07/05/2026 - 08:11

ទី​បង្អែក​សម្រាប់​អ្នក​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ 

ជា​ច្រើន​ឆ្នាំ​មក​នេះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ទម្រង់ “សៀវ​ភៅ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន”។ តាម​រយៈ​នោះ បាន​ជួយ​ដល់​អ្នក​ក្រ មនុ​ស្ស​ចាស់​គ្មាន​ទី​ពឹង ជម្នះ​លំ​បាក លំ​នឹង​ជីវ​ភាព ពូន​ជ្រំ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

 កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​លោក​យាយ​គីម​ធី​ឡៀង។

មិន​ត្រឹម​តែ​បំ​ពេញ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​បាន​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ថែម​ទាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​និង​កម្ម​វិធី​ជា​ច្រើន មាន​ដូច៖ សាង​សង់​ផ្ទះ​មហា​សាម​គ្គី កម្ម​វិធី​ល្វែង​ទំ​និញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ ជូន​អំ​ណោយ​ដល់​អ្នក​ក្រ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន ពិ​និត្យ​ជំ​ងឺ​​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ជំងឺ​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។ល។ ពិ​សេស​គឺ ទម្រង់​“សៀវ​ភៅ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន” បាន​ដំ​ណើរ​ការ​តាម​រូប​ភាព​ស្ម័គ្រ​ចិត្ត ចីរ​ភាព​និង​រីក​សាយ​ភាយ​ទូ​លំ​ទូ​លាយ។ ជា​រៀង​រាល់​ខែ កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន បាន​ស្ម័គ្រ​ចិត្ត​ដក​ប្រាក់​បៀ​វត្សរ៍​និង​ប្រាក់​បំ​ណាច់​មួយ​ចំ​ណែក ដើម្បី​ឧបត្ថម្ភ​យាយ​តា​ចាស់ៗ​គ្មាន​ទី​ពឹង អ្នក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង ជា​មួយ​កម្រិត​ឧបត្ថម្ភ ១,៥ លាន​ដុង​ក្នុង​មួយ​ខែ។ ចាប់​ពី ឆ្នាំ ២០១៨ មក​ទល់​បច្ចុប្បន្ន សរុប​ទឹក​ប្រាក់​ឧបត្ថម្ភ​គឺ ១៨០ លាន​ដុង ជួយ​ពួក​គាត់​លំ​នឹង ជីវ​ភាព​ជា​សន្សឹមៗ។ ទម្រង់​មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ផ្នែក​ខាង​សុខុ​មាល​ភាព​សង្គម ប៉ុណ្ណោះ​ទេ ថែម​ទាំង​បញ្ជាក់​ពី​តួ​នា​ទី​ម្ចាស់​ការ ធ្វើ​សេ​នា​ធិ​ការ និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ក្នុង​ការ​ងារ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់។

លោក​យាយ គឹម​ធី​ឡៀង នៅ​ភូមិ​យុង​ណូយ ឃុំ​វិញ​ហាយ ឱ្យ​ដឹង៖ “ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​រៀង​រាល់​ខែ បាន​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ​ប្រាក់ អង្ករ សម្លៀក​បំ​ពាក់​និង​របស់​របរ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ។ ខ្ញុំ​សប្បាយ​ចិត្ត​និង​មាន​ភាព​កក់​ក្តៅ​ណាស់ ពី​ព្រោះ​រស់​នៅ​ម្នាក់​ឯង​បាន​ពូៗ​កង​ទ័ព​ជួយ​ឧបត្ថម្ភ​ដូច​កូន​បង្កើត”។ ចំ​ណែក លោក​យាយ​គឹម​សា​មី នៅ​ភូមិ​វិញ​ថាញ់ B ឱ្យ​ដឹង៖ “គ្រួ​សារ​ក្រ ខ្ញុំ​វ័យ​ចាស់​គ្មាន​កម្លាំង​ពល​កម្ម ថែម​ទាំង​ចិញ្ចឹម​ចៅៗ ៤ នាក់​និង​កូន​ម្នាក់​មាន​ជំ​ងឺ ដូច្នេះ ជីវ​ភាព​ជួប​ការ​លំ​បាក​ច្រើន។ ជា​ច្រើន​ឆ្នាំ​មក​នេះ អា​ស្រ័យ​បាន​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន សង់​ផ្ទះ​និង​ឧបត្ថម្ភ​អង្ករ មី​និង​របស់​របរ​ប្រើ​ប្រាស់​ជា​រៀង​រាល់​ខែ ទើប​គ្រួ​សារ​ខ្ញុំ​មាន​បាយ​ហូប​គ្រប់​គ្រាន់។ ក្រៅ​ពី​នោះ ពូៗ​កង​ទ័ព​នៅ​ទាំង​ជូន​សម្លៀក​បំ​ពាក់ សៀវ​ភៅ ប៊ិក​ជួយ​ឧបត្ថម្ភ​ចៅៗ​ខ្ញុំ​រៀន​សូត្រ ដូច្នេះ គុណ​បំ​ណាច​នេះ​ខ្ញុំ​ចង​ចាំ​ជា​និច្ច”។

បច្ចុប្បន្ន ទម្រង់ “សៀវ​ភៅ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន” របស់​ប៉ុស្តិ៍​ការ​ពារព្រំ​ដែន​វិញ​ហាយ ជួយ​យាយ​តា​ចាស់ៗ​គ្មាន​ទី​ពឹង ៤ នាក់ មាន​ជីវ​ភាព​គ្រួ​សារ​លំ​បាក​ខ្លាំង មាន​ទី​បង្អែក​រឹង​មាំ​ទាំង​សម្ភារៈ​និង​ស្មារតី។ អនុ​សេនីយ៍​ឯក ង្វៀង​យ្វី​ខាញ់ ស្នង​ការ​នយោ​បាយ​រង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ឱ្យ​ដឹង៖ “ទម្រង់​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​និង​វាយ​តម្លៃ​ខ្ពស់​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ពី​ព្រោះ បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង យាយ​តា​ចាស់ៗ​គ្មាន​ទី​ពឹង រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​អនុ​វត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន ក្នុង​ការ​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​ជាតិ”៕

                                          យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