09/06/2026 - 22:09

ពង្រីក​ប្រ​សិទ្ធ​ភាព​បណ្តា​ទម្រង់​ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់ 

ដោយ​កំ​ណត់​ថា ភារ​កិច្ច​ជំ​នួយ​ប្រ​ជា​ជន​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ជា​ចំ​ណុច​ស្នូល ប្រ​ព័ន្ធ​នយោ​បាយ​សង្កាត់​កៃ​រាំង បាន​ម្ចាស់​ការ​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​វិជ្ជ​មាន​ជា​ច្រើន។ ក្នុង​នោះ ការ​កសាង​និង​ពង្រីក​ប្រ​សិទ្ធ​ភាព​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់ បាន​ក្លាយ​ជា​កម្លាំង​ចល​ករ​ដ៏​សំ​ខាន់ ជួយ​លើក​កម្ពស់​ជីវ​ភាព​ទាំង​ផ្នែក​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន។

ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស និង​គណៈ​កសាង​បក្ស​សង្កាត់​កៃ​រាំង ទស្ស​នា​និង​ស្វែង​យល់​អំ​ពី​ស្ថាន​ភាព​សកម្ម​ភាព​របស់​ក្រុម​សហ​ការ ដាំ​ដំ​ណាំ​រួម​ផ្សំ អា​ស្រ័យ​សមា​គម​កសិ​ករ​សង្កាត់​បង្កើត កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព ជួយ​ឱ្យ​សមា​ជិក​ជា​ច្រើន​បង្កើន​ប្រាក់​ចំ​ណូល។

ឆ្នាំ ២០២៥ សង្កាត់​កៃ​រាំង មាន​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ចំ​នួន ១៧ ទម្រង់ ទទួល​បាន​ការ​សរ​សើរ​និង​រង្វាន់​ថ្នាក់​ទី​ក្រុង និង​ថ្នាក់​សង្កាត់។ ក្នុង​នោះ ទម្រង់​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ អា​ស្រ័យ​សមា​គម​កសិ​ករ​សង្កាត់​បង្កើត​ឡើង កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព។ ក្រុម​សហ​ការ​រួម​មាន​សមា​ជិក ៧ នាក់ ដាំ​ដុះ​លើ​ផ្ទៃ​ដី​ប្រ​មាណ ៣,៤ ហិក​តា។ សមា​ជិក​ទាំង​អស់​ទទួល​បាន​ការ​ជំ​នួយ​ឱ្យ​បុល​ដើម​ទុន ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ដាំ​ដុះ ថែ​ទាំ​ដំ​ណាំ​រួម​ផ្សំ ព្រម​ទាំង​ចែក​រំ​លែក​បទ​ពិ​សោធន៍​ក្នុង​ការ​ផលិត​និង​ជីវ​ភាព។ បច្ចុប្បន្ន មធ្យម​ផ្ទៃ​ដី​ដំ​ណាំ​រួម​ផ្សំ​មួយ​កុង អាច​ជួយ​ឱ្យ​អ្នក​ដាំ​ដុះ​រក​បាន​ប្រាក់​ចំ​ណូល​ពី ១៥ ទៅ ២០ លាន​ដុង​ក្នុង​មួយ​រដូវ ហើយ​ក្នុង​មួយ​ឆ្នាំ​អាច​ដាំ​បាន​ពី ៣ ទៅ ៤ រដូវ។

ទម្រង់​ក្រុម​សហ​ការ​ស្រោច​ស្រ​ពស្វ័យ​ប្រ​វត្ត ក៏​ជា​ទម្រង់​សេដ្ឋ​កិច្ច​សមូ​ហ​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ផង​ដែរ ដោយ​បាន​សមា​គម​កសិ​ករ​សង្កាត់​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០២១។ ក្រុម​សហ​ការ​នេះ​មាន​សមា​ជិក ១៤ នាក់ ដាំ​ដុះ​លើ​ផ្ទៃ​ដី​ប្រមាណ ៨ ហិក​តា ដោយ​ផ្តោត​សំ​ខាន់​លើ​ការ​ដាំ​មៀន ធុ​រេន និង​ផ្លែ​ជម្ពូ​ខៀវ... ចូល​រួម​ក្នុង​ក្រុម​សហ​ការ សមា​ជិក​ទទួល​បាន​ការ​គាំ​ពារ​តម្លៃ​ដើម្បី​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្ត ជំ​នួយ​ឱ្យ​បុល​ដើម​ទុន​វិនិ​យោគ​លើ​ការ​ផលិត រួម​គ្នា​ចែក​រំ​លែក​បទ​ពិ​សោធន៍​ក្នុង​ការ​ដាំ​ដុះ ថែ​ទាំ​ឈើ​ហូប​ផ្លែ និង​ស្វែង​រក​ទី​ផ្សារ​លក់​ផលិត​ផល។ លោក ង្វៀង​វ៉ាំង​ហ្វាង សមា​ជិក​ក្រុម​សហ​ការ បាន​ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​មាន​ដី ៨ កុង។ ពេល​ចូល​រួម​ក្នុង​ក្រុម​សហ​ការ ខ្ញុំ​ទទួល​បាន​ជំ​នួយ ៥០% នៃ​តម្លៃ​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្ត។ អា​ស្រ័យ​ហេតុ​នេះ ខ្ញុំ​បន្ថយ​បាន​កម្លាំង​ពល​កម្ម​ក្នុង​ការ​ថែ​ទាំ​ចម្ការ ហើយ​ទិន្ន​ផល​ដំ​ណាំ​ក៏​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាង​មុន​ដែរ។ ក្រោយ​ពី​ទូ​ទាត់​ការ​ចំ​ណាយ​រួច មៀន Ido ដាំ​ក្នុង​មួយ​កុង គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​មាណ​ពី ២៥ ទៅ ៣០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ”។

