26/05/2026 - 22:04

សិប្ប​ករ​ឆ្នើម​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ភ្លេង​ប្រ​ជា​ប្រិយ​របស់​ជន​ជាតិ​ 

ដោយ​ជ្រួត​ជ្រាប​នូវ​ទស្សនៈ​របស់​បក្ស និង​រដ្ឋ​អំ​ពី​ការ​ក​សាង អភិ​វឌ្ឍន៍​ខឿន​វប្ប​ធម៌​និង​កង​ជួរ​សិល្បៈ រយៈ​ពេល​កន្លង មាន​បុគ្គល​ជា​ច្រើន​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អភិ​រក្ស​បេ​តិក​ភណ្ឌ​អរូ​បី បាន​ទទួល​កិត្តិ​យស និង​គោ​រម​នាម​ដ៏​ថ្លៃ​ថ្លា។ ក្នុង​ចំ​ណោម "អ្នក​រក្សា​ព្រ​លឹង​សិល្បៈ" គំ​រូ​ទាំង​នោះ មាន​សិប្ប​ករ​ឆ្នើម​ឡឹម​ហួន - កុល​បុត្រ​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​នៃ​តំបន់​ជន​បទ​វិញ​ភឿក ទី​ក្រុង​កឹង​ធើ។

តាំង​ពី​ក្មេង​មក លោក​ឡឹម​ហួន​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ចំ​ពោះ​សិល្បៈ​សម្តែង។ នៅ​ពេល​ដែល​ភូមិ​ស្រុក​មាន​បុណ្យ​ទាន ឬ​ពេល​មាន​ក្រុម​សិល្បៈ​មក​សម្តែង លោក​តែង​តែ​មាន​វត្ត​មាន លោក​មិន​មែន​គ្រាន់​តែ​ទៅ​មើល​ល្ខោន​កម្សាន្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រៀន​សូត្រ​របៀប​របប​សិល្បៈ​ពី​ដូន​តា​ចាស់​ទុំ​ទៀត​ផង។ នៅ​ពេល​ទៅ​មើល​ល្ខោន​ត្រ​ឡប់​មក​វិញ លោក​តែង​តែ​ហាត់​ច្រៀង និង​រៀន​សម្តែង​តាម​តួ​អង្គ​ក្នុង​ក្រុម។ ចំ​ណង់​ចំ​ណូល​ចិត្ត​នោះ ដក់​ក្នុង​ខ្លួន​លោក​កាន់​តែ​ខ្លាំង​ឡើង ហើយ​ជំ​រុញ​ទឹក​ចិត្ត​ឱ្យ​លោក​ចូល​មក​កាន់​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ នៅ​អា​យុ ១៦ ឆ្នាំ លោក​បាន​សុំ​ចូល​រួម​ជា​មួយ​ក្រុម​សិល្បៈ​ខ្មែរ​ក្នុង​ភូមិ​ស្រុក ដើម្បី​បាន​ចេញ​ទៅ​សម្តែង​ជា​មួយ​លោក​ពូ​អ្នក​មីង ឱ្យ​ស្កប់​នូវ​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន។ យូរ​ៗ​ទៅ សិប្ប​ករ​ឡឹម​ហួន កាន់​តែ​មាន​អ្នក​ស្គាល់​ច្រើន​ឡើងៗ ដោយ​សារ​សំ​ឡេង​ច្រៀង​ដ៏​ពី​រោះ ដែល​កម្រ​មាន​អ្នក​ណា​ប្រៀប​ផ្ទឹម​បាន។ មិន​ត្រឹម​តែ​ចំ​ណង់​ចំ​ណូល​ចិត្ត​ក្នុង​ការ​ច្រៀង និង​សម្តែង​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ចេះ​លេង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ជា​ច្រើន​ប្រ​ភេទ​យ៉ាង​ស្ទាត់​ជំ​នាញ​ទៀត​ផង។

ចែក​រំលែក​ជា​មួយ​យើង​ខ្ញុំ សិប្ប​ករ​ឆ្នើម​ឡឹម​ហួន - សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ខ្ញុំ​ចេះ​ភ្លេង​គឺ​ដោយ​សារ​តែ​ខ្លួន​ឯង​ឧស្សាហ៍​ព្យា​យាម ឃើញ​លោក​ពូ អ្នក​មីង​លេង ខ្ញុំ​ក៏​រៀន​តាម ទើប​ចេះ​ឧប​ករណ៍​ភ្លេង​រហូត​មក​ដល់​សព្វ​ថ្ងៃ ឃើញ​គេ​លេង​គឺ​ខ្ញុំ​ត្រ​ឡប់​មក​ផ្ទះ​រៀន​តាម រួច​រៀប​ចំ​ឧប​ករណ៍​ភ្លេង​ដើម្បី​ហាត់​បន្តិច​ម្តងៗ​ក៏​ទទួល​បាន​លទ្ធ​ផល​ដែរ”។

សិប្ប​ករ​ឆ្នើម​ឡឹម​ហួន​កំ​ពុង​តែ​អង្គុយ​និពន្ធ​បទ​ភ្លេង។

ដោយ​បន្ត​វេន​ពី​តម្លៃ​សិល្បៈ​ប្រ​ជា​ប្រិយ​របស់​ជន​ជាតិ លោក​បាន​និពន្ធ​បទ​ភ្លេង រួច​បង្រៀន​បទ​ភ្លេង​ដល់​ក្មេង​ជំ​នាន់​ក្រោយ​ដែល​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ដូច​គ្នា។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ លោក​នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រក្សា​សិល្បៈ​ប្រ​ពៃ​ណី​សម្រាប់​ក្មេង​ជំ​នាន់​ក្រោយ​បន្ត​វេន។ នឹក​ឃើញ​កាល​ពី​ឆ្នាំ ១៩៩២​-១៩៩៥ នៅ​ពេល​ដែល​សិល្បៈ​ល្ខោន​យូ​កេ បាន​ទស្ស​និក​ជន​ទទួល​យក​យ៉ាង​កក់​ក្តៅ លោក​ធ្វើ​ជា​ប្រ​ធាន​ក្រុម​សិល្បៈ​ភូមិ​ស្រុក ម្ល៉ោះ​ហើយ​មាន​ឱ​កាស​លះ​បង់​អស់​ពី​ចិត្ត​ចំ​ពោះ​តម្រូវ​ការ​កម្សាន្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ជិត​ឆ្ងាយ។

