25/04/2026 - 20:00

យុវ​ជន​ជក់​ចិត្ត​នឹង​សិល្បៈ​សូន​រូប 

ផ្សារ​ភ្ជាប់​នឹង​សិល្បៈ​គំ​នូរ​និង​ចម្លាក់​ប្រ​ពៃ​ណី​តាំង​ពី​នៅ​សាង​ផ្នួស​មក​ម៉្លេះ បង​ស៊ើង​ប៊ិញ​ឌិញ នៅ​ឃុំ​យ៉ា​ហ្វា ទី​ក្រុង​កឹង​ធើ បច្ចុប្បន្ន គឺ​ជា​សិប្ប​ករ​វ័យ​ក្មេង​ម្នាក់​ក្នុង​ចំ​ណោម​សិប្ប​ករ​កំ​ពុង​បង្ហាត់​បង្រៀន​សិល្បៈ​ចម្លាក់​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ក្នុង​ជីវ​ភាព​សម័យ​ទំ​នើប។

បង​ស៊ើង​ប៊ិញ​ឌិញ កំ​ពុង​សូន​រូប​ចម្លាក់។

បង​ស៊ើង​ប៊ិញ​ឌិញ ធ្លាប់​បួស​រៀន​នៅ​វត្ត​ព្រែក​តា​គួន ឃុំ​យ៉ា​ហ្វា ដូច្នេះ គាត់​ក៏​បាន​យល់​ពី​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាស​នា វិ​សេស​គឺ​ជក់​ចិត្ត​នឹង​សិល្បៈ​សូន​រូប។ ផ្តើម​ពី​ការ​ជក់​ចិត្ត​ដិត​អា​រម្មណ៍​នោះ បាន​ជំ​រុញ​ឱ្យ​គាត់​ខិត​ខំ​ស្រាវ​ជ្រាវ​និង​រៀន​សូត្រ​នៅ​ច្រើន​កន្លែង​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត ក្រៅ​ពី​សិក្សា​របរ​ចម្លាក់​និង​គំ​នូរ​ជា​ច្រើន​ឆ្នាំ ក៏​មាន​បទ​សោធន៍​ច្រើន​អំ​ពី​សិល្បៈ​សូន​រូប ក្រោយ​ពី​លា​ចាក​សិក្ខា​បទ គាត់​ក៏​បាន​ចាប់​យក​អា​ជីព​នេះ​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ។ បង​ស៊ើង​ប៊ិញ​ឌិញ ឱ្យ​ដឹង៖ ”ដោយ​មាន​និស្ស័យ​នឹង​ពុទ្ធ​សាស​នា ទើប​ខ្ញុំ​សម្រេច​ចិត្ត​ទៅ​សាង​ផ្នួស បាន​ឪ​ពុក​ម្តាយ​នាំ​ចូល​វត្ត​បួស​រៀន ពេល​បួស​សង្កេត​ឃើញ​គ្រួ​សារ​គ្មាន​លទ្ធ​ភាព​ចិញ្ចឹម​ឱ្យ​រៀន​សូត្រ​បាន​ខ្ពង់​ខ្ពស់ ពេល​នោះ​ខ្ញុំ​គិត​ថា ក្រោយៗ​មក​នៅ​តាម​វត្ត​ត្រូវ​ការ​ជាង​ចម្លាក់។ ផ្តើម​ពី​នោះ ខ្ញុំ​សម្រេច​ចិត្ត​ទៅ​សិក្សា​ផ្នែក​ខាង​សិល្បៈ​សូន​រូប​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ដំ​បូង​គឺ​ស្វ័យ​សិក្សា​នៅ​ក្នុង​វត្ត រៀន​គូរ​ក្បាច់​ដែល​មាន​ស្រាប់ មិន​ទាន់​បាន​ឆ្លង​កាត់​សា​លា​ណា​មួយ​ឡើយ។ ក្រោយ​ពី​ទទួល​បាន​សិក្សា​ពី​សិប្ប​ករ​រៀម​ច្បង ញ៉ាំង​ឱ្យ​ចិត្ត​ខ្ញុំ​រឹត​តែ​ស្រ​ឡាញ់​របរ​នេះ បន្ទាប់​មក​ក៏​សម្រេច​ចិត្ត​ទៅ​រក​គ្រូ​ដើម្បី​សិក្សា។ ដំ​បូង​ទៅ​សិក្សា​ជា​មួយ​គ្រូ​នៅ​ខេត្ត​បាក​លីវ(ចាស់) បន្ទាប់​ទៀត​សិក្សា​ពី​គ្រូ​នៅ​ខេត្ត​សុក​ត្រាំង (ចាស់) បន្ថែម​មួយ​រយៈ ទើប​ចេញ​ប្រ​កប​មុខ​របរ”។