ទន្ទឹម​នឹង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច បណ្តា​ស្ថា​ប័ន និង​អង្គ​ការ​ចាត់​តាំង​សង្កាត់ ក៏​បាន​កសាង​ទម្រង់​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជា​ច្រើន ធា​នា​សុខុ​មាល​ភាព​សង្គម។ ក្នុង​នោះ ទម្រង់​ក្រុម​សហ​ការ កាត់​ដេរ​យក​ឈ្នួល អា​ស្រ័យ​សមា​គម​នារី​សង្កាត់​បង្កើត​នៅ​មណ្ឌល​ទី ៥ បាន​ជួយ​សមា​ជិក ៥ នាក់​រក​បាន​ប្រាក់​ចំ​ណូល​ពី ៣ ទៅ ៦ លាន​ដុង​/ម្នាក់​/ខែ។ បង​ស្រី ង្វៀង​ធី​ទ្រុក​លិញ ចែក​រំ​លែក កាល​ពី​មុន សេដ្ឋ​កិច្ច​គ្រួ​សារ​របស់​បង​ស្រី​មាន​ការ​លំ​បាក​ខ្លាំង​ណាស់ ដោយ​សារ​គ្មាន​ដី​ផលិត ហើយ​កូនៗ​ទាំង ២ នាក់​នៅ​តូចៗ​នៅ​ឡើយ។ ដោយ​សារ​បាន​កម្មា​ភិបាល​សមា​គម​នា​រី​បង្ក​លក្ខណៈ​ងាយ​ស្រួល បង​ស្រី​បាន​ចូល​រួម​ក្នុង​ក្រុម​សហ​ការ​កាត់​ដេរ​យក​ឈ្នួល។ បច្ចុប្បន្ន បង​ស្រី​លិញ រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ ៥ លាន​ដុង​ក្នុង​មួយខែ។

អំ​ណរ​មហា​សន្និ​បាត​តំ​ណាង​នា​រី​ទូ​ទាំង​ប្រ​ទេស​លើក​ទី XIV សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​បាន​សម្ពោធ​សំ​ណង់ “ផ្លូវ​ទង់​ជាតិ​មាតុ​ភូមិ” នៅ​តាម​ដង​ផ្លូវ​ក្បែរ​ទន្លេ​ថាញ​មី (មណ្ឌល​ថាញ​មី) មាន​ប្រ​វែង ២០០ ម៉ែត្រ សរុប​តម្លៃ​ជាង ១៥ លាន​ដុង ថវិកា​បាន​មក​ពី​ការ​ចល​នា​សង្គ​មូប​នីយ​កម្ម។ តាម​លោក​ស្រី ង៉ោ​តូ​លិញ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់ បាន​ឱ្យ​ដឹង សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់នឹងពង្រីកប្រសិទ្ធ​ភាព​នៃ​សំ​ណង់​នេះ ព្រម​ទាំង​បន្ត​កៀងគរប្រភពធន​ធាន បើក​ទូ​លាយ​ទម្រង់​នេះ​ទៅ​កាន់​មណ្ឌល​ផ្សេង​ទៀត​នៅ​ក្នុង​សង្កាត់។

សន្និ​ដ្ឋាន​អំ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការចល​នា​ប្រ​ឡង​ប្រ​ណាំង ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់ លោក​ស្រី ង៉ោ​ធី​មី​វ៉ឹង អនុ​ប្រ​ធាន​គណៈ​កសាង​បក្ស ចំ​ណុះ​គណៈ​កម្មា​ធិការ​បក្ស​សង្កាត់​កៃ​រាំង បាន​អះ​អាង​ថា ការ​ចល​នា​នេះ​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ដល់​ភូមិ​ភាគ​សម្រេច​ល្អ​ភារ​កិច្ច​នយោ​បាយ និង​ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​បញ្ហា​ពាក់​ព័ន្ធ​ផ្ទាល់​ទៅ​នឹង​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន។ ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន ក្នុង​ឆ្នាំ ២០២៦ បណ្តា​ស្ថា​ប័ន និង​អង្គ​ការ​ចាត់​តាំង​នៅ​ក្នុង​សង្កាត់ បាន​ចុះ​ឈ្មោះ​កសាង និង​លើក​កម្ពស់​គុណ​ភាព​ទម្រង់​ចំ​នួន  ៨៤ លើ​គ្រប់​វិស័យ។ គណៈ​កសាង​បក្ស​នឹង​បង្កើន​ការ​ត្រួត​ពិ​និត្យ ជម្រុញ​និង​ឧបត្ថម្ភ​ទាន់​ពេល ដើម្បី​ឱ្យ​ទម្រង់​ទាំង​នេះ​កាន់​តែ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ជា​ជំ​ហាន​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន៕

ដុងតឹម-វ៉ាន់​តឹន

ចែករំលែកអត្ថបទ