ជាច្រើនឆ្នាំមកនេះ រដ្ឋអំណាចឃុំទ្រឿងខាញ់ ទីក្រុងកឹងធើ បានអនុវត្តនូវគោលនយោបាយជាក់ស្តែងជាច្រើន ជួយដល់ជីវភាពជនជាតិភាគតិចកែលម្អដោយឥតឈប់ឈរ។ សេដ្ឋកិច្ចកាន់តែមានភាពលំនឹង ជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងបានលើកស្ទួយយ៉ាងច្បាស់ ឆ្លងតាមរយៈនោះ បានរួមចំណែកពង្រឹងផែនមហាសាមគ្គីជនជាតិ។

ប្រជាជននៅភូមិទ្រឿងថ ឃុំទ្រឿងខាញ់ ទីក្រុងកឹងធើ ទទួលបានការឧបត្ថម្ភសាងសង់លំនៅឋាន។
ជាភូមិភាគមានជនរួមជាតិខ្មែរប្រមាណ ៣០% ឃុំទ្រឿងខាញ់ បានផ្សព្វផ្សាយ អនុវត្តគោលនយោបាយជនជាតិមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពជីវភាពប្រជាជន។ អស់រយៈពេលជិត ៤ ឆ្នាំ អនុវត្តកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលទី ១ (២០២១ - ២០២៥) បានបែងចែកប្រភពទុនជាង ៣,៨ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមមានជាង ៣,៦ ពាន់លានដុង ចំណែកក្រៅពីនោះគឺថវិការបស់ភូមិភាគ។
ក្នុងនោះ គម្រោងឧបត្ថម្ភលំនៅឋាន ឃុំបានសាងសង់និងជួសជុលផ្ទះជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រចំនួន ៥១ ខ្នង ជួយគ្រួសារជាច្រើនមានផ្ទះសម្បែងស្រួលបួលនិងកែលម្អជីវភាព។ ស្នងបន្តលទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំ ២០២៥ ឃុំទ្រឿងខាញ់បន្តគួបផ្សំផ្សព្វផ្សាយអនុវត្តកម្មវិធី “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” តាមការបំផុសចលនារបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ឆ្លងតាមរយៈការត្រួតពិនិត្យ មានផ្ទះចំនួន ១៦៩ ខ្នង ក្នុងនោះ បានប្រគល់ជូនគ្រួសារក្រីក្រ ៥០ គ្រួសារ គ្រួសារក្បែរក្រ ៩៣ គ្រួសារ គ្រួសារមានសគុណបដិវត្តន៍ ១៣ គ្រួសារ និងគ្រួសារជនជាតិភាគតិច ១៣ គ្រួសារ។ មកដល់បច្ចុប្បន្ន ផ្ទះទាំងអស់នេះត្រូវបានសាងសង់រួចរាល់ សរុបថវិកាជាង ៨ ពាន់លានដុង។
លោកឡឹមអិច ប្រជាជននៅភូមិទ្រឿងថ ឱ្យដឹងដោយក្ដីរំភើប៖ “កាលពីមុន គ្រួសារខ្ញុំរស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម រដូវវស្សាលំបាកខ្លាំងណាស់។ អាស្រ័យបានរដ្ឋអំណាចឧបត្ថម្ភ ទើបគ្រួសារខ្ញុំមានផ្ទះថ្មីរឹងមាំ ហើយកូនៗរបស់ខ្ញុំមានការស្ងប់អារម្មណ៍ប្រកបការងាររកស៊ី។ ខ្ញុំអរគុណរដ្ឋអំណាចភូមិភាគខ្លាំងណាស់ ដែលតែងយកចិត្តទុកដាក់ដល់ជីវភាពប្រជាជន”។
ក្រៅពីការឧបត្ថម្ភលំនៅឋាន ឃុំទ្រឿងខាញ់ថែមទាំងផ្ដោតលើការបង្កើតមុខរបររកស៊ីដោយចីរភាពជូនប្រជាជនទៀតផង។ ក្នុងរយៈពេល ៤ ឆ្នាំកន្លង មាន ១៥១ គ្រួសារ បានឧបត្ថមុ្ភផ្លាស់ប្តូរមុខរបរ ទិញឧបករណ៍ផលិតកម្មសមស្របជាមួយនឹងលក្ខណៈនិងតម្រូវការរបស់គ្រួសារនីមួយៗ។ ផ្ដើមពីនោះ មានទម្រង់ផលិតជាច្រើនដូចជា ដាំដំណាំរួមផ្សំ ឈើហូបផ្លែ ចិញ្ចឹមគោជាដើម បានអនុវត្តនាំមកនូវប្រភពចំណូល លំនឹងជូនមាមីង ឈានឡើងចាកផុតភាពក្រីក្រ ប្រកបដោយចីរភាពបន្តិចម្តងៗ។
អ្នកមីងសើុងធីចៀង ប្រធានគណៈប្រជាជនភូមិទ្រឿងថ ឱ្យដឹង៖ “ភូមិទ្រឿងថ មានជនជាតិភាគតិច ៩៩% ។ អាស្រ័យបានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ទើបជីវភាពរបស់មាមីងមានភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ គិតដោយឡែកតែឆ្នាំ ២០២៤ ក្នុងភូមិបានទទួលឧបត្ថម្ភផ្ទះ ៣ខ្នង គោមេបន្តពូជ ៧ ក្បាល និងផ្លាស់ប្ដូរមុខរបរជូន៨គ្រួសារ សរុបប្រភពទុនជិត ៥០០ លានដុង។ មាមីងអ្នកណាក៏រំភើបរីករាយដែរ”។
សមមិត្ត ត្រឿងហ្វាងង្វៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងខាញ់ ឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លង ឃុំទ្រឿងខាញ់បានអនុវត្តត្រូវតាមល្បឿនដំណើរការនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច- សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១- ២០២៥។ ការបែងចែកដើមទុនពីថវិកាមជ្ឈិមនិងថវិកាភូមិភាគតែងធានាចំមុខសញ្ញា ដោយផ្តោតលើគ្រួសារក្រីក្រ គ្រួសារក្បែរក្រនៅតំបន់ឆ្ងាយដាច់ស្រយាលនិងភូមិលំបាកខ្លាំង។ ឆ្លងតាមរយៈនោះ រួមចំណែកលំនឹងជីវភាពប្រជាជន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងធានាសុខុមាលភាពសង្គម៕
ហុងទើ - ថាច់ធី