24/04/2026 - 20:35

ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់​ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ ឆ្នាំ​២០២៦ 

ថ្ងៃ​ទី​២៦ ខែ​មេ​សា ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ លើក​ទី​១៣ ឆ្នាំ​២០២៦ ក្រោម​ប្រ​ធាន​បទ "សម្រស់​ចម្រុះ​គ្នា - រស​ជាតិ​ភូមិ​ភាគ​ខាង​ត្បូង" នឹង​ប្រា​រព្ធ​ឡើង​ជា​ផ្លូវ​ការ​នៅ​ទី​លាន​ប៊ិញ​ធ្វី។ ព្រឹត្តិ​ការណ៍​នេះ​​ មាន​សកម្ម​ភាព​ជា​ច្រើន ដូច៖ វប្ប​ធម៌ ជំ​រុញ​ពា​ណិជ្ជ​កម្ម តភ្ជាប់​ទេស​ចរណ៍ ព្រម​ទាំង​ឧទ្ទេស​នាម​ប្រ​ភេទ​នំ​ស្រុក​ស្រែ​ជា​ច្រើន​មុខ ដែល​ជា​ខ្លឹម​នៃ​វិស័យ​ម្ហូប​អា​ហារ​នៅ​ភូមិ​ភាគ​នី​មួយៗ។

ពង្រីក​ទ្រង់​ទ្រាយ បន្ថែម​ចំ​ណុច​លេច​ធ្លោ

ពិធី​បុណ្យ​ឆ្នាំ​នេះ​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មេ​សា ដល់​ថ្ងៃ​ទី​១ ខែ​ឧសភា នៅ​ទី​លាន​ប៊ិញ​ធ្វី ទី​ក្រុង​កឹង​ធើ ស្ថិត​ក្នុង​​ព្រឹត្តិ​ការណ៍​របស់​ទី​ក្រុង​នា​ឱកាស​បុណ្យ​សែន​ខួប​បុព្វ​ក្សត្រ​ហ៊ុង ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ៥១​ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង​ឯក​ភាព​ប្រ​ទេស​ជាតិ (៣០​/៤/​១៩៧៥​-៣០/​៤/​២០២៦) និង​ទិវា​ពល​កម្ម​អន្តរ​ជាតិ ថ្ងៃ​ទី​១ ខែ​ឧស​ភា។

ពិធី​បុណ្យ​ក៏​ជា​ព្រឹត្តិ​ការណ៍​ប្រ​ចាំ​ឆ្នាំ​របស់​ទី​ក្រុង​កឹង​ធើ សំ​ដៅ​អភិ​រក្ស និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​វៀត​ណាម​និយាយ​រួម និង​តម្លៃ​នំ​ប្រ​ពៃ​ណី​ណាម​បូ​និ​យាយ​ដោយ​ឡែក បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​អា​ជីវ​កម្ម និង​សិប្ប​ករ​ធ្វើ​នំ​បាន​ជួប​ជុំ ដោះ​ដូរ​បទ​ពិ​សោធន៍ និង​កសាង​ម៉ាក​យី​ហោ​នំ​ប្រ​ពៃ​ណី​ភូមិ​ភាគ។ ទន្ទឹម​នឹង​នោះ បង្កើន​ការ​ផ្សារ​ភ្ជាប់​រវាង​បណ្តា​ខេត្ត-ទី​ក្រុង​ក្នុង​តំ​បន់ និង​ទូ​ទាំង​ប្រ​ទេស​អំ​ពី​ការ​ជំ​រុញ​ពា​ណិជ្ជ​កម្ម ទេស​ចរណ៍ វិនិ​យោគ​អភិ​វឌ្ឍន៍​ម្ហូប​អា​ហារ និង​ផលិត​ផល​ពិ​សេស​របស់​ណាម​បូ។ ក្រោយ​ពី​ចាត់​តាំង ១២ លើក ពិ​ធី​បុណ្យ​បាន​រួម​ចំ​ណែក​បង្កើត​ម៉ាក​យី​ហោ; ស្វែង​រក លើក​តម្កើង និង​បង្ក​លក្ខណៈ​ឱ្យ​សិប្ប​ករ​ជា​ច្រើន​បាន​ពង្រីក​និង​រក្សា​មុខ​របរ​ប្រ​ពៃ​ណី។

