09/06/2026 - 19:25

តើ​ម៉ូ​តូ​ណា​ខ្លះ​ដែល​អាច​ប្រើ​ប្រាស់​សាំង E១០ បាន? 

បណ្តា​ក្រុម​ហ៊ុន​ផលិត​ម៉ូ​តូ​ដូច​ជា Honda, Yamaha, Piaggio បាន​បញ្ជាក់​ថា ភាគ​ច្រើន​ម៉ូ​តូ​ស៊េ​រី​ថ្មី គឺ​អាច​ប្រើ​សម​ប្រ​កប​ជា​មួយ​សាំង E១០។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សម្រាប់​ម៉ូ​តូ​ស៊េ​រី​ចាស់ៗ​មួយ​ចំ​នួន ចាំ​បាច់​មាន​ការ​ប្រុង​ប្រ​យ័ត្ន​មុន​ពេល​ផ្លាស់​ប្តូរ​មក​ប្រើ​ប្រាស់​សាំង​ប្រ​ភេទ​នេះ។

សាំង​ជីវ​សាស្ត្រ E១០ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ទូ​ទាំង​ប្រ​ទេស ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិ​ថុ​នា ឆ្នាំ​២០២៦ ដែល​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បា​រម្ភ​ជា​ច្រើន​ពី​សំ​ណាក់​អ្នក​ប្រើ​ប្រាស់​ម៉ូ​តូ អំ​ពី​លទ្ធ​ភាព​នៃ​ការ​ប្រើ​សម​ប្រ​កប​ជា​មួយ​នឹង​ម៉ា​ស៊ីន។ ក្នុង​ពេល​ដែល​ក្រុម​ហ៊ុន​ធំៗ​ដូច​ជា Honda និង Yamaha សុទ្ធ​តែ​បាន​បញ្ជាក់​ថា ភាគ​ច្រើន​ផលិត​ផល​បច្ចុប្បន្ន​អាច​ប្រើ​ប្រាស់​សាំង E១០ បាន ប៉ុន្តែ​ម៉ូ​តូ​ស៊េ​រី​ចាស់ៗ​មួយ​ចំ​នួន គប្បី​យក​ចិត្ត​ទុក​ដាក់​និង​ប្រុង​ប្រ​យ័ត្ន​មុន​ពេល​ផ្លាស់​ប្តូរ។

ម៉ូតូ​ស៊េ​រី​ថ្មី​ទាំង​អស់​សុទ្ធ​តែ​អាច​ប្រើ​ប្រាស់​សាំង E១០ បាន

យោង​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​បច្ចុប្បន្ន សាំង E១០ គឺ​ជា​ល្បាយ​ផ្សំ​ឡើង​ពី​សាំង​រ៉ែ​ដែល​គ្មាន​សារ​ធាតុ​សំ​ណ និង​អេ​តា​ណុល​ឥន្ធនៈ (ethanol) ដែល​ក្នុង​នោះ កម្រិត​សារ​ធាតុ​អេ​តា​ណុល​មាន​ពី ៩-១០% ហើយ​ផ្នែក​ដែល​នៅ​សល់​គឺ​ជា​សាំង​រ៉ែ។ ប្រ​ភេទ​ឥន្ធ​នៈនេះ មាន​សន្ទស្សន៍​អុក​តាន (Octane) មិន​ទាប​ជាង ៩២ ឡើយ។

ក្រុម​ហ៊ុន Honda វៀត​ណាម បាន​ឱ្យ​ដឹង​ថា អតិ​ថិ​ជន​អាច​មាន​ទំ​នុក​ចិត្ត​ក្នុង​ការប្រើ​ប្រាស់​សាំង E១០ សម្រាប់​ផលិត​ផល​នា​នា​ដែល​ចែក​ចាយ​ជា​ផ្លូវ​ការ​ដោយ​ក្រុម​ហ៊ុន​នៅ​ប្រ​ទេស​វៀត​ណាម។ យោង​តាម​ក្រុម​ហ៊ុន​ផលិត ម៉ូតូ Honda ស៊េ​រី​នា​នា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រើ​ប្រាស់​ឥន្ធនៈ​ដែល​មាន​កម្រិត​អេ​តា​ណុល​មិន​លើស​ពី ១០% ដែល​វា​សម​ស្រប​ទាំង​ស្រុង​ទៅ​នឹង​បទដ្ឋាន​បច្ចេក​ទេស​នៃ​សាំង E១០ ដែល​កំ​ពុង​ចរា​ចរ​នៅ​លើ​ទី​ផ្សារ។

