ពុទ្ធិកបឋមសិក្សា មានសមណសិស្សនិងសិស្សចំនួន ១៩ អង្គនិងនាក់។

ចំណែកគ្រូបង្រៀនវិញ គឺព្រះសង្ឃ និងពុទ្ធបរិស័ទដែលមានចំណេះដឹង មានសទ្ធាជ្រះថ្លា ទោះបីជាមមាញឹកនឹងការងារយ៉ាងណាក៏ដោយ ក៏រួមកម្លាំងកាយចិត្តមកបង្រៀនជារៀងរាល់ថ្ងៃ ក្នុងគោលបំណងតែមួយគត់ គឺក្រោយរយៈពេល ៣ខែនៃវគ្គសិក្សានេះ ប្អូនៗកុមារអាចចេះអាន ចេះសរសេរអក្សរខ្មែរបានគ្រប់ៗគ្នា។

លោកគ្រូ ស៊ើងគឹម កំពុងយកចិត្តទុកដាក់ណែនាំសិស្សានុសិស្សថ្នាក់
ទី១រៀនសរសេរអក្សរខ្មែរ។

ព្រះតេជព្រះគុណ គឹមច័ន្ទ ជាពហុស្សូតវត្ដអង្គុលីខាងជើង ព្រះអង្គបានសាងផ្នួសបួសរៀនជិត៣០វស្សា មានថេរដីកា៖” "ឆ្លៀតក្នុងឱកាសវិស្សមកាល៣ខែជារៀងរាល់ឆ្នាំ វត្តតែងតែរក្សាប្រពៃណីបើកបង្រៀនអក្សរសាស្ត្រ ដើម្បីឱ្យកូនចៅពុទ្ធបរិស័ទមានឱកាសសិក្សារៀនសូត្រភាសា និងអក្សរសាស្ត្ររបស់ជនជាតិខ្លួន។ មិនត្រឹមតែបង្រៀនអក្សរប៉ុណ្ណោះទេ ព្រះសង្ឃនៅទាំងបញ្ចូលការអប់រំសីលធម៌ ឥរិយាបថដល់កូនចៅតាំងពីប្រការតូចបំផុត ដូចជាការលើកដៃសំពះជម្រាបសួរ ចេះគោរពចាស់ទុំ រហូតដល់ការសូត្រធម៌ថ្វាយបង្គំព្រះមុនពេលចូលរៀនជាដើម”។

តាមរយៈការប្រដៅ និងបង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ និងព្រះសង្ឃក្នុងវត្ត គុណភាពសិក្សារបស់កុមារមានការរីកចម្រើនយ៉ាងច្បាស់ក្រឡែតពីមួយថ្ងៃទៅមួយថ្ងៃ។ កត្តានេះបង្កបាននូវសេចក្តីត្រេកអរ និងមោទនភាពយ៉ាងខ្លាំងជូនដល់អាណាព្យាបាលសិស្សនៅពេលឃើញកូនចៅខ្លួនចេះដឹង។ កំពុងឈររង់ចាំទទួលចៅស្រីចេញពីរៀន បងគឹមធី នៅអនុសង្កាត់អង្គុលីខាងជើង សង្កាត់ដុងថាញ់ ខេត្តវិញឡុង បានសម្តែងនូវសេចក្តីសប្បាយរីករាយ៖ “ចៅរបស់ខ្ញុំឆ្នាំនេះឡើងថ្នាក់ទី២នៃសាលារៀននៅក្នុងវត្តហើយ។ ជារៀងរាល់ថ្ងៃ ពេលត្រឡប់មកពីរៀនវិញ ឮចៅអង្គុយអានអក្សរខ្មែរយ៉ាងរលូន ធ្វើឱ្យចិត្តខ្ញុំរំភើបរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ ខ្ញុំយល់ច្បាស់ថា ការជូនចៅមកវត្តរៀនអក្សរ គឺដើម្បីឱ្យចៅមានចំណេះដឹងបន្ថែមផង ព្រមទាំងរួមចំណែកថែរក្សាភាសាកំណើតផង។ ហេតុនេះ គ្រួសារតែងតែលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដើម្បីឱ្យចៅបានទៅរៀនជារៀងរាល់ថ្ងៃ”។

