កំសាន្ត រឿងពីនេះពីនោះ

05/09/2025 - 08:36

អ្នក​ជា​ច្រើន​តែង​ធ្វើ​ខុស​ពេល​អ៊ុត​សម្លៀក​បំ​ពាក់ 

ឆ្នាំង​អ៊ុត​ជា​សម្ភារៈ​ប្រើ​ប្រាស់​ដែល​ជិត​ដិត​នឹង​គ្រប់​គ្រួ​សារ។ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ចេះ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​សម្លៀក​បំ​ពាក់​ឆាប់​ខូច ហើយ​ឆ្នាំង​អ៊ុត​ក៏​ប្រើ​ប្រាស់​មិន​បាន​យូរ។

រូប​ថត​ជាឧ​ទា​ហរណ៍។

១. ប្រើ​ប្រាស់​កម្រិត​សី​តុណ្ហ​ភាព​តែ​មួយ​សម្រាប់​សំ​ពត់​គ្រប់​ប្រ​ភេទ
សម្លៀក​បំ​ពាក់​បាន​ផលិត​ពី​សំ​ពត់​ជា​ច្រើន ប្រ​ភេទ​ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា ដូច្នេះ អ្នក​ប្រើ​ប្រាស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ពេល​អ៊ុត។ យោង​ទៅ​តាម​ប្រ​ភេទ​សំ​ពត់​នី​មួយៗ អ្នក​ទាំង​ឡាយ​ត្រូវ​ប្រើ​កម្រិត​សី​តុណ្ហ​ភាព​ឱ្យ​សម​ស្រប។ ម៉ាក​យី​ហោ​ភាគ​ច្រើន​បាន​ភ្ជាប់​ស្លាក​នឹង​ផលិត​ផល​នី​មួយៗ ដើម្បី​ឱ្យ​អតិ​ថិ​ជន​ដឹង​ថា សំ​ពត់​នេះ​អាច​ធន់​នឹង​កម្ដៅ​កម្រិត​ណា។ មិន​មែន​សំ​ពត់​ទាំង​អស់​អាច​ធន់​នឹង​កម្តៅ​បាន​ល្អ​នោះ​ទេ ហេតុ​នេះ​អ្នក​ប្រើ​ប្រាស់​មិន​គួរ​ប្រើ​សី​តុណ្ហ​ភាព​តែ​មួយ​សម្រាប់​សំ​ពត់​គ្រប់​ប្រ​ភេទ​នោះ​ទេ ដើម្បី​ជៀស​វាង​ស្ថាន​ភាព​ឆេះ​និង​រួញ។
២. ការ​អ៊ុត​ហ្មត់​ចត់​ពេក
ការ​អ៊ុត​សម្លៀក​បំ​ពាក់​ហ្មត់​ចត់​ពេក​នឹង​ធ្វើ​ឱ្យ​សំ​ពត់​ស្ងួត ពិ​បាក​ក្នុង​ការ​អ៊ុត​លុប​ស្នាម​រួញ​និង​បង់​ខាត​ថាម​ពល​អគ្គិសនី។ អ្នក​ទាំង​ឡាយ គួរ​ប្រើ​ឆ្នាំង​អ៊ុត​ចំ​ហាយ​ទឹក​ឬ​ធ្វើ​ឱ្យ​សម្លៀក​បំ​ពាក់​មាន​ជាតិ​សំ​ណើម​មុន​នឹង​អ៊ុត។
៣. មិន​ជូត​សម្អាត​ឆ្នាំង​អ៊ុត