រំលឹក​ឡើង​អំ​ពី​រយៈ​ពេល​ធ្វើ​សកម្ម​ភាព​សិល្បៈ សិប្ប​ករ​ឆ្នើម​ឡឹម​ហួន - សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ បាន​រៀប​រាប់​ប្រាប់​យើង​ខ្ញុំ​ថា៖ “កាល​ពី​ឆ្នាំ ១៩៩០ ខ្ញុំ​ដើរ​តាម​ក្រុម​ល្ខោន​ក្នុង​ឃុំ​យើង​កាល​ពី​មុន បន្ទាប់​មក​ក៏​បង្កើត​ក្រុម​សិល្បៈ​កុមារ​ទៀត រួច​ខ្ញុំ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​នោះ បង្កើត​បាន​ជា​ក្រុម​ល្ខោន​ចំ​នួន ២ នៅ​ភូមិ​ស្រុក”។

សម្រាប់​លោក ឡឹម​ហួន ចំ​ណង់​ចំ​ណូល​ចិត្ត​ចំ​ពោះ​សិល្បៈ​បាន​ដិត​ជាប់​ក្នុង​សាច់​ឈាម ក្នុង​បេះ​ដូង​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ។ បន្ទាប់​ពី​ក្រុម​សិល្បៈ​ភូមិ​ស្រុក​រំ​សាយ លោក​បាន​ទៅ​អញ្ជើញ​អ្នក​ដែល​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ដូច​គ្នា​ឱ្យ​មក​ជួប​ជុំ​នៅ​ផ្ទះ​របស់​លក​ ដើម្បី​បង្កើត​ជា​ក្រុម​ភ្លេង​ម​ហោ​រី​សម្តែង​បម្រើ​នៅ​ពេល​ដែល​មាន​គេ​ជួល​អញ្ជើញ។ ឃើញ​ពី​ស្មារតី​ដ៏​មុត​មាំ ក៏​ដូច​ជា​ទឹក​ចិត្ត​របស់​លោក​ចំ​ពោះ​សិល្បៈ បង​ប្អូន​ខ្លះ​ទៀត​ក៏​បាន​ដើរ​តាម​លោក​ដើម្បី​រក្សា​ក្រុម​ភ្លេង​នេះ​ឱ្យ​ស្ថិត​ស្ថេរ​រហូត​មក​ដល់​ថ្ងៃ​នេះ។ លោក ថាច់​លឿង - សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “បង​ហួន​អស់​ពី​ចិត្ត​ខ្លាំង​ណាស់ ស្រ​ឡាញ់​បង​ប្អូន​ក្នុង​ក្រុម​ភ្លេង​ដូច​ជា​បង​ប្អូន​បង្កើត​ក្នុង​ផ្ទះ​អ៊ី​ចឹង។ លោក​តែង​ចល​នា​បង​ប្អូន​ឱ្យ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​មាន​ក្រុម​ភ្លេង​បម្រើ​ក្នុង​វត្ត បម្រើ​ភូមិ​ស្រុក​ពេល​មាន​តម្រូវ​ការ។ យើង​ខ្ញុំ​និង​បង​ហួន អភិ​រក្ស​ឧប​ករណ៍​ភ្លេង​របស់​ជន​ជាតិ​បាន​យ៉ាង​ល្អ និង​ស្រ​ឡាញ់​សិល្បៈ​ខ្លាំង​ណាស់”។

សិល្បៈ​គឺ​បម្រើ​មនុស្ស​ជាតិ ដើម្បី​ឱ្យ​សិល្បៈ​ស្ថិត​ស្ថេរ​គង់​វង្ស គឺ​ចាំ​បាច់​ត្រូវ​មាន​អ្នក​ដែល​លះ​បង់​អស់​ពី​ចិត្ត។ មក​ដល់​ថ្ងៃ​នេះ ទោះ​បី​អា​យុ​ច្រើន​ហើយ​ក៏​ដោយ ប៉ុន្តែ​លោក​ឡឹម​ហួន នៅ​តែ​មិន​ខ្លាច​ការ​លំ​បាក ហត់​នឿយ ណែ​នាំ ដើម្បី​ឧទ្ទេស​នាម​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​អរូ​បី​របស់​ជន​ជាតិ​ខ្លួន ជួយ​ឱ្យ​ជំ​នាន់​បច្ចុប្បន្ន និង​អនា​គត​រក្សា​បាន​នូវ​ព្រ​លឹង​សិល្បៈ​នៃ​ចំ​ណង់​ចំ​ណូល​ចិត្ត នាំ​មក​ភាព​សប្បាយ​រីក​រាយ​ដល់​សហ​គមន៍។ ទន្ទឹម​នឹង​នោះ ក៏​ជា​ការ​ងារ​ដ៏​ចាំ​បាច់​បំ​ផុត ដើម្បី​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ខឿន​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន ពោរ​ពេញ​ដោយ​អត្ត​សញ្ញា​ណ​ជន​ជាតិ៕

ថាញ​ហ៊ុង - លី​សៀ

ចែករំលែកអត្ថបទ