ជា​មួយ​ថ្វី​ដៃ​គំ​នូរ​ក្បូរ​ក្បាច់​ដ៏​ប្រ​ណីត បង​ស៊ើង​ប៊ិញ​ឌិញ តែង​បាន​វត្ត​នា​នា​នៅ​ក្នុង​ទី​ក្រុង​កឹង​ធើ​អញ្ជើញ​ទៅ​គូរ​ក្បាច់​រចនា​លើ​រាង​ទូក ង។ ចំ​ពោះ​បង​ឌិញ ដើម្បី​បង្កើត​បាន​ផលិត​ផល​ស្រស់​ស្អាត​និង​មាន​គុណ​ភាព ពេល​គូរ​ម្តងៗ​វិចិត្រ​ករ​ត្រូវ​ប្រិត​ប្រៀន​និង​អនុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លំ​ដាប់​លំ​ដោយ​នៃ​ជំ​ហាន​នី​មួយៗ។ បង​ស៊ើង​ប៊ិញ​ឌិញ ឱ្យ​ដឹង​បន្ថែម៖ ”ដើម្បី​គូរ​ក្បាច់​រចនា​លើ​រាង​ទូក ង​សម្រេច​រួច​រាល់ គឺ​ត្រូវ​ឆ្លង​កាត់​ពី​៤​ទៅ​៥​ជំ​ហាន ដំ​បូង​គឺ​ត្រូវ​គូរ​ព្រាង​ដោយ​ដីស បន្ទាប់​មក​រំលេច​ពណ៌​ឱ្យ​សម​ស្រប​និង​ស្រស់​ស្អាត”។

មិន​ត្រឹម​តែ​ពូ​កែ​ខាង​គូរ​ក្បាច់​រច​នា​ប៉ុណ្ណោះ​ទេ បង​ឌិញ​ក៏​មាន​ថ្វី​ដៃ​ខាង​ចម្លាក់​ស៊ី​ម៉ងត៍​ផង​ដែរ គាត់​ក៏​បាន​បង្កើត​មូល​ដ្ឋាន​ចម្លាក់​នៅ​នឹង​ផ្ទះ​របស់​ខ្លួន គាត់​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ប្រ​កប​របរ​នេះ​មក គាត់​ធ្វើ​បាន​ផលិត​ផល​ជា​ច្រើន​មាន​ដូច​៖ រាន​ទេវ​តា ចេ​តិយ​និង​ពុទ្ធ​រូប​ខ្នាត​តូច​ធំ​ដើម្បី​លក់​ឱ្យ​ភ្ញៀវ​ជិត​ឆ្ងាយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ថ្វី​ដៃ​របស់​គាត់​បាន​គេ​ដឹង​ស្គាល់​មក​ដាក់​ទិញ​កាន់​តែ​ច្រើន ជួយ​ឱ្យ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​ពី​របរ​នេះ។ មិន​ត្រឹម​តែ​ដូច្នោះ ចំ​ពោះ​អ្នក​ដែល​មាន​ចំ​ណូល​ចិត្ត​ចង់​រៀន គាត់​ក៏​ទទួល​បង្ហាត់​បង្រៀន​ដោយ​អស់​ពី​ចិត្ត។ ក្នុង​នោះ មាន​បង​ថាច់​តុង​ដែល​បាន​មក​រៀន​របរ​ពី​បង​ឌិញ​អស់​រយៈ​កាល​ជាង​៣​ឆ្នាំ មក​ទល់​ពេល​នេះ បង​តុង​ក៏​មាន​ថ្វី​ដៃ​គ្រាន់​បើ ជួយ​បង​ឌិញ​សម្រេច​បាន​ផលិត​ផល​ជា​ច្រើន។ បង​តុង នៅ​ឃុំ​យ៉ា​ហ្វា ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ”ដោយ​ឃើញ​គាត់​មាន​ទេព​កោ​សល្យ​ផ្នែក​ខាង​សិល្បៈ​សូន​រូប អាច​ច្នៃ​បាន​រូប​ច្រើន​បែប ទើប​ខ្ញុំ​មក​សុំ​រៀន។ ចំ​ពោះ​បង​ឌិញ អ្វី​ដែល​យើង​មិន​ចេះ គាត់​នឹង​ណែ​នាំ​បន្ថែម អ្វី​ដែល​យើង​ចេះ គាត់​ទុក​ឱ្យ​យើង​ធ្វើ បើ​ខ្វះ​ចន្លោះ គាត់​នឹង​បង្ហាញ​ភ្លាម បង​ឌិញ​មិន​ដែល​ស្តី​បន្ទោស​អ្នក​ណា​ឡើយ គាត់​ស្រ​ឡញ់​បង​ប្អូន​រៀន​របរ​ខ្លាំង​ណាស់”។

នៅ​តាម​ភូមិ​ស្រុក​នា​បច្ចុប្បន្ន មាន​សិប្ប​ករ​វ័យ​ក្មេង​ដែល​មាន​ទេព​កោ​សល្យ​ជា​ច្រើន ដូច្នេះ ការ​រចនា​ក្បូរ​ក្បាច់​ទូក ង វត្ត​អា​រាម​កាន់​តែ​មាន​សោ​ភណ​ភាព​ស្រស់​ស្អាត​ជា​និច្ច។ ជាក់​ស្តែង​ដូច​ជា​សិប្ប​ករ​វ័យ​ស៊ើង​ប៊ិញ​ឌិញ បាន​និង​កំ​ពុង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ៕

ថាញ​ហ៊ុង-មុនី

ចែករំលែកអត្ថបទ