28/07/2025 - 10:02

លក្ខណៈ​វិសេស​នៃ​ពិធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ 

ក្រៅ​ពី​ពិ​ធី​បុណ្យ​សំ​ខាន់ៗ​ក្នុង​ឆ្នាំ​បាន​អភិ​រក្ស​ជា​ច្រើន​ជំ​នាន់​មក  ដូច៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សែន​ដូន​តា បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក-ង​។ល។ ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ នៅ​មាន​ពិ​ធី​បុណ្យ​ដែល​មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​ផ្សេងៗ​ទៀត។ ក្នុង​នោះ មាន​បុណ្យ​ធាក់​គង បុណ្យ​ជ្រោយ​រំ​ចេក (បុណ្យ​សមុទ្រ) ត្រូវ​បាន​ទទួល​ស្គាល់​ជា​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ។

​ បុណ្យ​ជ្រោយ​រំចេក​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​សង្កាត់​វិញ​ចូវ។ រូប៖ លី​ធាន

បុណ្យ​ជ្រោយ​រំចេក ត្រូវ​បាន​ប្រា​រព្ធ​ឡើង​នៅ​ភូមិ​កា​ឡាំង​អា​បៀង សង្កាត់​វិញ​ចូវ ក្រុង​កឹង​ធើ។ តាម​ប្រ​សាសន៍​ប្រ​ជា​ជន​នៅ​ទី​នេះ បុណ្យ​នេះ​មាន​មក​តាំង​ពី ៣០០ ឆ្នាំ​ហើយ។ បុណ្យ​ជ្រោយ​រំចេក បាន​ប្រា​រព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ ១៤, ១៥ កើត និង​ថ្ងៃ ១ រោច ខែ​ផល្គុន មាន​អត្ថ​ន័យ​បួង​សួង​សុំ​ឱ្យ​ភូមិ​ស្រុក​សុខ​សាន្ត ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ។ នេះ​ជា​ឱ​កាស​ដើម្បី​ប្រ​ជា​ជន​រំ​លឹក​នឹក​គុណ​ចំ​ពោះ​បុព្វ​បុរស​ដែល​មាន​ស្នា​ដៃ​កាប់​ឆ្ការ​ រាន​ទឹក​រានដី បង្ក​បង្កើត​តំ​បន់​ដី​នេះ ដឹង​គុណ​មេឃ ដី និង​អា​ទិទេព​ដែល​បាន​ប្រ​ទាន​ឱ្យ​ពួក​គាត់​មាន​ជីវ​ភាព​សម្បូរ​សប្បាយ និង​ដឹង​គុណ​មហា​សា​គរ​ដែល​ផ្តល់​ផល​ត្រី បង្គា​ច្រើន​ដល់​ពួក​គាត់។

លោក​សើុង​ថល អា​ចារ្យ​វត្ត​សិរី​ក្រ​សាំង ឱ្យ​ដឹង៖ “មក​ចូល​រួម​ពិ​ធី​បុណ្យ​នេះ មា​មីង​សម្តែង​ការ​ដឹង​គុណ​ចំ​ពោះ​មហា​សា​គរ បួង​សួង​សុំ​ឱ្យ​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ ដើម្បី​ការ​ផលិត​ដាំ​ដុះ និង​ការ​ធ្វើ​នេសាទ​បាន​ផល​កាក់​កប។ ពិធី​បុណ្យ​នេះ មាន​និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត សម្តែង​ធម្ម​ទេស​នា សុំ​សេចក្តី​សុខ​ដល់​មា​មីង​នៅ​ក្នុង​ភូមិ​ស្រុក។ បន្ទាប់​ពី​បញ្ចប់​ពិ​ធី​កិច្ច​សាសនា មាន​សកម្ម​ភាព​កីឡា វប្ប​ធម៌ និង​សិល្បៈ​ទាក់​ទាញ​មា​មីង​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ”។

បុណ្យ​ធាក់​គង​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​អាង​និញ។ រូប៖ ត្រឿង​ផល