នៅ​ក្នុង​សៀវ​ភៅ​ណែ​នាំ​ប្រើ​ប្រាស់ ក្រុម​ហ៊ុន Honda បាន​ផ្តល់​អនុ​សាសន៍​ដល់​អ្នក​ប្រើ​ប្រាស់​ឱ្យ​ប្រើ​ប្រាស់​ឥន្ធនៈ​ដែល​មាន​សន្ទស្សន៍​អុក​តាន​ចាប់​ពី ៩១ ឡើង​ទៅ។ ហេតុ​ដូច្នេះ​ហើយ សាំង E១០ អាច​ឆ្លើយ​តប​បាន​យ៉ាង​ពេញ​លេញ​នូវ​រាល់​តម្រូវ​ការ​បច្ចេក​ទេស និង​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​ម៉ា​ស៊ីន ឬ​ប្រ​ព័ន្ធ​ឥន្ធនៈ​របស់​ម៉ូតូ​ឡើយ។

យោង​តាម​ដេប៉ូ​ចែក​ចាយ​មួយ​ចំ​នួន​របស់ Honda បាន​ឱ្យ​ដឹង​ថា ម៉ូតូ Honda ដែល​ផលិត​នៅ​ប្រ​ទេស​វៀត​ណាម​ចាប់​ពី​ក្រោយ​ឆ្នាំ​២០០៩ និង​ម៉ូតូ​នាំ​ចូល​ពី​អឺ​រ៉ុប​ដែល​ផលិត​ក្រោយ​ឆ្នាំ​១៩៩៣ សុទ្ធ​តែ​អាច​ប្រើ​ប្រាស់​សាំង E១០ បាន ដោយ​មិន​បាច់​ផ្លាស់​ប្តូរ​ទម្រង់​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ឡើយ។

ជាក់​ស្តែង​គឺ ម៉ូតូ​ដៃ​ហ្គា និង​ម៉ូតូ​លេខ ភាគ​ច្រើន​ដែល​កំ​ពុង​ដាក់​លក់​នៅ​ប្រ​ទេស​វៀត​ណាម ដូច​ជា Honda Vision, Air Blade, SH, SH Mode, PCX, Future, Wave RSX ឬ Winner X សុទ្ធ​តែ​បាន​បំ​ពាក់​នូវ​ប្រ​ព័ន្ធ​បាញ់​សាំង​អេ​ឡិច​ត្រូ​និក PGM-FI។ បច្ចេក​វិទ្យា​នេះ អនុញ្ញាត​ឱ្យ​ម៉ា​ស៊ីន​ធ្វើ​ការ​កែ​សម្រួល​យ៉ាង​បត់​បែន​នូវ​សមា​មាត្រ​រវាង​ឥន្ធនៈ និង​ខ្យល់ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ដំ​ណើរ​ការ​ចំ​ហេះ ជួយ​ឱ្យ​ម៉ូតូ​ដំ​ណើរ​ការ​ទៅ​ដោយ​រលូន និង​មាន​លំ​នឹង​ជា​មួយ​នឹង​ប្រ​ភេទ​សាំង​ដែល​មាន​កម្រិត​អេ​តា​ណុល​ខុសៗ​គ្នា រួម​ទាំង​សាំង E១០ ផង​ដែរ។

