ការគិតគូរដល់កុមារតំបន់ជនជាតិភាគតិច គឺជាភារកិច្ចដ៏សំខាន់ក្នុងការងារសុខុមាលភាពសង្គមរបស់ទីក្រុងកឹងធើ។ អំណរបុណ្យសែនលោកខែឆ្នាំនេះ ទីក្រុងបន្តការបញ្ជាក់ពីស្មារតីមហាសាមគ្គី ព្រួតដៃនាំមកជូនប្អូនៗនៅតាមភូមិស្រុកនូវរដូវកាលសែនលោកខែប្រកបដោយភាពសប្បាយរីករាយនិងពោពេញដោយមនោសញ្ចេតនា។



ប្អូនៗកុមារឃុំលីវទូ រីករាយទទួលបុណ្យសែនលោកខែក្នុងបរិយាកាសសប្បាយអ៊ូអរ
និងកក់ក្តៅ។
ប៉ុន្មានថ្ងៃនេះ នៅតាមភូមិភាគតំបន់ជនជាតិភាគតិចលើភូមិឋានទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពជាច្រើន ដើម្បីអំណរបុណ្យសែនលោកខែ ឆ្នាំ២០២៦យ៉ាងពុះពោរ ជាក់ស្តែង ប្រកបដោយលក្ខណៈមនុស្សធម៌ ដោយមានការព្រួតដៃពីគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការមហាជននានានិងសហគមន៍ទាំងមូល រួមចំណែកនាំមកជូនកុមារនូវរដូវបុណ្យសែនលោកខែសប្បាយរីករាយនិងមានភាពកក់ក្តៅ។
នៅឃុំលីវទូ ការងារត្រៀមបម្រុងនិងចាត់តាំងពិធីបុណ្យសែនលោកខែ ឆ្នាំ២០២៦ ជូនកុមារបានគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគផ្សព្វផ្សាយយ៉ាងផុលផុសនិងព្រមៗគ្នាតាមផែនការលេខ ១៥៨/KH-UBND ចុះនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រជាជនឃុំ អនុវត្តតាមកិច្ចចង្អុលការរបស់មន្ទីរសុខាភិបាលទីក្រុងកឹងធើ។ ចំណុចលេចធ្លោនៃខ្សែសង្វាក់សកម្មភាពគឺកម្មវិធី"រាត្រីខែពេញវង់ គោមអុជបំភ្លឺក្តីប្រាថ្នា"បានចាត់តាំងនៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំលីវទូ។ នៅទីនេះ ប្អូនៗកុមារបានចូលរួមសកម្មភាពលេងកម្សាន្តនិងឆ្លងបទពិសោធន៍ជាច្រើន ដូចជា៖ ល្បែងប្រជាប្រិយ ល្វែងទំនិញម្ហូបអាហារ ទស្សនាឈុតសម្តែងសិល្បៈ របាំហក់ម៉ុងសាយនិងចូលរួមពិធីប្រឡងធ្វើគោមប្រពៃណីពីសម្ភារៈដែលជិតស្និទ្ធនឹងបរិស្ថាន។ បរិយាកាសសប្បាយរីករាយនិងអ៊ូរអរនៃរាត្រីថ្ងៃបុណ្យបាននាំមកជូនប្អូនៗកុមារនូវរដូវបុណ្យសែនលោកខែប្រកបដោយភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ល្អៗជាច្រើន។


អំណោយបុណ្យសែនលោកខែ រួមចំណែកនាំមកក្តីសប្បាយរីករាយដល់ប្អូនៗកុមារនៅតំបន់ជនជាតិភាគតិច។
បុណ្យសែនលោកខែឆ្នាំនេះ ឃុំលីវទូបានបម្រុងអំណោយ៣០០ចំណែក មួយចំណែកៗតម្លៃ៣០០.០០០ដុង ជូនកុមារដែលមានស្ថានភាពលំបាកលើភូមិឋាន។ ក្នុងនោះ ជូននៅទីធ្លារទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ ២៥០ចំណែកអាទិភាពកុមារស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងកូនចៅមាមីងជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយាល។ ពិសេស ក្រុមការងារអញ្ជើញទៅសួរសុខទុក្ខនិងជូនផ្ទាល់ដៃ៥០ចំណែកដល់កុមារពិការកំព្រា កើតជំងឺរ៉ាំរ៉ៃ គ្មានលក្ខណៈចូលរួមរាត្រីខែពេញវង់។ សរុបថវិការអនុវត្តកម្មវិធីតាមការគ្រោងប្រមាណ១៣៥លានដុង ថវិកាទាំងនេះ បានមកពីប្រភពថវិការដ្ឋគួបផ្សំប្រភពថវិកាចលនាក្នុងសង្គមពីអង្គការ អាជីវកម្មនិងសប្បុរសជនទាំងឡាយ។