ឆ្នាំ​២០២៦ គឺ​ជា​ឆ្នាំ​ដំ​បូង​ដែល​កឹង​ធើ​ចាត់​តាំង​ពិ​ធី​បុណ្យ​ក្រោយ​ពី​រួម​បញ្ចូល ដោយ​ទ្រង់​ទ្រាយ​បាន​ពង្រីក​ជា​មួយ​នឹង​ទិដ្ឋ​ភាព​ថ្មី។ លោក​ស្រី ង្វៀង​ធី​គីវ​យ្វៀង នា​យិ​កា​មជ្ឈ​មណ្ឌល​ជំ​រុញ​ការ​វិនិ​យោគ-ពា​ណិជ្ជ​កម្ម និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖ "ពិ​ធី​បុណ្យ​ឆ្នាំ​នេះ​ប្រ​ព្រឹត្ត​ទៅ​មាន​ចំ​ណុច​ថ្មីៗ​ជា​ច្រើន។ យើង​ខ្ញុំ​មាន​លំ​ហ​អភិ​រក្ស​នំ​ប្រ​ពៃ​ណី​ណាម​បូ សម្រាប់​ឱ្យ​សិប្ប​ករ​ធ្វើ​បង្ហាញ និង​ឧទ្ទេស​នាម​ពី​ប្រ​ភេទ​នំ​ពិ​សេសៗ​របស់​ភូមិ​ភាគ និង​បណ្តា​ជន​ជាតិ មាន​មណ្ឌល​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ និង​អា​ជីវ​កម្ម​ទេស​ចរណ៍​ចូល​រួម រួម​គ្នា​ថែ​រក្សា​បេ​តិក​ភណ្ឌ​នំ​ប្រ​ពៃ​ណី​ណាម​បូ ក៏​ដូច​ជា​តភ្ជាប់​ជើង​ទេស​ចរណ៍ ដើម្បី​ឱ្យ​ភ្ញៀវ​បាន​ឆ្លង​បទ​ពិ​សោធ​ភក់​រស​ជាតិ​នំ​ប្រ​ពៃ​ណី​ក្នុង​ដំ​ណើរ​កម្សាន្ត​នា​ឱកាស​បុណ្យ​នេះ"។

ជាក់​ស្តែង ពិ​ធី​បុណ្យ​ឆ្នាំ​នេះ​មាន​ស្តង់​ទំ​និញ​ប្រ​ហែល ៣៥០ ស្តង់ ជា​មួយ​នឹង​លំ​ហ​នា​នា​ដូច​ជា៖ មណ្ឌល​នំ​ប្រ​ពៃ​ណី មណ្ឌល​ផលិត​ផល​ពិ​សេស​ប្រ​ចាំ​តំ​បន់ មណ្ឌល​ម្ហូប​អា​ហារ លំ​ហ​អភិ​រក្ស​នំ​ប្រ​ពៃ​ណី​ណាម​បូ លំ​ហ​ផ្សព្វ​ផ្សាយ​និង​ជំ​រុញ​ទេស​ចរណ៍ មណ្ឌល​ពា​ណិជ្ជ​​កម្ម-សេ​វា​កម្ម​របស់​បណ្តា​អង្គ​ភាព​រួម​ដំ​ណើរ។