ចំ​ពោះ​ក្រុម​ហ៊ុន Yamaha វិញ ក៏​បាន​បញ្ជាក់​ដែរ​ថា ភាគ​ច្រើន​ផលិត​ផល​បច្ចុប្បន្ន​គឺ​សម​ប្រ​កប​ជា​មួយ​នឹង​ឥន្ធនៈ E១០។ រាល់​ម៉ូតូ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​បាញ់​សាំង​អេ​ឡិច​ត្រូ​និក FI សុទ្ធ​តែ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ដំ​ណើរ​ការ​ជា​មួយ​នឹង​ប្រ​ភេទ​ឥន្ធ​នៈនេះ។

អ្នក​ប្រើ​ប្រាស់​អាច​កំ​ណត់​ដឹង តើ​ម៉ូ​តូ​របស់​ខ្លួន​ស្ថិត​ក្នុង​ក្រុម​ដែល​អាច​ប្រើ​សម​ប្រ​កប​ជា​មួយ​សាំង E១០ ឬ​ទេ តាម​រយៈ​សញ្ញា​សម្គាល់ "FI" នៅ​លើ​តែ​មម៉ូតូ ឬ​នៅ​លើ​កុង​ទ័រ។ ក្រៅ​ពី​នេះ នៅ​ពេល​បើក​សោ​អគ្គិ​សនី ម៉ូតូ​ប្រ​ភេទ FI ជា​ទូ​ទៅ​តែង​តែ​បញ្ចេញ​សំ​ឡេង​ស្នប់​បូម​សាំង​ដំ​ណើរ​ការ​ក្នុង​រយៈ​ពេល​ប្រ​ហែល​ពីរ​បី​វិនា​ទី​មុន​ពេល​បញ្ឆេះ​ម៉ា​ស៊ីន និង​មាន​ភ្លើង​សញ្ញា​ប្រាប់​ទៅ​ម៉ា​ស៊ីន​បង្ហាញ​នៅ​លើ​កុង​ទ័រ។

យោង​តាម​ក្រុម​ហ៊ុន Yamaha Motor វៀត​ណាម បាន​ឱ្យ​ដឹង​ថា ភាគ​ច្រើន​ម៉ូ​តូ​របស់​ក្រុម​ហ៊ុន​ចាប់​ពី​ទស​វត្សរ៍​ឆ្នាំ​១៩៩០ រហូត​មក​ដល់​បច្ចុប្បន្ន សុទ្ធ​តែ​អាច​ប្រើ​ប្រាស់​សាំង E១០ បាន។

ដោយ​ឡែក​សម្រាប់​ម៉ូតូ​ដែល​ប្រើ​ប៊ិក​សាំង (កា​ប៊ុយ​រ៉ា​ទ័រ) ដែល​ផលិត​ចាប់​ពី​ឆ្នាំ២០១៧ មក​ទល់​បច្ចុប្បន្ន ក៏​អាច​ប្រើ​ប្រាស់​សាំង E១០ និង RON៩៥ បាន​ដែរ។

ក្រុម​ហ៊ុន Piaggio វៀត​ណាម ក៏​បាន​បញ្ជាក់​អះ​អាង​ផង​ដែរ​ថា រាល់​ម៉ូ​តូ Piaggio និង Vespa ទាំង​អស់​ដែល​បាន​ចែក​ចាយ​ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​វៀត​ណាម ​សុទ្ធ​តែ​សម​ប្រ​កប​ជា​មួយ​នឹង​សាំង​ជីវ​សាស្ត្រ E១០។

ក្រុម​ហ៊ុន​នៅ​ទាំង​អះ​អាង​ថា ប្រ​ព័ន្ធ​ម៉ា​ស៊ីន​ផ្តាច់​មុខ​ទាំង​ពីរ​គឺ i-Get និង HPE តែង​ដំ​ណើរ​ការ​ដោយ​រលូន ធន់​មាំ និង​មិន​រង​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ណា​មួយ​ពី​ជាតិ​អា​កុល​ជីវ​សាស្ត្រ​ឡើយ។

ម៉ូតូ​ស៊េរី​ចាស់​គប្បី​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​នៅ​ពេល​ប្តូរ​មក​ប្រើ​ប្រាស់​សាំង E១០

