មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/05/2026 - 08:58

នារី​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ ផ្ដើម​ពី​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព 

ដោយ​ភាព​ឆ្លាត​វៃ​និង​ស្មារតី​ចង់​ចេះ​ចង់​ដឹង សមា​ជិកា​សមា​គម​នារី​ជា​ច្រើន​រូប បាន​ខិត​ខំ​បង្វែរ​រចនា សម្ព័ន្ធ​ដំ​ណាំ​និង​បង្កើត​ទម្រង់​ផលិត​កសិ​កម្ម​ផ្ដល់​ប្រ​សិទ្ធ​ភាព​ខ្ពស់។ បណ្តា​ទម្រង់​ទាំង​នេះ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​បង្កើន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​មាន​ដោយ​ចីរ​ភាព។

  ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ​របស់​គ្រួ​សារ​បង​ស្រី​ធី​ឡាញ់​នៅ​ភូមិ​វិញ​ហ្វា២ ឃុំ​ប៊ិញ​អាង ខេត្ត​អាង​យ៉ាង។

នៅ​ភូមិ​វិញ​ហ្វា២ ឃុំ​ប៊ិញ​អាង ខេត្ត​អាង​យ៉ាង គ្រួ​សារ​បង​ស្រី​ធី​ឡាញ់ បាន​សម្រេច​ចិត្ត​បង្វែរ​មុខ​របរ​ដាំ​ដុះ​លើ​ផ្ទៃ​ដី​ជាង ៦ កុង មក​អនុ​វត្ត​ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ​ចម្រុះ​ជា​ច្រើន​ប្រ​ភេទ ដូច​ជា៖ ផ្លែ​ទឹក​ដោះ ក្រូច​ថ្លុង ត្រ​បែក​ ខ្នុរ... ជា​ដើម។ តាម​បង​ស្រី​ឱ្យ​ដឹង ការ​ដាំ​ដំ​ណាំ​ចម្រុះ នេះ​ជួយ​ទាញ​យក​ផល​ជា​អតិ​បរមា​ពី​ផ្ទៃ​ដី ព្រម​ទាំង​បន្ថយ​ហា​និភ័យ​ពី​ការ​ប្រែ​ប្រួល​ទី​ផ្សារ​និង​អា​កាស​ធាតុ។

ចំ​ពោះ​ផ្នែក​បច្ចេក​ទេស បង​ស្រី​ឡាញ់ យក​ចិត្ត​ទុក​ដាក់​លើ​ដំ​ណាក់​កាល​រៀប​ចំ​ដី លើក​រង​ឱ្យ​ខ្ពស់​ដើម្បី​ធា​នា​ការ​បង្ហូរ​ទឹក​បាន​ល្អ ពិ​សេស​ក្នុង​រដូវ​វស្សា។ កូន​ឈើ​ដែល​ដាំ ត្រូវ​បែង​តាម​ចន្លោះ​ឱ្យ​សម​ស្រប ដោយ​ដាំ​ដើម​ខ្ពស់​លាយ​ជា​មួយ​ដើម​ទាប​ដើម្បី​ស្រូប​យក​ពន្លឺ​ព្រះ​អា​ទិត្យ។ អា​ស្រ័យ​អនុ​វត្ត​បច្ចេក​ទេស​បាន​ត្រឹម​ត្រូវ​និង​ការ​ថែ​ទាំ​សម​ស្រប ចម្ការ​ឈើ​ហូប​ផ្លែ​របស់​បង​ស្រី​លូត​លាស់​ល្អ​និង​ផ្តល់​ផល​ពេញ​មួយ​ឆ្នាំ ដោយ​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​លំ​នឹង​ពី ៤០០​.០០០ ដល់ ៥០០​.០០០ ដុង​ក្នុង​មួយ​ថ្ងៃ។ បង​ស្រី​ឡាញ់ ចែក​រំ​លែក៖ “ដំ​បូង ជួប​លំ​បាក​ច្រើន​ដែរ ដោយ​សារ​មិន​ទាន់​មាន​បទ​ពិ​សោធន៍ ប៉ុន្តែ​តាម​រយៈ​ការ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ នាង​ខ្ញុំ​ក៏​យល់​ដឹង​ពី​បច្ចេក​ទេស ហើយ​ចាប់​ពី​ពេល​នោះ​មក​ក៏​ហ៊ាន​វិនិ​យោគ។ ទម្រង់​នេះ​បាន​ជួយ​ឱ្យ​គ្រួ​សារ នាង​ខ្ញុំ​មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង ហើយ​ជីវ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។

