អ.ឡ) - សាខាទី២ នៃសាលាយុវសិស្សយោធា ភាគខាងត្បូង ចំណុះយោធភូមិភាគ៩ បានដាក់ទីតាំងនៅសង្កាត់វីតឹង ទីក្រុងកឹងធើ។ រហូតមកដល់ពេលនេះ អង្គភាពបានសាងសង់សម្រេចជាង ៤០% នៃបរិមាណសំណង់ទាំងស្រុង។
នៅថ្ងៃទី២៣ ខែកញ្ញា គណៈប្រតិភូយោធភូមិភាគ៩ ដឹកនាំដោយឧត្តមសេនីយ៍ទោ ង្វៀងស្វឹងយ៉ាក់ អនុលេខាគណៈកម្មាធិការបក្ស មេបញ្ជាការយោធភូមិភាគ៩ បានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមបម្រុងបង្កើតសាខាទី២ នៃសាលាយុវសិស្សយោធា ភាគខាងត្បូងនៅទីក្រុងកឹងធើ។
លោកវរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយនៃគណៈបញ្ជាការយោធាទីក្រុងកឹងធើ; លោកវរសេនីយ៍ឯក ត្រឹងគ្វីយឿង បញ្ជាការរង នាយសេនាធិការនៃគណៈបញ្ជាការយោធាទីក្រុង ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួម។

ឧត្តមសេនីយ៍ទោ ង្វៀងស្វឹងយ៉ាក់ (ជួរមុខ ទី២ រាប់ពីខាងស្តាំ) អនុលេខាគណៈកម្មាធិការបក្ស មេបញ្ជាការយោធភូមិភាគ៩ សំណេះសំណាលជាមួយកម្មករដែលកំពុងធ្វើការនៅការដ្ឋាន។ រូបថត៖ ផាមទ្រុង
សាខាទី២ នៃសាលាយុវសិស្សយោធា ភាគខាងត្បូង ចំណុះយោធភូមិភាគ៩ បានដាក់ទីតាំងនៅទីស្នាក់ការរបស់គណៈបញ្ជាការយោធាខេត្តហូវយ៉ាង (ចាស់)។ រយៈពេលកន្លង គណៈកម្មាធិការបក្ស គណៈបញ្ជាការយោធភូមិភាគ៩ បានចង្អុលការដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អនុវត្តការកែលម្អ ជួសជុលនិងសាងសង់ថ្មីសំណង់នានា ដើម្បីត្រៀមបម្រុងពិធីបើកវគ្គសិក្សាដំបូងនៅសាខាទី២។ រហូតមកដល់ពេលនេះ អង្គភាពសាងសង់បានសម្រេចជាង ៤០% នៃបរិមាណសំណង់ទាំងស្រុង។

ឧត្តមសេនីយ៍ទោ ង្វៀងស្វឹងយ៉ាក់ (ឈរខាងស្តាំ) អនុលេខាគណៈកម្មាធិការបក្ស មេបញ្ជាការយោធភូមិភាគ៩ សំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។ រូបថត៖ ផាមទ្រុង
បន្ទាប់ពីចុះត្រួតពិនិត្យរួច ឧត្តមសេនីយ៍ទោ ង្វៀងស្វឹងយ៉ាក់ បានស្ងើចសរសើរគណៈបញ្ជាការយោធាទីក្រុង និងស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធ បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ល្បឿនដំណើរការលឿន អនុវត្តត្រឹមត្រូវតាមកិច្ចចង្អុលការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិ គណៈកម្មាធិការបក្ស គណៈបញ្ជាការយោធភូមិភាគ៩ អំពីការបង្កើតសាខាទី២ នៃសាលាយុវសិស្សយោធាភាគខាងត្បូង។

សាខាទី២ នៃសាលាយុវសិស្សយោធាភាគខាងត្បូង បានដាក់ទីតាំងនៅសង្កាត់វីតឹង ទីក្រុងកឹងធើ។ រូបថត៖ ផាមទ្រុង
មេបញ្ជាការយោធភូមិភាគ៩ បានស្នើឱ្យស្ថាប័ននិងអង្គភាពពាក់ព័ន្ធ បន្តសហការយ៉ាងជិតស្និទ្ធ និងពន្លឿនល្បឿនដំណើរការអនុវត្តសំណង់នានា ត្រូវសម្រេចឱ្យបានមុនថ្ងៃទី១០ ខែតុលា ដើម្បីឱ្យសាខាទី២ នៃសាលាយុវសិស្សយោធាភាគខាងត្បូង អាចចាប់ផ្តើមឆ្នាំសិក្សាថ្មី។ គប្បីយកចិត្តទុកដាក់ធានាលក្ខខណ្ឌសិក្សា ការរស់នៅ និងទីកន្លែងហូបចុក និងសម្រាកសម្រាប់កម្មាភិបាល គ្រូបង្រៀន សិស្ស និងកម្លាំងបម្រើការងារ; ផ្ដោតការយកចិត្តទុកដាក់រៀបចំបរិស្ថានបៃតង ជ្រះ ស្អាត ដើម្បីឱ្យសិស្សលត់ដំសុខភាពនិងកម្សាន្ត។
ស្ថាប័ននិងអង្គភាពពាក់ព័ន្ធ គប្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារជ្រើសរើសគ្រូបង្រៀន និងជ្រើសរើសសិស្ស ដើម្បីឱ្យសាខាទី២នៃសាលាយុវសិស្សយោធាភាគខាងត្បូង ក្លាយជាកន្លែងបណ្តុះបណ្តាលកូនចៅជនជាតិភាគតិច គ្រួសារគោលនយោបាយ និងគ្រួសារមានសគុណចំពោះបដិវត្តន៍ ព្រមទាំងក្មួយៗដែលមានស្ថានភាពជីវភាពលំបាកខ្លាំង។ តាមរយៈនោះ រួមចំណែកបណ្តុះបណ្តាលប្រភពធនធានមនុស្សជូនកងទ័ពនិងប្រទេសជាតិ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕
ផាមទ្រុង - ពេជ្រសឿន