ទោះ​បី​ជា​ភាគ​ច្រើន​ម៉ូ​តូ​ស៊េ​រី​ថ្មីៗ​ត្រូវ​បាន​រចនា​ឡើង​សម​ប្រ​កប​ជា​មួយ​នឹង​ឥន្ធនៈ​ជីវ​សាស្ត្រ​ក៏​ដោយ ប៉ុន្តែ​បណ្តា​អ្នក​ជំ​នាញ​បាន​ផ្តល់​មតិ​ថា អ្នក​ប្រើ​ប្រាស់​ម៉ូតូ​ស៊េរី​ចាស់ៗ​គួរ​តែ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​នៅ​ពេល​ផ្លាស់​ប្តូរ។

យោង​តាម​ការ​ណែ​នាំ​របស់​សមា​គម​ប្រេង​សាំង​វៀត​ណាម ម៉ូតូ​ដែល​ផលិត​មុន​ឆ្នាំ​២០០០ ដែល​ប្រើ​ប្រាស់​ប៊ិក​សាំង (កា​ប៊ុយ​រ៉ា​ទ័រ) អាច​នឹង​ជួប​ប្រ​ទះ​នូវ​បញ្ហា​មួយ​ចំ​នួន ប្រ​សិន​បើ​ប្រ​ព័ន្ធ​ឥន្ធនៈ​បាន​ចុះ​ទ្រុឌ​ទ្រោម​ក្រោយ​ពី​ប្រើ​ប្រាស់​អស់​រយៈ​ពេល​យូរ។ សារ​ធាតុ​អេ​តា​ណុល​មាន​សមត្ថ​ភាព​បឺត​សំ​ណើម និង​សម្អាត​កម្ទេចក​ម្ទី​កាក​សំ​ណល់​នៅ​ក្នុង​ធុង​សាំង ដែល​ធ្វើ​ឱ្យ​សារ​ធាតុ​កាក​សំ​ណល់​ដែល​កក​កុញ​ជា​ច្រើន​ឆ្នាំ​មក​នោះ ហូរ​តាម​ចរន្ត​សាំង និង​បង្ក​ឱ្យ​មាន​ការ​ស្ទះ​ផ្លូវ​លំ​ហូរ​សាំង។

ក្រៅ​ពី​នេះ គ្រឿង​បន្លាស់​មួយ​ចំ​នួន​ដែល​ធ្វើ​ពី​កៅ​ស៊ូ រ៉ង​បិទ​ជិត ឬ​ទុយោ​នាំ​សាំង​នៅ​លើ​ម៉ូតូ​ដែល​ចាស់​ពេក អាច​នឹង​ឆាប់​ខូច​គុណ​ភាព ឬ​រេច​រឹល​លឿន​ជាង​មុន នៅ​ពេល​ប៉ះ​ជា​មួយ​ឥន្ធនៈ​ដែល​មាន​ផ្ទុក​សារ​ធាតុ​អេ​តា​ណុល។

ក្រុម​ហ៊ុន Yamaha Motor វៀត​ណាម ក៏​បាន​ផ្តល់​អនុ​សាសន៍​ផង​ដែរ​ថា ម៉ូតូ​ដែល​ប្រើ​ប្រាស់​ប៊ិក​សាំង​ផលិត​មុន​ឆ្នាំ​២០១៧ គួរ​តែ​បន្ត​ប្រើ​ប្រាស់​សាំង E៥ និង RON៩២ ជំ​នួស​ឱ្យ​ការ​ផ្លាស់​ប្តូរ​មក​ប្រើ​ប្រាស់​សាំង E១០។ អ្នក​ប្រើ​ប្រាស់​អាច​ពិ​និត្យ​មើល​ឆ្នាំ​ផលិត​តាម​រយៈ​ស្លាក​ព័ត៌​មាន​ដែល​បាន​បិទ​នៅ​លើ​ម៉ូតូ។