ក្នុង​នោះ លំ​ហ​អភិ​រក្ស​នំ​ប្រ​ពៃ​ណី​ណាម​បូ​នឹង​បាន​តុប​តែង​ដោយ​លក្ខណៈ​លេច​ធ្លោ​ជា​ច្រើន៖ ផ្ទះ​មួក​ស្លឹក មណ្ឌល​គ្រែ​ឫស្សី មណ្ឌល​វប្ប​ធម៌​ខ្មែរ។ នៅ​ទី​នេះ​នឹង​មាន​សកម្ម​ភាព​ឧទ្ទេស​នាម និង​សម្តែង​បង្ហាញ​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ មុខ​របរ​ធ្វើ​នំ​ក្រៀប​ធ្វឹង​ហ៊ឹង ធ្វើ​នំ​ពោង វេច​នំ​អន្សម បុក​អំ​បុក... ទន្ទឹម​នឹង​នោះ​ក៏​ចាត់​តាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ និង​សិស្សា​នុសិស្ស​បាន​ចូល​រួម​ឆ្លង​បទ​ពិ​សោធ​ធ្វើ​នំ​ប្រ​ពៃ​ណី​ផង​ដែរ។ ក្បែរ​លំ​ហ​នេះ គឺ​ជា​មណ្ឌល​លេង​ល្បែង​ប្រ​ជា​ប្រិយ​ដែល​មាន​ល្បែង​រាប់​សិប​ប្រ​ភេទ​បាន​ចាត់​តាំង​ឡើង រួម​ជា​មួយ​អ្នក​សម្រប​សម្រួល​សកម្ម​ភាព៖ លោត​រ៉េត បោះ​កំ​ប៉ុង លោត​បាវ ល្បែង​កញ្ជ្រែង ក្រង​ស្លឹក​ដូង គូរ​រូប​មួក​ស្លឹក សូន​រូប... រួម​ចំ​ណែក​បង្កើត​ទី​ធ្លា​លេង​កម្សាន្ត​យ៉ាង​អធិក​អធម​សម្រាប់​គ្រួ​សារ​ដែល​មាន​កូន​តូចៗ​ពេល​មក​ចូល​រួម​ពិ​ធី​បុណ្យ។

ឧទ្ទេស​នាម​ពី​ខ្លឹម​នៃ​ម្ហូប​អា​ហារ

ក្រៅ​ពី​ពិ​ធី​បើក​ដែល​ប្រ​ព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ២០ យប់ ថ្ងៃ​ទី​២៦ ខែ​មេ​សា និង​បាន​ផ្សាយ​ផ្ទាល់​លើ​កា​សែត វិទ្យុ​និង​ទូរ​ទស្សន៍​កឹង​ធើ នៅ​មាន​កម្ម​វិធី​សិល្បៈ​ជា​ច្រើន​ទៀត​ដែល​ប្រ​ព្រឹត្ត​ទៅ​ជា​រៀង​រាល់​រាត្រី​នៃ​ថ្ងៃ​បុណ្យ។

លោក​ង្វៀង​មិញ​ទ្វឹង នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បាន​ផ្តល់​ព័ត៌​មាន៖ "កម្ម​វិធី​សិល្បៈ​បើក​ឆាក​មាន​ប្រ​ធាន​បទ "រស​ជាតិ​ដី​មេឃ" ដែល​មាន​រយៈ​ពេល ៧០ នា​ទី រួម​មាន ២ ផ្នែក៖ ឫស​គល់​ដ៏​សក្តិ​សិទ្ធិ និង​រស​ជាតិ​ភូមិ​ភាគ​ខាង​ត្បូង"។ កម្ម​វិធី​សិល្បៈ​ស្ងើច​សរ​សើរ​ពី​សេចក្តី​ស្រ​ឡាញ់​មាតុ​ភូមិ ប្រ​ទេស​ជាតិ ស​មិទ្ធ​ផល​របស់​ទី​ក្រុង​កឹង​ធើ ចំ​ណុច​ពិ​សេសៗ​ក្នុង​វប្ប​ធម៌​ប្រ​ជា​ប្រិយ លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​វៀត​ណាម និង​នំ​ប្រ​ពៃ​ណី​ណាម​បូ។

