នៅប្រមាណជាង៣ខែទៀតនឹងប្រព្រឹត្តឡើងនូវពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ឆ្នាំ ២០២៥ នេះគឺជាព្រឹត្តិការណ៍វប្បធម៌-កីឡា ប្រកបដោយលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរណាមបូ។ បន្ទាប់ពីអវត្តមានជាច្រើនឆ្នាំ ទូកលុងបានវិលមកចូលរួមប្រកួតឡើងវិញ ដោយនាំមកភាពសប្បាយរីករាយនិងការរំពឹងទុកសម្រាប់រដូវកាលនៃពិធីបុណ្យប្រណាំងទូក-ងឆ្នាំនេះ។

ទូកលុងវត្តកំពង់មានជ័យទឹកប្រៃ ឃុំឡុងភូ ក្រុងកឹងធើ។
នៅវត្តសិរីកណ្តាល (សង្កាត់វិញភឿក) វត្តចន្ទសោភ័ណព្រែកអណ្តើក (ឃុំញ៉ូយ៉ា) វត្តកំពង់មានជ័យទឹកប្រៃ (ឃុំឡុងភូ) វត្តមជ្ឈិមារាមជ្រោយទឹមចាស់ (សង្កាត់មីស្វៀង)។ល។ នៅទីណាមាមីងក៏ទន្ទឹងរង់ចាំការដាក់ទូកលុងចុះទឹកដែរ។ ទូកប្រភេទនេះ ត្រូវបានលុងពីដើមឈើទាំងមូល ហើយទូកនេះមិនត្រឹមតែជាមធ្យោបាយដឹកជញ្ជូននិងចូលរួមការប្រណាំងបុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃស្មារតីសាមគ្គី កម្លាំងសមូហភាព។ ការដាក់ទូកលុងចូលរួមប្រកួតឡើងវិញ បានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារឡើងវិញនូវទម្រង់ទូកលុងរបស់ជនរួមជាតិខ្មែរ។
ឆៀងចូលវត្តសិរីកណ្តាលនៅសង្កាត់វិញភឿក គឺជាវត្តមួយក្នុងចំណោមវត្តដែលបោះទូកលុងដំបូងបង្អស់របស់ក្រុងកឹងធើ ដោយសិប្បករកែរ៉ន មកពីកម្ពុជា។ ទូកមានប្រវែង ៣០ ម៉ែត្រ ធ្វើពីដើមគគីរធំ ចំណុះកីឡាករពី ៦៧ ដល់ ៦៩ នាក់។ សិប្បករកែរ៉ន ចែករំលែក៖ “សម្រាប់ទូកលុង ការជ្រើសរើសឈើជាកត្តាសំខាន់។ ជ្រើសយកដើមឈើមិនធំពេក ហើយមិនតូចពេក កម្រិតរឹងល្មមទើបជាប់រឹងមាំនិងងាយស្រួលពត់ទៅជារូបរាង។ រាល់ខ្លឹមសារលម្អិតតាំងពីការពត់កោងរាងទូករហូតដល់ការចងខ្សែ កន្លែងអង្គុយអុំ ត្រូវគិតគូរឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវស្ថិរភាពនិងកំណត់ល្បឿនទូក”។
យោងតាមថេរដីការបស់ព្រះតេជព្រះគុណ ថាច់ហុង ព្រះចៅអធិការវត្តសិរីកណ្តាល ទូកលុងនេះចាប់ផ្តើមបោះកាលពីដើមខែកក្កដា ឆ្នាំ ២០២៥ តាមការគ្រោងទុកនឹងសម្រេចរួចរាល់នៅខែសីហា សរុបជាទឹកប្រាក់ជិត ៦០០ លានដុង ថវិកាបោះទូកអាស្រ័យមាមីងពុទ្ធបរិស័ទនិងអ្នកស្រឡាញ់ចូលចិត្តកីឡាប្រណាំងទូក-ង រួមវិភាគទាន។
ចែករំលែកពីចំណុចសំខាន់របស់ទូកលុង ព្រះតេជព្រះគុណ ថាច់ហុង មានថេរដីកា៖ “ទូកលុងវិនិយោគថវិកាទាបជាងបើធៀបនឹងទូក-ងបន្ទះក្តារ។ សម្រាប់ប្រភេទទូកនេះ ទាមទារត្រូវផ្តោតទៅលើបច្ចេកទេសនិងកម្លាំងកាយរបស់អត្តពលិកមិនដូចទូក-ង បន្ទះក្តារតែងតែពឹងទៅលើដងសន្ទួចដើម្បីរក្សាលំនឹង”។ បន្ទាប់ពីបោះរួច នឹងដាក់ទូកចុះទឹកដើម្បីកីឡាករចាប់ផ្តើមហាត់អុំសាកល្បងឱ្យស្មើច្រវា។ កន្លែងណាមិនទាន់ត្រឹមត្រូវ សិប្បករកែសម្រួលទាន់ពេល។
ជាមួយនឹងការត្រៀមយ៉ាងហ្មត់ចត់សម្រាប់រដូវកាលបុណ្យអកអំបុក ប្រណាំងទូក-ងឆ្នាំនេះ សន្យាថានឹងនាំមកភាពទាក់ទាញជាពុំខាន ពិសេសពេលប្រណាំងជួបគ្នារវាងទូកបន្ទះក្តារនិងទូកលុងប្រពៃណី។ នេះមិនត្រឹមតែជាការប្រកួតកម្លាំងកាយនិងបច្ចេកទេសប៉ុណ្ណោះ នៅទាំងជាដំណើការលើកតម្កើងបេតិកភ័ណ្ឌវប្បធម៌ ស្មារតីសាមគ្គីរបស់ជនរួមជាតិខ្មែរតំបន់ព្រែកទន្លេទៀតផង៕
អត្ថបទនិងរូបថត៖ ហុងទើ-មុនី