ពេលផុតរដូវភ្លៀង អាកាសធាតុឈានចូលរដូវប្រាំង នេះក៏ជាពេលដែលជនរួមជាតិខ្មែរនៅឃុំទ្រីតូង ខេត្តអាងយ៉ាង ចូលដល់រដូវរម្ងាស់ស្ករត្នោត។ ចូលទៅជ្រៅកណ្តាលចម្ការត្នោត ឃើញផ្សែងហ៊ុយៗតាំងពីពេលព្រឹករហូតដល់រសៀល ជាសញ្ញាប្រាប់ថា រដូវធើ្វស្ករត្នោតបានចាប់ផ្តើម។

បងស្រីនាងមាន កំពុងរម្ងាស់ស្ករត្នោត។
គ្រួសារបងចៅហននិងបងស្រីនាងមាន នៅភូមិតាឡែ ឃុំទ្រីតូង បានប្រកបរបររម្ងាស់ស្ករត្នោតរយៈពេលជាង ១០ ឆ្នាំមកហើយ។ រៀងរាល់ថ្ងៃ ការងារចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់ម៉ោង ៥ រសៀល ទើបរម្ងាស់បានស្ករត្នោតមួយខ្ទះ។ ដើម្បីមានវត្ថុធាតុដើម បងហនត្រូវឡើងដើមត្នោតខ្ពស់ត្រដែត។ បងកាត់ផ្កាគាបយកទឹក បន្ទាប់ពីយកទឹកពីដើមត្នោតបានមកត្រូវចម្រាញ់ស្អាត រួចទើបរម្ងាស់ឱ្យខាប់ស្អិត។ ក្នុងមួយថ្ងៃគ្រួសារគាត់រម្ងាស់ស្ករត្នោតបានពី ១០ - ១៤ គីឡូក្រាម លក់ក្នុងតម្លៃ ៤០.០០០ ដុងក្នុងមួយគីឡូក្រាម ប្រាក់ចំណូលមិនខ្ពស់មែនពិត ប៉ុន្តែលំនឹងក្នុងរយៈពេលនៃរដូវធ្វើស្ករ។
តាមបទពិសោធន៍ ទឹកត្នោតប្រមាណពី ៨-១០ លីត្រ រម្ងាស់បានស្ករ ១ គីឡូក្រាម។ ប្រសិនបើដើមមានទឹកល្អ នោះគឺស្ករក្រអូប ផ្អែមឆ្ងាញ់និងមានពណ៌ស្អាត។ ផ្ទុយទៅវិញ ប្រសិនបើទឹកតិច ឬក៏គុណភាពមិនល្អ នោះគឺគ្រាន់តែរម្ងាស់បានស្កររាវតែប៉ុណ្ណោះ។ ប្រការសំខាន់បំផុតគឺទឹកត្នោត ត្រូវបានរម្ងាស់ក្នុងថ្ងៃ ប្រសិនបើទុកយូរទឹកត្នោត នឹងជូរ ប៉ះពាល់ដល់គុណភាពស្ករ។
បច្ចុប្បន្ន ទូទាំងឃុំទ្រីតូងមានប្រជាជនផលិតស្ករត្នោត ៣៧ គ្រួសារ។ របរធ្វើស្ករមិនបានប្រព្រឹត្តទៅជុំប្រាំងវស្សាទេ។ ពេលរដូវភ្លៀង ការឡើងដើមត្នោតនឹងមានភាពគ្រោះថ្នាក់។ បរិមាណនៃទឹកត្នោតក៏ថយចុះផងដែរ។ អាស្រ័យហេតុនោះ ប្រជាជនត្រូវផ្អាកការផលិត។
ដើម្បីដោះស្រាយបញ្ហាលក់ដូរ ក្រុមហ៊ុន Palmania បច្ចុប្បន្នមានតួនាទីទទួលបន្ទុកទំនាក់ទំនង។ អង្គភាពនេះ បានជួយប្រមូលទិញផលិតផលរបស់គ្រួសារប្រជាជនទាំងនេះ។ អាស្រ័យហេតុនោះ ច្រកចេញរបស់ស្ករត្នោត បានធានាល្អប្រសើរ។ ប្រជាជនស្ងប់អារម្មណ៍រក្សារបរប្រពៃណី។
ទន្ទឹមនឹងនោះ រដ្ឋអំណាចភូមិភាគថែមទាំងផ្សព្វផ្សាយពីគោលនយោបាយឧបត្ថម្ភជាច្រើនដល់គ្រួសារទាំងឡាយដែលផលិតស្ករត្នោត ដូច៖ ជំនួយឆ្នាំង ចង្ក្រាននិងម៉ាស៊ីនកូរស្ករ។ រៀបរាប់អំពីទិសដៅអភិវឌ្ឍដោយចីរភាព បងស្រីផាមធីកេវហ្វាន់ ប្រធានការិយាល័យវប្បធម៌ – សង្គមឃុំទ្រីតូង ឱ្យដឹង៖ ភូមិភាគកំពុងផ្គួបបញ្ចូលរបរប្រពៃណីជាមួយ សកម្មភាពទេសចរណ៍ឆ្លងបទពិសោធន៍ ដោយភ្ញៀវទេសចរអាចចូលរួមរម្ងាស់ស្ករត្នោតដោយផ្ទាល់។ ពួកគាត់នឹងបានកូរឆ្នាំងស្ករតូចៗដោយខ្លួនឯង និងយកផលិតផលទៅធ្វើជាអំណោយ មិនចាំបាច់យកស្ករទៅលក់ដូចមុនទៀត។ នេះជាទិសដៅថ្មីជួយបង្កើនតម្លៃផលិតផល និងផ្សព្វផ្សាយពីវប្បធម៌ភូមិភាគផង។
ទោះបីបច្ចេកវិជ្ជារីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃពិតមែន ប៉ុន្តែប្រជាជនខ្មែរនៅឃុំទ្រីតូង នៅតែរក្សាវិធីរម្ងាស់ស្ករត្នោតតាមបែបប្រពៃណីដដែល។ ស្ករដែលផលិតបានមួយលើកៗ មិនត្រឹមតែជួយប្រជាជនរកបានប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សរបរប្រពៃណីទៀតផង។ ឆ្នាំ ២០២៤ របរផលិតស្ករត្នោតរបស់ប្រជាជន ខ្មែរបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ៕
វឌ្ឍា - លីសៀ