ដើម្បី​ធា​នា​បាន​នូវ​សុ​វត្ថិ​ភាព​ជា​អតិ​បរ​មា​នៅ​ពេល​ដំ​ណើរ​ការ​ក្រុម​ហ៊ុន Piaggio វៀត​ណាម ក៏​បាន​ណែ​នាំ​ដល់​អ្នក​ប្រើ​ប្រាស់​ឱ្យ​ទិញ​សាំង​នៅ​តាម​បណ្តា​ស្ថា​នីយ​ប្រេង​សាំង​ដែល​មាន​ទំ​នុក​ចិត្ត ដើម្បី​ធា​នា​បាន​នូវ​គុណ​ភាព និង​មិន​ត្រូវ​ប្រើ​ប្រាស់​សារ​ធាតុ​បន្ថែម (សារ​ធាតុ​ល្បាយ) សម្រាប់​ម៉ូ​តូ​ឡើយ ប្រ​សិន​បើ​គ្មាន​ការ​ណែ​នាំ​ពី​ក្រុម​ហ៊ុន​ផលិត។

ជា​ពិ​សេស ចំ​ពោះ​ម៉ូតូ Vespa ស៊េ​រី​ចាស់ៗ​ដែល​ប្រើ​ប្រាស់​កា​ប៊ុយ​រ៉ា​ទ័រ ឬ​ធុង​សាំង​តូច អ្នក​ប្រើ​ប្រាស់​ត្រូវ​បាន​ណែ​នាំ​ឱ្យ​យក​ម៉ូតូ​ទៅ​កាន់​ដេ​ប៉ូ​ចែក​ចាយ​ដែល​បាន​ប្រ​គល់​សិទ្ធិ​ពី Piaggio ដើម្បី​ធ្វើ​ការ​ថែ​ទាំ​ជា​មូល​ដ្ឋាន មុន​ពេល​ផ្លាស់​ប្តូរ​ទៅ​ប្រើ​ប្រាស់​សាំង E១០។

នៅ​ក្នុង​ដំ​ណាក់​កាល​អន្តរ​កាល​នេះ ក្រ​សួង​ឧស្សា​ហពា​ណិជ្ជ​កម្ម បាន​ឱ្យ​ដឹង​ថា សាំង E៥ និង RON៩២ នៅ​តែ​បាន​ប្រើ​ប្រាស់​ជា​បន្ត​រហូត​ដល់​ដាច់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០៣០ ដើម្បី​ធា​នា​នូវ​ប្រ​ភព​ឥន្ធនៈ​ដែល​សម​ស្រប​សម្រាប់​យាន​យន្ត​ស៊េរី​ចាស់ៗ ឬ​យាន​យន្ត​ដែល​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​ប្រាស់​សាំង E១០។

អ្នក​ជំ​នាញ​ទាំង​ឡាយ​បាន​ផ្តល់​អនុ​សាសន៍​ថា អ្នក​ប្រើ​ប្រាស់​គួរ​តែ​ពិ​និត្យ​មើល​សៀវ​ភៅ​ណែ​នាំ​ប្រើ​ប្រាស់ ធ្វើ​ការ​ថែ​ទាំ​ប្រ​ព័ន្ធ​ឥន្ធនៈ​ឱ្យ​បាន​ទៀង​ទាត់​តាម​កាល​កំ​ណត់ និង​ជ្រើស​រើស​ប្រ​ភេទ​សាំង​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ការ​ណែ​នាំ​របស់​ក្រុម​ហ៊ុន​ផលិត ដើម្បី​ធា​នា​បាន​នូវ​សមត្ថ​ភាព​ដំ​ណើរ​ការ ជួយ​សន្សំ​សំ​ចៃ​ឥន្ធនៈ ក៏​ដូច​ជា​ជួយ​ពន្យារ​អា​យុ​កាល​របស់​ម៉ា​ស៊ីន​ផង​ដែរ៕

ប្រភព÷ vietnamnet.vn - សុផន

ចែករំលែកអត្ថបទ