មក​កឹង​ធើ​នា​ឱកាស​ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ឆ្លង​បទ​ពិ​សោធ​ធ្វើ​នំ​និង​ភ្លក់​រស​ជាតិ​នំ​ប្រ​ពៃ​ណី​ប្លែកៗ​ជា​ច្រើន​ប្រ​ភេទ។

ក្រៅ​ពី​នេះ នៅ​មាន​កម្ម​វិធី​សិល្បៈ និង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់ សម្តែង​តន្ត្រី​អា​គូ​ស្ទិក​តាម​ដង​ផ្លូវ តន្ត្រី​ប្រ​ពៃ​ណី ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង ១៩ ដល់ ២០ យប់ រៀង​រាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មេ​សា។

ការ​ប្រ​ឡង​ធ្វើ​នំ​ប្រ​ពៃ​ណី​ណាម​បូ ក៏​ជា​ចំ​ណុច​លេច​ធ្លោ​នៃ​ពិធី​បុណ្យ​ផង​ដែរ។ ការ​ប្រ​ឡង​មិន​ត្រឹម​តែ​បង្កើត​ទី​ធ្លា​លើក​កម្ពស់​ស្នា​ដៃ​សម្រាប់​សិប្ប​ករ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​ឱកាស​ដើម្បី​ឧទ្ទេស​នាម​ពី​ខ្លឹម​នៃ​ម្ហូប​អា​ហារ​ប្រ​ពៃ​ណី ជា​មួយ​នឹង​ប្រ​ភេទ​នំ​ដ៏​សម្បូរ​បែប​របស់​បណ្តា​ជន​ជាតិ៖ កិញ ហ្វា ខ្មែរ ចាម។ ឆ្នាំ​២០២៦ ការ​ប្រ​ឡង​មាន​អង្គ​ភាព​ចូល​រួម​ចំ​នួន ២៧ អង្គ​ភាព ជា​មួយ​នឹង​នំ​ចំ​នួន ៧៧ មុខ ប្រ​មូល​ផ្តុំ​សិប្ប​ករ​រាប់​សិប​នាក់​មក​ពី​បណ្តា​ខេត្ត-ទី​ក្រុង៖ ហ្វេ ហូ​ជី​មិញ កឹង​ធើ ឡឹម​ដុង តី​និញ អាង​យ៉ាង ដុង​ថាប វិញ​ឡុង ដុង​ណាយ...

ពិធី​បុណ្យ​នៅ​មាន​កម្ម​វិធី​លើក​តម្កើង "ហាង​ល្បី​ឈ្មោះ​នៅ​កឹង​ធើ" ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេ​សា ក្នុង​គោល​បំ​ណង​លើក​តម្កើង​អង្គ​ភាព បុគ្គល​ដែល​មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​រក្ស និង​លើក​កម្ពស់​តម្លៃ​ម្ហូប​អា​ហារ​ភូមិ​ភាគ។

មក​ដល់​ពេល​នេះ កន្លែង​ប្រា​រព្ធ​ពិ​ធី​បុណ្យ​នា​នា​បាន​រៀប​ចំ​ជិត​ស្រេច។ ការ​ងារ​ភស្តុ​ភារ សន្តិ​សុខ​សណ្តាប់​ធ្នាប់ ការ​ត្រួត​ពិ​និត្យ​អ​នា​ម័យ និង​សុ​វត្ថិ​ភាព​ចំ​ណី​អា​ហារ ការ​បង្ការ និង​ពន្លត់​អគ្គិ​ភ័យ សុទ្ធ​តែ​បាន​រៀប​ចំ​យ៉ាង​ហ្មត់​ចត់ ដើម្បី​ធា​នា​សុ​វត្ថិ​ភាព​ជូន​ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្ស​នា​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ។

កាល​វិភាគ​សកម្ម​ភាព បុណ្យ​សែន​ខួប​បុព្វ​ក្សត្រ​ហ៊ុង និង​ពិធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ ឆ្នាំ​២០២៦

