ចូលរួមគាំទ្រកម្មវិធី “ព្រួតដៃលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើវិសាលភាពទូទាំងប្រទេសក្នុងឆ្នាំ២០២៥” ដែលក្រសួងនគរបាលបំផុសចលនា នគរបាលខេត្តកាម៉ាវ បានកៀរគរប្រភពទុនដើម្បីសាងសង់និងប្រគល់ផ្ទះរាប់រយខ្នងជូនអ្នកក្រ ដែលជួបលំបាកខាងលំនៅឋាន។

នគរបាលខេត្តកាម៉ាវ ប្រគល់ថវិកាសាងសង់ផ្ទះជូនអ្នកក្រ។
នគរបាលខេត្តកាម៉ាវ ផ្តោតការយកចិត្តទុកដាក់អនុវត្តល្អនូវការងារសុខុមាលភាពសង្គម លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិសាស្ត្រខេត្ត។ ឆ្លងតាមរយៈនោះ ក្នុងរយៈពេល៦ ខែដើមឆ្នាំ នគរបាលខេត្ត បានសាងសង់និងប្រគល់ផ្ទះជាង៧០០ខ្នង គិតជាតម្លៃទឹកប្រាក់សរុបជាង៤២ពាន់លានដុង។ ពេលផ្ទះនីមួយៗបានសាងសង់សម្រេច ជួយឱ្យអ្នកក្រសម្រេចក្តីស្រមៃ និងជំរុញកម្លាំងបន្ថែមដើម្បីពួកគាត់ជឿជាក់លើខ្លួនឯង ឈានឡើងក្នុងជីវភាព។
មានផ្ទះសម្បែងរស់នៅសមរម្យ គឺជាក្តីសប្បាយរីករាយ សុភមង្គលសម្រាប់អ្នកក្រ ហើយនោះក៏ជាកម្លាំងជំរុញដើម្បីពួកគាត់ស្ងប់អារម្មណ៍ពលកម្មផលិត ឈានឡើងក្នុងជីវភាព។ បងស្រីសើុងធីថាញ នៅឃុំភឿកឡុង ខេត្តកាម៉ាវ ឱ្យដឹង៖ “កាលពីមុន ពេលភ្លៀងធំគឺម្តាយកូនខ្ញុំនាំគ្នាទៅផ្ទះជីដូន ពីព្រោះផ្ទះលេច ហើយប្រឈមនឹងការរលំ។ ពេលរដ្ឋឧបត្ថម្ភប្រាក់សង់ផ្ទះនិងឱ្យសម្ភារៈប្រើប្រាស់ក្នុងគ្រួសារ ខ្ញុំត្រេកអរ សុភមង្គលណាស់។ បងៗនគរបាលថែមទាំងមកជួយសង់ ម្ល៉ោះហើយផ្ទះស្អាត តិចបង់ខាត។ មានផ្ទះនៅត្រឹមត្រូវ គឺខ្ញុំកាន់តែមានកម្លាំងចិត្តបន្ថែម ដើម្បីពលកម្មផលិត រកប្រាក់សម្រាប់គិតអានជីវភាពបានល្អប្រសើរ”។

នគរបាលខេត្តកាម៉ាវ ប្រគល់ផ្ទះជូនអ្នកក្រ។
ចំណែកអ្នកមីងថាច់ធីថាន នៅឃុំហ៊ឹងហោយ ក៏រំភើបរីករាយ ពេលបានរដ្ឋអំណាចមកប្រគល់ផ្ទះ។ មីងថាន ឱ្យដឹង៖ “ អាស្រ័យរដ្ឋមានគោលនយោបាយសង់ផ្ទះឱ្យអ្នកក្រ ទើបខ្ញុំមានផ្ទះស្អាតនៅ។ ផ្ទះសង់តម្លៃជាង១៥០ លានដុង ក្នុងនោះ រដ្ឋជួយ៦០លាន ក្រៅពីនោះ គឺពូៗនគរបាលចលនាសប្បុរសជនរួមវិភាគទានសាងសង់។ ប្រសិនបើគ្មានការជំនួយរបស់រដ្ឋ សប្បុរសជននិងនគរបាលជួយទេនោះ គឺមួយជីវិតខ្ញុំគ្មានសង្ឃឹមថា មានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅឡើយ ម្ល៉ោះហើយខ្ញុំមិនបំភ្លេចគុណទេ”។
ក្រៅពីនេះ នគរបាលខេត្តកាម៉ាវ ថែមទាំងសង់ថ្មី ជួសជុលនិងប្រគល់ផ្ទះឧបការគុណចំនួន ៧ ខ្នង និងជូនអំណោយប្រមាណ៨០០ ចំណែក គិតជាតម្លៃទឹកប្រាក់ជាង៧០០ លានដុង ជូនគ្រួសារគោលនយោបាយនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីទៀតផង។ ថ្មីៗនេះ នគរបាលខេត្តបានប្រគល់ថវិកាជំនួយសាងសង់ផ្ទះ២៩ខ្នង ជូនអតីតយុទ្ធជនពិការក្រីក្រ ផ្ទះមួយខ្នងៗគិតជាតម្លៃទឹកប្រាក់១០០ លានដុង។ នគរបាលខេត្ត បានរួមចំណែកអនុវត្តល្អនូវគោលនយោបាយសុខុមាលភាពសង្គម ធានាជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរទាំងសម្ភារៈនិងស្មារតី; កសាងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពនិងប្រជាជនរឹងមាំពីមួយថ្ងៃកាន់តែស្អិតល្មួត៕
យ្វីអាញ-ប្រែសម្រួល៖ លីសៀ