អ្នកស្រី វ៉ធីញី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ឱ្យដឹង៖ "គណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជនឃុំ តែងកំណត់ច្បាស់ការងារថែទាំ អប់រំនិងការពារកុមារជាភារកិច្ចសំខាន់ជាប្រចាំ។ ជាភូមិឋានមួយមានជនជាតិភាគតិចរស់នៅកុះករដូចជាឃុំលីវទូ ការចាត់តាំងបុណ្យសែនលោកខែបានល្អត្រឹមត្រូវ មិនត្រឹមតែបង្កើតសួនកម្សាន្តវិជ្ជមាន សុវត្ថិភាព សមភាពសម្រាប់ក្មួយៗប៉ុណ្ណោះទេ នៅទាំងជាឱកាសរឹតបន្តឹងចំណងសាមគ្គីរវាងមាមីងភូមិផងរបងជាមួយ ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ យើងខ្ញុំប្តេជ្ញាចិត្តអនុវត្តតាមគោលលំនាំមិនទុកឱ្យកុមារណាម្នាក់ដែលមានស្ថានលំបាកនៅខាងក្រោយ ដើម្បីនៅរាល់រដូវខែពេញវង់កន្លងផុតទៅ សុទ្ធតែបន្សល់ទុកនូវអនុស្សាវរីយ៍វ័យកុមារដ៏ស្រស់ស្អាត កក់ក្តៅដោយក្តីស្រឡាញ់របស់បក្សនិងរដ្ឋសម្រាប់ជនរួមជាតិ"។
ប្អូនហ្វិញចន្ទសុភា សិស្សថ្នាក់ទី៣A២ សាលាបឋមសិក្សាលីវទូ រៀបរាប់ដោយក្តីរំភើប៖ "ថ្ងៃនេះបានទួលអំណោយពីពូមីងនៅឃុំ បានដើរដង្ហែគោម មើលហក់ម៉ុងសាយ ការសម្តែងសិល្បៈនិងបាញកាំជ្រួចជាមួយមិត្តភក្តិ ប្អូនសប្បាយចិត្តខ្លាំងណាស់។ ប្អូនសន្យាថានឹងខិតខំរៀនសូត្រឱ្យបានពូកែនិងលុះក្នុងដំបូន្មាន មិនធ្វើឱ្យខកបំណងចំពោះការយកចិត្តទុកដាក់និងផ្តល់នូវក្តីស្រឡាញ់អំពីពូមីងថ្នាក់ដឹកនាំនិងលោកគ្រូអ្នកគ្រូឡើយ"។
ទន្ទឹមនឹងសកម្មភាពលេងកម្សាន្ត ការងារធានាសុវត្ថិភាពចំណីអាហារ សន្តិសុខសណ្តាប់ធ្នាក់ បង្ការទប់ស្កាត់អគ្គិភ័យនិងការត្រួតពិនិត្យប្រដាប់ក្មេងលេងដែលមានលក្ខណៈហិង្សា គ្រោះថ្នាក់ ក៏បានកងកម្លាំងនគរបាល ដំណាក់សុខាភិបាលឃុំ សហការអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពដាច់ខាតសម្រាប់កុមារនិងប្រជាជនក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ។
អំណោយពោពេញដោយអត្ថន័យទាំងនេះ រួមជាមួយការយកចិត្តទុកដាក់យ៉ាងជិតដិតពីគណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ មិនត្រឹមតែនាំមកជូនកុមារនៅតំបន់ជនជាតិភាគតិចនូវរដូវកាលបុណ្យសែនលោកខែប្រកបដោយភាពសប្បាយរីករាយនិងកក់ក្តៅប៉ុណ្ណោះទេ នៅទាំងពង្រឹងក្តីទំនុកចិត្តដ៏រឹងមាំរបស់ប្រជាជនលើគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយសុខុមាលភាពសង្គមរបស់រដ្ឋ ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅភូមិស្រុកកាន់តែស្អិតល្មួត៕
ហុងទើ-មុនី