* បុណ្យ​សែន​ខួប​បុព្វ​ក្សត្រ​ហ៊ុង

១. ពិធី​បុណ្យ​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេ​សា នៅ​បូជ​នីយ​ដ្ឋាន​ស្តេច​ហ៊ុង សង្កាត់​ប៊ិញ​ធ្វី។

- ពិធី​បង្ហោះ​ទង់​ជាតិ​ធំ​នៅ​ម៉ោង ៦:៣០ នា​ទី និង​ពិធី​ថ្វាយ​គ្រឿង​សក្ការ​បូជា​នៅ​ម៉ោង ៧:០០ នា​ទី ផ្សាយ​ផ្ទាល់​លើ​កា​សែត វិទ្យុ​និង​ទូរ​ទស្សន៍​កឹង​ធើ។

-ការ​សម្តែង​បង្ហាញ​និង​បង្កើត​ឯក​ទគ្គ​កម្ម "ផែន​ទី​វៀត​ណាម​ធ្វើ​ពី​បាយ​ដំ​ណើប​ខ្ទិះ​ដូង" ធំ​បំ​ផុត​នៅ​វៀត​ណាម ចាប់​ផ្តើម​នៅ​ម៉ោង ៦:៣០ នាទី។

២. តាំង​ពិ​ព័រណ៍​រូប​ភាព "ពិធី​បុណ្យ​ប្រ​ពៃ​ណី​វៀត​ណាម (បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​តំ​ណាង​របស់​មនុស្ស​ជាតិ​និង​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ជាតិ)" និង​ការ​ដាក់​តាំង​ប្រ​ធាន​បទ "ស​មុច្ច័យ​សម្លៀក​បំ​ពាក់ គ្រឿង​អលង្ការ​របស់​ប្រ​ជា​ជន​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង" ចាប់​ផ្តើម​បម្រើ​ជូន​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​មេ​សា នៅ​បូជ​នីយ​ដ្ឋាន​ស្ដេច​ហ៊ុង។

៣.ការ​ប្រ​ឡង​ស្វែង​យល់​ប្រ​វត្តិ​សាស្ត្រ​ប្រ​ពៃ​ណី​អំ​ពី​ស្តេច​ហ៊ុង ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់ ២៦ ខែ​មេ​សា នៅ​បូជ​នីយ​ដ្ឋាន​ស្ដេច​ហ៊ុង។

៤. ការ​ប្រ​ឡង​វេច ស្ងោរ និង​ដាក់​តាំង​នំ​អន្សម នំ​ជឹង នៅ​ម៉ោង ៦:៣០ នា​ទី ថ្ងៃ​ទី​២៥ ខែ​មេ​សា នៅ​បូជ​នីយ​ដ្ឋាន​ស្ដេច​ហ៊ុង។

៥. រត់​ប្រ​ណាំង​ម៉ា​រ៉ា​តុង​ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ បើក​ឆាក​នៅ​ម៉ោង ៦:០០ នា​ទី ថ្ងៃ​ទី​២៦ ខែ​មេ​សា នៅ​មណ្ឌល​សួន​ច្បារ ង៉ឹង​ធ្វឹង វិថី​ឡាក​ឡុង​ក្វឹង។

៦. សកម្ម​ភាព​កី​ឡា និង​សម្តែង​ក្បាច់​គុន នៅ​ម៉ោង ៨:០០ នា​ទី ថ្ងៃ​ទី​២៦ ខែ​មេ​សា នៅ​បូជ​នីយ​ដ្ឋាន​ស្តេច​ហ៊ុង។

៧. កម្ម​វិធី​ដោះ​ដូរ​ចម្រៀង​ដើង​កា​តាយ​ទឺ ចម្រៀង​ប្រ​ជា​ប្រិយ​ណាម​បូ នៅ​យប់​ថ្ងៃ​ទី​២៥ និង ២៦ ខែ​មេ​សា នៅ​បូជ​នីយ​ដ្ឋាន​ស្តេច​ហ៊ុង។