ការ​សម្អាត​ឆ្នាំង​អ៊ុត​ពេល​ប្រើ​ប្រាស់​គឺ​ជា​ការ​សំ​ខាន់ ព្រោះ​ប្រើ​យូរ​ឆ្នាំង​អ៊ុត​ជាប់​ធូ​លីក​ខ្វក់។ ការ​ពិ​និត្យ​និង​ជូត​សម្អាត​ផ្ទៃ​ឆ្នាំង​អ៊ុត​ឱ្យ​បាន​ទៀង​ទាត់​ជា​មួយ​ក្រ​ណាត់​ទន់ ដើម្បី​ជៀស​វាង​ស្នាម​ប្រ​ឡាក់​លើ​សម្លៀក​បំ​ពាក់​គឺ​ជា​ការ​ចាំ​បាច់។
៤. មិន​ត្រ​ឡប់​សម្លៀក​បំ​ពាក់​ពី​ខាង​ក្នុង​ពេល​អ៊ុត
ដើម្បី​រក្សា​សម្លៀក​បំ​ពាក់​ឱ្យ​ជាប់​បាន​យូរ​និង​ស្អាត អ្នក​ប្រើ​ប្រាស់​គួរ​តែ​ត្រ​ឡប់​សម្លៀក​បំ​ពាក់ ពី​ខាង​ក្នុង​ចេញ​មុន​នឹង​អ៊ុត ព្រោះ​សី​តុណ្ហ​ភាព​របស់​ឆ្នាំង​អ៊ុត​អាច​ធ្វើ​ឱ្យ​ហើរ​ពណ៌​ឬ​មាន​ស្នាម​ប្រ​ឡាក់​លើ​សម្លៀក​បំ​ពាក់។ ការ​ត្រ​ឡប់​សម្លៀក​បំ​ពាក់​ពី​ខាង​ក្នុង​ចេញ​ក៏​ជា​វិធី​ល្អ​បំ​ផុត ជួយ​រក្សា​ផ្នត់​ក្រោយ​ពី​អ៊ុត។
៥. មិន​យក​ចិត្ត​ទុក​ដាក់​ពី​របៀប​អ៊ុត
អ្នក​ជា​ច្រើន​គិត​ខុស​ថា ការ​អ៊ុត​សម្លៀក​បំ​ពាក់​តាម​របៀប​ណា​ក៏​បាន។ ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​គួរ​អ៊ុត​ពី​លើ​ចុះ ឬ​ពី​ឆ្វេង​ទៅ​ស្តាំ ដើម្បី​ជៀស​វាង​យឺត​សាច់​សំ​ពត់ ហើយ​សំ​ពត់​បាន​ត្រង់​ល្អ។ ការ​អ៊ុត​សម្លៀក​បំ​ពាក់​មិន​ត្រឹម​ត្រូវ​តាម​របៀប​ដូច​ពោល​ខាង​លើ អាច​ធ្វើ​ឱ្យ​សម្លៀក​បំ​ពាក់​រួញ​និង​យឺត។ ក្រៅ​ពី​នោះ លោក​អ្នក​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​រក្សា​សម្លៀក​បំ​ពាក់​ឱ្យ​ត្រង់ ដើម្បី​ងាយ​ស្រួល​ពេល​អ៊ុត។
៦. ស្លៀក​ពាក់​ភ្លាម​បន្ទាប់​ពី​អ៊ុត
ការ​ស្លៀក​ពាក់​ភ្លាមៗ​បន្ទាប់​ពី​អ៊ុត​រួច​នឹង​ធ្វើ​ឱ្យ​ខោ​អាវ​រួញ​ឡើង​វិញ។ ដូច្នេះ បន្ទាប់​ពី​អ៊ុត​រួច លោក​ អ្នក​គួរ​តែ​ព្យួរ​មួយ​រយៈ​ពេល​ខ្លី។ ពេល​សម្លៀក​បំ​ពាក់​ត្រ​ជាក់​យើង​អាច​ស្លៀក​ពាក់​បាន និង​មិន​បាច់​អ៊ុត​ឡើង​វិញ​ច្រើន​ដង។

   thanhnien.vn -បក​ប្រែ៖ មុនី

ចែករំលែកអត្ថបទ