កំសាន្ត រឿងពីនេះពីនោះ

21/08/2025 - 08:12

មិន​គួរ​ឱ្យ​ជឿ​ចំ​ពោះ​គុណ​ប្រ​យោជន៍​នៃ​ទឹក​អង្ករ​ក្នុង​ជីវ​ភាពប្រ​ចាំ​ថ្ងៃ 

ទឹក​អង្ករ​មាន​គុណ​ប្រ​យោជន៍​ជា​ច្រើន​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ទាំង​អស់​នោះ​ទេ។

រូប​ជា​ឧទា​ហរណ៍។

ទន្ទឹម​នឹង​អត្ថ​ប្រ​យោជន៍​ក្នុង​ការ​ថែ​សម្រស់​ទឹក​អង្ករ​បាន​ផ្តល់​គុណ​ប្រ​យោជន៍​ជាច្រើន​ទៀត ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​យើង​ទាំង​អស់​គ្នា។

ធ្វើ​ឱ្យ​ឆ្នាំង​ភ្លឺ​រលោង

ចំ​ពោះ​ឆ្នាំង​មី​ញ៉ូម ដែក​ស្មិត​អ៊ី​ណុក​ដែល​ទុក​យូរ​ថ្ងៃ​មិន​ប្រើវានឹងឡើង​ស្នឹម។ ដើម្បី​ឱ្យ​ឆ្នាំង​ភ្លឺ​រលោង​ដូច​ដើម​វិញ​លោក​អ្នក​អាច​នឹង​ចាក់​ទឹក​អង្ករ​ចូល​ពេញ​ឆ្នាំង បន្ទាប់​មក​ដាក់​ឡើង​ចង្ក្រាន ដាំ​ឱ្យ​ពុះ​មួយ​ស្រ​បក់ រួច​បិទ​ភ្លើង​ចង្ក្រាន​ទុក​ឱ្យ​ទឹក​អង្ករ​ត្រ​ជាក់​សឹម​ចាក់​ចេញ រួច​លាង​ឆ្នាំង​ដោយ​ទឹក​ធម្ម​តា គឺ​ឆ្នាំង​នឹង​ភ្លឺ​រលោង​ដូច​ដើម​វិញ។

ប្រើ​សម្រាប់​លាង​ចាន

ទឹក​អង្ករ​អាច​នឹង​ប្រើ​សម្រាប់​ជា​ទឹក​លាង​ចាន ពី​ព្រោះ​វា​អាច​នឹង​លាង​ជម្រះ​ចាន ស្លាប​ព្រា​ដែល​ជាប់​ខ្លាញ់​តិច​តួច។

លោក​អ្នក​អាច​នឹងប្រើ​ប្រាស់​ក្រណាត់​ទន់ ជា​សំ​ពត់​ងាយ​ស្រួល​ក្នុង​ការ​ដុស​ជ្រ​លក់​ចូល​ទឹក​អង្ករ ហើយ​យក​មក​ដុស​លាង​ចាន ​ស្លាប​ព្រា។ បន្ទាប់​ពីលាង​រួច គ្រាន់​តែ​ជម្រះ​ដោយ​ទឹក​ស្អាត​ជា​ការ​ស្រេច។

បំ​បាត់​ក្លិន​ឆ្អាប​ត្រី

ទឹក​អង្ករ​បំ​បាត់​ក្លិន​ឆ្អាប​ត្រី​បាន​ល្អ។ យើង​ចាប់​ផ្តើម​លាង​ត្រី​ឱ្យ​ស្អាត​ពីរ​បីទឹក​ដោយ​ចំ​ពួយ​ទឹក រួច​ត្រាំ​ក្នុង​ទឹក​អង្ករ​ដោយ​លាយ​អំ​បិល​មួយ​ចំ​ពិត​រយៈ​ពេល​ពី ១០​-១៥ នាទី បន្ទាប់​មក​លាង​ដោយ​ទឹក​ស្អាត ទុក​ឱ្យ​ស្រក់​ទឹក​មុន​ពេល​ច្នៃ​ជាម្ហូប។

ជម្រះ​ជាតិ​រំអិល​ខ្យង

ជា​វិធី​មួយ​ដើម្បី​បំ​បាត់​ជាតិ​រំអិល​និង​ដី​ភក់​ដែល​មាន​ក្នុង​ខ្យង​នោះ​គឺ​ត្រាំ​ខ្យង​ក្នុង​ទឹក​អង្ករ។ ដំ​បូង លោក​អ្នក​គប្បី​យក​ចាន​ដែក​មួយ​ហើយ​ចាក់​ទឹក​អង្ករ​ចូល​ឱ្យ​ពេញ បន្ទាប់​មក​ហាន់​ម្ទេស​តូចៗ​ពីរ​បី​ផ្លែ​បង់​ចូល​រួច​ហើយ​ត្រាំ​ខ្យង​ក្នុង​រយៈ​ពេល​ពី ១-២ម៉ោង។

ក្រោយ​ពី​ត្រាំ​រួច​ស្រេច ដី​ភក់​ដែល​មាន​ក្នុង​ខ្យង​ទាំង​ប៉ុន្មាន​នឹង​ក្អែ​ចេញ​ដោយស្វ័យ​ប្រ​វត្តិ ហើយ​ជាតិ​រំអិល​នឹង​កក​ខះ​ជា​ដុំៗ​៕

ប្រ​ភព៖ laodong.vn - ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