ទន្ទឹម​នឹង​នោះ នៅ​ភូមិ​បើ​ដឹប ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ ទម្រង់​ដាំ​ឈូក​យក​ផ្កា​របស់​បង​ស្រី​ត្រា​ធី​កឹម​ឡង​បាន​រក្សា​និង​អភិ​វឌ្ឍ​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​ហើយ។ ជា​មួយ​នឹង​ផ្ទៃ​ដី​ជាង ១ ហិក​តា បង​ស្រី​ឡង បាន​ឆ្លៀត​ប្រើ​ប្រាស់​ផ្ទៃ​ដី​ទំ​នាប​ដើម្បី​ដាំ​ផ្កា​ឈូក។

តាម​បង​ស្រី​ឡង​ឱ្យ​ដឹង បច្ចេក​ទេស​ដាំ​ឈូក​មិន​សូវ​ពិ​បាក​ប៉ុន្មាន​ទេ ប៉ុន្តែ​ទាម​ទារ​នូវ​ភាព​ហ្មត់​ចត់។ ដី​ដាំ​ត្រូវ​កែ​ប្រែ​ឱ្យ​បាន​ល្អ និង​រក្សា​កម្រិត​ទឹក​ឱ្យ​លំ​នឹង។ ក្រោយ​ពេល​ដាំ​បាន​ប្រ​ហែល​២​ខែ ឈូក​ចាប់​ផ្តើម​ប្រ​មូល​ផល។ ប្រ​មូល​ផល​បាន​ប្រ​ហែល ៣០០ ផ្កា/​លើក ផ្តល់​ចំ​ណូល​ប្រ​មាណ ១ លាន​ដុង ហើយ​ការ​ប្រ​មូល​ផល​គឺ​ចន្លោះ ៣ ថ្ងៃ​ម្តង ជួយ​ឱ្យ​គ្រួ​សារ​បង​ស្រី​មាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ។ បង​ស្រី​ឡង រីក​រាយ​ឱ្យ​ដឹង៖ “ដាំ​ឈូក​ទោះ​បី​មិន​ហត់​នឿយ​ដូច​ដំ​ណាំ​ដ​ទៃ​ក៏​ពិត​មែន ប៉ុន្តែ​ត្រូវ​ការ​ឧស្សាហ៍​ព្យា​យាម។ អា​ស្រ័យ​ផ្សារ​ភ្ជាប់​យូរ​អង្វែង នាង​ខ្ញុំ​សន្សំ​សំ​ចៃ​បាន​បទ​ពិ​សោធន៍ និង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង”។

តាម​បង​ស្រី​ទ្រិញ​ធី​ធូ​ទឺ ប្រ​ធាន​សមាគម​នារី​ឃុំ​តាយ​វ៉ាំង បាន​ឱ្យ​ដឹង នា​ពេល​កន្លង សមា​គម​តែង​សកម្ម​ក្នុង​ការ​ជំ​នួយ​ដល់​សមា​ជិកា​បង្ខិត​ជិត​នឹង​វិទ្យា​សាស្ត្រ បច្ចេក​ទេស ប្រ​ភព​ទុន​និង​កសាង​ទម្រង់​បង្ក​បង្កើន​ផល​ឱ្យ​បាន​សម​ស្រប។ បណ្តា​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ទាំង​នេះ បង្កើត​ឡើង​មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ការ​គិត​ក្នុង​ការ​ផលិត​របស់​សមា​ជិ​កា​ទៀត​ផង។ រយៈ​ពេល​ខាង​មុខ សមា​គម​នឹង​បន្ត​ពង្រីក​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ទាំង​នេះ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ឱ្យ​បង​ប្អូន​នា​រី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចីរ​ភាព៕

                                      ហុង​ទើ-ដា​លីន

ចែករំលែកអត្ថបទ