មិនត្រឹមតែជាទីកន្លែងរៀនអក្សរប៉ុណ្ណោះទេ វត្តអង្គុលីខាងជើង នៅទាំងជាកន្លែងផ្សារភ្ជាប់នឹងវ័យកុមាររបស់ប្អូនៗ ពោរពេញទៅដោយសំឡេងសើចក្អាកក្អាយ ជាកន្លែងដែលកុមារៗបានជួបជុំលេងកម្សាន្តជាមួយគ្នាផង។ កុមារីថាច់ធីទ្រុកលី សិស្សថ្នាក់ទី២ ដែលរៀននៅក្នុងវត្តបានឱ្យដឹង៖ “ខ្ញុំចូលចិត្តមកវត្តរៀនណាស់ នៅទីនេះបានលេងកម្សាន្តជាមួយមិត្តភក្តិផង និងបានព្រះសង្ឃបង្ហាត់បង្រៀនផង។ អ្វីដែលខ្ញុំចូលចិត្តបំផុតគឺនៅចុងវគ្គសិក្សា ពួកខ្ញុំត្រូវបានប្រកាសលទ្ធផល ហើយមិត្តណាក៏មានរង្វាន់ដូចជាសៀវភៅ ប៊ិចជាដើម។ រង្វាន់ទាំងនេះនឹងជួយឱ្យខ្ញុំត្រៀមលក្ខណៈសម្បត្តិបានល្អ ដើម្បីឈានចូលកម្មវិធីសិក្សាថ្មីខាងមុខ”។

សកម្មភាពរៀនសូត្រអក្សរខ្មែរប្រព្រឹត្តទៅយ៉ាងរស់រវើក តាមរយៈការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីសំណាក់ព្រះសង្ឃក្នុងវត្ត។

ដើម្បីបង្កើតថ្នាក់រៀនមានរបៀបរៀបរយ និងរក្សាភ្ជាប់ជារៀងរាល់ឆ្នាំបែបនេះ នោះជាដំណើរការត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងការស្រុះចិត្តគំនិតគ្នារបស់ទូទាំងព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងចំណុះជើងវត្តផងដែរ។ លោកស៊ើងថូយ - ប្រធានគណៈកម្មការវត្តអង្គុលីខាងជើង បានអះអាង៖ “ភាសាខ្មែរគឺជាភាសាកំណើត ជាឫសគល់នៃវប្បធម៌។ ចង់ថែរក្សា និងពង្រីកនូវអក្សរសាស្ត្រជនជាតិ គឺកូនចៅត្រូវតែចេះអាន ចេះសរសេរ។ ព្រោះហេតុនោះហើយ ទើបនៅមុនឱកាសវិស្សមកាល ព្រះសង្ឃ និងគណៈកម្មការវត្តតែងតែប្រជុំពិភាក្សាយ៉ាងហ្មត់ចត់ រួចជូនដំណឹងយ៉ាងទូលំទូលាយដល់មាមីងពុទ្ធបរិស័ទ ដើម្បីឱ្យពួកគាត់លំនឹងចិត្តជូនកូនចៅ​មកវត្តរៀនសូត្រ។ ឃើញថ្នាក់រៀនឆ្នាំណាក៏មានសិស្សកុះករអ៊ូអរ យើងខ្ញុំមានសេចក្ដីជ្រះថ្លា និងកក់ក្ដៅក្នុងចិត្តណាស់ សមដូចសុភាបូរាណលោកពោលថា “ទំពាំងស្នងឫស្សី”' ដូច្នោះ​ឯង”។

ភាពកុះករ អ៊ូអរក្រោមដំបូលថ្នាក់រៀននាដូវវិស្សមកាលនៅវត្តអង្គុលីខាងជើង គឺជាសក្ខីភាពដ៏រស់រវើកនៃដួងព្រលឹងវប្បធម៌ខ្មែរ។ រាល់តួអក្សរ និងពាក្យសម្ដីជម្រាបសួរដំបូងបង្អស់ក្រោមដំបូលវត្តដ៏ស្ងប់ស្ងាត់នាថ្ងៃនេះ នឹងក្លាយជាសម្ពាយដ៏រឹងមាំ ជួយឱ្យជំនាន់យុវជនបន្តថែរក្សា និងធ្វើឱ្យកាន់តែសម្បូរបែបថែមទៀតនូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនទៅថ្ងៃអនា​គត៕

ថាច់ធី

ចែករំលែកអត្ថបទ