ដើម្បីរកឃើញជំងឺរបេងឱ្យបានឆាប់និងលើកកម្ពស់គុណភាពនៃការថែទាំសុខភាពសហគមន៍ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៦ នៅឃុំត្រឹងដេ ទីក្រុងកឹងធើ បានចាត់តាំងកម្មវិធីពិនិត្យ និងស្វែងរកជំងឺរបេងដោយឥតគិតថ្លៃជូនដល់ប្រជាជន ពិសេសគឺមាមីងជនជាតិភាគតិច។

ប្រជាជននៅក្នុងឃុំត្រឹងដេ មកពិនិត្យ និងស្វែងរកជំងឺរបេងដោយឥតគិតថ្លៃ។
តាមផែនការ កម្មវិធីពិនិត្យ និងស្វែងរកជំងឺរបេងដោយឥតគិតថ្លៃជូនប្រជាជននៅឃុំត្រឹងដេ អាស្រ័យមន្ទីរពេទ្យសួតខេត្តសុកត្រាំងសហការជាមួយផ្នែកសុខាភិបាលភូមិភាគចាត់តាំង ត្រៀមនឹងពិនិត្យជូនប្រជាជនឱ្យបានជាង ១.០០០ នាក់។ កម្មវិធីនេះសំដៅស្វែងរកឱ្យបានទាន់ពេលនូវជំងឺរបេង ជំងឺរបេងស៊ាំនឹងថ្នាំ និងជំងឺរបេងបង្កប់នៅក្នុងសហគមន៍ ដើម្បីព្យាបាលបានទាន់ពេលបន្ថយការឆ្លងរាលដាល ដើម្បីអនុវត្តគោលដៅបញ្ចប់ជំងឺរបេងនៅឆ្នាំ ២០៣៥ តាមការតម្រង់ទិសនៃកម្មវិធីប្រឆាំងជំងឺរបេងជាតិ។
កម្មវិធីនេះប្រមូលផ្តុំសំខាន់លើការពិនិត្យស្វែងរកជំងឺរបេង និងជំងឺផ្លូវដង្ហើម តាមរយៈយុទ្ធសាស្ត្រ “2X” ផ្គួបផ្សំរវាងការថតកាំរស្មីអិក និងការធ្វើតេស្ត Xpert។ នេះជាវិធីសាស្ត្រទំនើបជួយស្វែងរកជំងឺរបេងបានទាន់ពេល សូម្បីតែក្នុងករណីដែលមិនទាន់មានរោគសញ្ញាច្បាស់លាស់ក៏ដោយ។
តាមវេជ្ជបណ្ឌិតឯកទេស ២ ហាហ្វាងជិន - នាយកមន្ទីរពេទ្យសួត សុកត្រាំង យុទ្ធនាការលើកនេះមានអត្ថន័យយ៉ាងសំខាន់ចំពោះការងារថែទាំសុខភាពសហគមន៍។ "ជនជាតិភាគតិច ចាស់ជរា ឬអ្នកដែលមានជីវភាពលំបាក ជាញឹកញាប់មិនសូវមានលក្ខណៈក្នុងការទៅពិនិត្យសុខភាពតាមកាលកំណត់នោះទេ។ ដូច្នេះ ការនាំយកសេវាសុខាភិបាលមកដល់ភូមិភាគ បានជួយឱ្យយើងខ្ញុំអាចជួបប្រជាជន ស្វែងរកឃើញទាន់ពេលនូវជំងឺសួតផ្សេងៗ និងណែនាំការព្យាបាលបានទាន់ពេល" វេជ្ជបណ្ឌិតបានចែករំលែកដូច្នេះ “។
បើតាមវេជ្ជបណ្ឌិតជិន នាពេលបច្ចុប្បន្ន មានអ្នកជំងឺរបេងប្រមាណ ៤០% មិនមានរោគសញ្ញាឡើយ ធ្វើឱ្យការស្វែងរកជំងឺជួបការលំបាកជាច្រើន ប្រសិនបើផ្អែកតែលើអាការៈខាងក្រៅ។ ការអនុវត្តយុទ្ធសាស្ត្រ 2X ជួយលើកកម្ពស់ប្រសិទ្ធភាពនៃការពិនិត្យស្វែងរក ទន្ទឹមនឹងនោះអាចរកឃើញនិងព្យាបាលបានទាន់ពេល រួមចំណែកកាត់ផ្តាច់ប្រភពចម្លងនៅក្នុងសហគមន៍។
នៅកន្លែងពិនិត្យ ប្រជាជនទទួលបានការពិគ្រោះសុខភាព ថតកាំរស្មីអិក ហើយបានណែនាំឱ្យធ្វើតេស្តស៊ីជម្រៅ ប្រសិនបើស្វែងរកឃើញរោគសញ្ញាសង្ស័យ។ ក្រៅពីនេះ កម្មវិធីក៏មានការរួមបញ្ចូលការពិនិត្យស្វែងរកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដូចជាជំងឺហឺត និងជំងឺសួតស្ទះរ៉ាំរ៉ៃ ជួយឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពសុខភាពរបស់ខ្លួន។

រថយន្តកាំរស្មីអិកចល័ត បានចុះទៅដល់ភូមិភាគ ជួយឱ្យងាយស្រួលក្នុងការពិនិត្យជំងឺរបេង។
លោកឡឹមសែម នៅភូមិញ៉ាធើ បានចែករំលែក៖ "កាលពីមុន បើចង់ទៅពិនិត្យជំងឺ ត្រូវទៅមន្ទីរពេទ្យឆ្ងាយ និងចំណាយថវិកាច្រើន ដូច្នេះពេលខ្លះក៏មិនអាចទៅពិនិត្យជំងឺបាន។ ឥឡូវនេះ បានគ្រូពេទ្យចុះមកពិនិត្យ និងណែនាំយ៉ាងយកចិត្តទុកដាក់ដល់កន្លែងផ្ទាល់ ខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងស្ងប់ចិត្ត"។
ដើម្បីឱ្យយុទ្ធនាការនេះទទួលបានប្រសិទ្ធភាពខ្ពស់ ការងារឃោសនាផ្សព្វផ្សាយត្រូវបានអនុវត្តព្រមៗគ្នាក្នុងប៉ុន្មានថ្ងៃមុន។ ដំណាក់សុខាភិបាលឃុំបានសហការជាមួយសហការី ចុះទៅតាមផ្ទះប្រជាជន ដើម្បីចលនាបង្កើតបញ្ជីឈ្មោះអ្នកដែលមានហានិភ័យខ្ពស់ ព្រមទាំងផ្សាយតាមប្រព័ន្ធឧគ្ឃោសនស័ព្ទរបស់ឃុំ ដើម្បីឱ្យប្រជាជនទទួលបានព័ត៌មាន។
អាចមើលឃើញថា ភាពម្ចាស់ការក្នុងការនាំយកសេវាសុខាភិបាលឱ្យមកជិតប្រជាជន ពិសេសគឺមាមីងជនជាតិភាគតិច មិនត្រឹមតែជួយស្វែងរកឃើញជំងឺបានទាន់ពេលប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ការយល់ដឹងក្នុងការថែទាំសុខភាពទៀតផង។ នេះគឺជាទិសដៅដ៏ជាក់ស្តែង រួមចំណែកយ៉ាងសំខាន់ក្នុងការងារបង្ការនិងទប់ស្កាត់ជំងឺរបេង សំដៅឈានទៅរកទិសដៅការពារសុខភាពសហគមន៍ប្រកបដោយចីរភាព៕
ហុងទើ-ដាលីន