៨. ចែក​អា​ហារ​បួស​ឥត​គិត​ថ្លៃ​ចំ​នួន ២.០០០​ចំ​ណែក ជូន​ប្រ​ជា​ជន និង​ភ្ញៀវ​ទេស​ចរ នៅ​ថ្ងៃ​ទី​២៦ ខែ​មេ​សា នៅ​បូជ​នីយ​ដ្ឋាន​ស្តេច​ហ៊ុង។

* ពិធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ ឆ្នាំ​២០២៦ នៅ​ទី​លាន​ប៊ិញ​ធ្វី

១. ពិធី​បើក​ឆាក វេលា​ម៉ោង ២០:០០ នា​ទី ថ្ងៃ​ទី​២៦ ខែ​មេ​សា ផ្សាយ​ផ្ទាល់​លើ​កា​សែត វិទ្យុ​និង​ទូរ​ទស្សន៍​កឹង​ធើ។

២. លំ​ហ​អភិ​រក្ស​នំ​ប្រ​ពៃ​ណី​ណាម​បូ មាន​ម៉ោង​សម្តែង​បង្ហាញ និង​ឆ្លង​បទ​ពិសោធ ចាប់​ពី​ម៉ោង ៩:០០-​១១:០០ នា​ទី និង ១៤:០០​-១៦:០០ នា​ទី រៀង​រាល់​ថ្ងៃ ចាប់​ពី​ទី​២៦​ខែ​មេ​សា ដល់​ថ្ងៃ​ទី​១ ខែ​ឧស​ភា។

៣. លំ​ហ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ទី​ក្រុង និង​ភូមិ​ភាគ​នា​នា សកម្ម​ភាព​ធ្វើ​អា​ជីវ​កម្ម​ម្ហូប​អា​ហារ ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មេ​សា ដល់​ថ្ងៃ​ទី១ ខែ​ឧស​ភា។

៤. ពិ​ធី​ប្រ​ឡង​នំ​ប្រ​ពៃ​ណី​ណាម​បូ បើក​ឆាក​នៅ​ម៉ោង ៨:០០ នា​ទី ថ្ងៃ​ទី​២៧ ខែ​មេ​សា ការ​ប្រ​ឡង​ចាប់​ពី​ថ្ងៃ​ទី​២៧-២៩ ខែ​មេ​សា។

៥. សកម្ម​ភាព​កម្សាន្ត​សប្បាយ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មេ​សា ដល់​ថ្ងៃ​ទី១ ខែ​ឧស​ភា។

៦. កម្ម​វិធី​សិល្បៈ និង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់ នៅ​ម៉ោង ១៩:០០ នា​ទី ថ្ងៃ​ទី​២៧ ខែ​មេ​សា នៅ​លើ​ឆាក់​ធំ។

៧. សម្តែង​តន្ត្រី​អា​គូស្ទិក​តាម​ដង​ផ្លូវ និង​សិល្បៈ​ប្រ​ពៃ​ណី នៅ​ម៉ោង ១៩:០០ នា​ទី ថ្ងៃ​ទី​២៨ ដល់ ៣០ ខែ​មេ​សា នៅ​មណ្ឌល​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍។

៨. កម្ម​វិធី​លើក​តម្កើង​ហាង​ល្បី​ឈ្មោះ​កឹង​ធើ នៅ​ម៉ោង ១៩:០០ នា​ទី ថ្ងៃ​ទី​៣០ ខែ​មេ​សា នៅ​លើ​ឆាក​ធំ។

៩. កម្ម​វិធី​បូក​សរុប និង​បិទ​ពិ​ធី​បុណ្យ នៅ​ម៉ោង ១៩:០០ នា​ទី ថ្ងៃ​ទី១ ខែ​ឧស​ភា នៅ​លើ​ឆាក​ធំ៕

អាយ​ឡាម - សុ​ផន

ចែករំលែកអត្ថបទ