ធាក់​គង  គឺ​ជា​ពិធី​បុណ្យ​មួយ​ពិសេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ  នៅ​ភូមិ​អាង​ត្រាច់  ឃុំ​អាង​និញ ក្រុង​កឹង​ធើ ហើយ​បាន​កកើត​ឡើង​តាម​រឿង​ព្រេង​មុន​នេះ​ប្រ​មាណ ៣០០ ឆ្នាំ។ ពិ​ធី​បុណ្យ​នេះ ប្រា​រព្ធ​ឡើង​ចាប់​ពី​ថ្ងៃ ១៥ កើត​ខែ​ចេត្រ ដល់ ថ្ងៃ ២ រោច ខែ​ចេត្រ​ជា​រៀង​រាល់​ឆ្នាំ មាន​ពិ​ធី​កិច្ច​ផ្សេងៗ​ដូច​ជា៖ ពិធី​រាប់​បាត្រ ពិធី​លើក​ទង់ ពិធី​សែន និង​សកម្ម​ភាព​វប្ប​ធម៌ សិល្បៈ និង​ពិធី​ជូន​ដំ​ណើរ​។ល។ ក្នុង​នោះ ពិធី​បូជា​ស្លា​ធម៌​ដូង ញុាំង​ឱ្យ​ពិធី​បុណ្យ​ធាក់​គង​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស មាន​ទិដ្ឋ​ភាព​កាន់​តែ​អស្ចារ្យ​ដែល​កម្រ​ឃើញ​នៅ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។

បុណ្យ​ធាក់​គង ប្រ​កប​ដោយ​លក្ខណៈ​បួង​សួង​សុំ​សេចក្តី​សុខ​របស់​ជន​រួម​ជាតិ​ខ្មែរ។ បុណ្យ​នេះ មាន​ប្រ​ភព​ពី​រឿង​ព្រេង​អំ​ពី​ដី​ទួល​ផុស​ឡើង ពេល​ដើរ​ជាន់​ពី​លើ​ឮ​សូរ​លាន់​ដូច​គង។ ឆ្លង​កាត់​ដំ​ណាក់​កាល​ប្រវត្តិ​សាស្ត្រ ព្រឹត្តិ​ការណ៍​នេះ​មាន​ភាព​បរិសុទ្ធ បន្តិច​ម្តងៗ ហើយ​ក្លាយ​ជា​ជំ​នឿ​ប្រ​ជា​ប្រិយ​ដិត​ដាម​ដោយ​ស្នាក់​ស្នាម​របស់​អ្នក​ស្រុក​កសិ​កម្ម។ អ្នក​មីង​ឡឹម​ធី​តប នៅ​ភូមិ​អាង​ត្រាច់ ឃុំ​អាង​និញ ឱ្យ​ដឹង៖ “មា​មីង​មក​ចូល​រួម​បុណ្យ​ធាក់​គង​ដើម្បី​សុំ​សេច​ក្តី​សុខ ក្នុង​នោះ មាន​មា​មីង​អញ្ជើញ​ចូល​រួម​ពី​គ្រប់​មជ្ឈ​ដ្ឋាន”។

បុណ្យ​ជ្រោយ​រំ​ចេក និង​បុណ្យ​ធាក់​គង មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ នៅ​ក្រុង​កឹង​ធើ។ ទោះ​បី​ឆ្លង​កាត់​ដំ​ណាក់​កាល​ប្រែ​ប្រួល​នៃ​ប្រវត្តិ​សាស្រ្ត ប៉ុន្តែ​ពិធី​បុណ្យ​នេះ​នៅ​តែ​ល្បី​សុស​សាយ អភិវឌ្ឍន៍​និង​ក្លាយ​ជា​ពិធី​បុណ្យ​មួយ​ក្នុង​ចំ​ណោម​ពិធី​បុណ្យ​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ដ៏​ពិ​សេស ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​ពី​គ្រប់​មជ្ឈ​ដ្ឋាន៕

                                  ត្រឿងផល-វិមាន

ចែករំលែកអត្ថបទ