ក្នុងឱកាសបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងបរិយាកាសរីករាយដែលទូទាំងប្រទេសអបអរសាទរខួប ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហា ទិវាបុណ្យជាតិ ២/៩ និងខួប ៨០ ឆ្នាំនៃប្រពៃណីផ្នែកអប់រំ លោកប្រធានរដ្ឋ លឿងកឿង បានផ្ញើលិខិតជូនដល់ផ្នែកអប់រំទាំងមូល។

លោកប្រធានរដ្ឋ លឿងកឿង អបអរសាទរ និងស្ងើចសរសើរនូវសមិទ្ធផលដ៏គួរឱ្យមោទនៈ
ដែលផ្នែកអប់រំសម្រេចបានក្នុងឆ្នាំសិក្សា ២០២៤-២០២៥។
សូមគោរពដល់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិកផ្នែកអប់រំ សិស្សានុសិស្ស និស្សិត និងអាណាព្យាបាលទាំងអស់!
ក្នុងឱកាសបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងសេចក្តីរីករាយ និងមោទនភាពដែលទូទាំងប្រទេសអបអរសាទរខួប ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ ខួប ៨០ ឆ្នាំនៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម ខួប ៨០ ឆ្នាំនៃប្រពៃណីផ្នែកអប់រំ ខ្ញុំសូមផ្ញើជូនដល់គ្រប់ជំនាន់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ បុគ្គលិកដែលកំពុងបំពេញការងារក្នុងផ្នែកអប់រំគ្រប់ដំណាក់កាល រួមទាំងសិស្សានុសិស្ស និស្សិត និងអាណាព្យាបាលទាំងអស់នូវមនោសញ្ចេតនាដ៏កក់ក្តៅ និងពាក្យជូនពរដ៏ល្អប្រសើរបំផុត។
កាលពី ៨០ ឆ្នាំមុន នៅសរទរដូវប្រវត្តិសាស្ត្រ ក្នុងលិខិតផ្ញើជូនសិស្សានុសិស្សនាឱកាសបវេសនកាលដំបូង ពេលដែលប្រទេសយើងទើបតែទទួលបានឯករាជ្យ អ៊ំហូបានផ្ញើក្តីស្រឡាញ់ឥតព្រំដែននិងក្តីសង្ឃឹមយ៉ាងមុតមាំ - គឺយុវវ័យវៀតណាមនឹងនាំប្រទេសជាតិឈានទៅរកភាពរុងរឿង ប្រកៀកស្មាជាមួយបណ្ដាមហាប្រទេសនានានៅលើពិភពលោក។ បំណងប្រាថ្នាដ៏ពិសិដ្ឋនោះរបស់អ៊ំហូ នៅតែបន្តបន្លឺឡើង រំឭកដល់ក្មួយៗឱ្យបន្តខិតខំរៀនសូត្រ និងហ្វឹកហ្វឺន ដើម្បីសក្តិសមនឹងការលះបង់និងការរួមចំណែករបស់ជំនាន់មុន រួមចំណែកក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។

លោកប្រធានរដ្ឋផ្ញើលិខិតជូនផ្នែកអប់រំក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦។
ក្នុងឆ្នាំសិក្សាកន្លង ផ្នែកអប់រំបានម្ចាស់ការ សកម្មធ្វើសេនាធិការ លើកសំណើធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយនិងឯកសារច្បាប់សំខាន់ៗជាច្រើន ដើម្បីផ្លាស់ថ្មី អភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាលក្នុងដំណាក់កាលថ្មី; ទូទាំងផ្នែកបានសម្រេចការអនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មីចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ដែលបញ្ជាក់ពីភាពជោគជ័យដំបូងនៃដំណើរការផ្លាស់ថ្មីការអប់រំចំណេះទូទៅ។ គុណភាពអប់រំនៅគ្រប់កម្រិតសិក្សាបានកើនឡើង; សិស្សវៀតណាមបន្តទទួលបានលទ្ធផលល្អក្នុងបណ្តាការប្រឡងអូឡាំពិកអន្តរជាតិ និងក្នុងតំបន់ រួមចំណែកលើកកម្ពស់ឋានៈការអប់រំរបស់ប្រទេសយើងនៅលើឆាកអន្តរជាតិ។ នេះគឺជាការខិតខំប្រឹងប្រែងដ៏គួរឱ្យស្ងើចសរសើររបស់ផ្នែកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស ព្រមទាំងបន្តផ្សព្វផ្សាយក្តីសង្ឃឹម និងការគាំទ្ររបស់សង្គមចំពោះបុព្វហេតុផ្លាស់ថ្មី អភិវឌ្ឍការអប់រំនិងការបណ្តុះបណ្តាលរបស់ប្រទេស។
ជំនួសមុខថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមអបអរសាទរនិងស្ងើចសរសើរចំពោះសមិទ្ធផលដ៏គួរឱ្យមោទនៈដែលផ្នែកអប់រំសម្រេចបានក្នុងឆ្នាំសិក្សា ២០២៤-២០២៥។
ឆ្នាំសិក្សា ២០២៥-២០២៦ គឺជាឆ្នាំសិក្សាដំបូងដែលប្រព្រឹត្តទៅក្នុងបរិបទថ្មីនៅពេលដែលទូទាំងប្រទេសបានបញ្ចប់ការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាល អនុវត្តទម្រង់រដ្ឋបាលមូលដ្ឋានពីរថ្នាក់ ក៏ជាឆ្នាំសិក្សាដំបូងដែលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ចុះថ្ងៃទី ២២/៨/២០២៥ របស់ការិយាល័យនយោបាយស្តីពីការបោះជំហានដ៏លេចធ្លោនៃការអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល; ខ្ញុំសង្ឃឹមថាវិស័យអប់រំនឹងផ្តោតការយកចិត្តទុកដាក់លើការអនុវត្តឱ្យបានល្អនូវប្រធានបទនៃឆ្នាំសិក្សា៖ “ក្រឹត្យក្រម - ច្នៃប្រតិដ្ឋ - វិវត្ត - អភិវឌ្ឍ” បន្តឆ្ពោះទៅរកទិសដៅបង្កើតនិងអភិវឌ្ឍសុក្រឹតអំពីចំណេះដឹង សីលធម៌ ជំនាញ ភាពក្លាហាន និងមានគោលបំណង ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍយ៉ាងលឿននិងនិរន្តរភាពប្រទេសជាតិក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី - យុគសម័យឈានឡើងរបស់ប្រជាជាតិវៀតណាម។

លោកប្រធានរដ្ឋជឿជាក់ថាសិស្សានុសិស្ស និស្សិត សិក្ខាកាមនឹងបន្តចិញ្ចឹមក្តីសុបិន ខិតខំរៀនសូត្រ និងហ្វឹកហ្វឺន ក្លាយជាពលរដ្ឋស្នេហាជាតិ មានការទទួលខុសត្រូវ មានគំនិតច្នៃប្រតិដ្ឋ មានទឹកចិត្តមនុស្សធម៌ និងមានបំណង់ដ៏ធំធេងដើម្បីកសាងប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយ សុភមង្គល។
មុនពេលបវេសនកាលឆ្នាំសិក្សាថ្មី ខ្ញុំជឿជាក់ថាសិស្សានុសិស្ស និស្សិតនឹងបន្តចិញ្ចឹមក្តីសុបិន ខិតខំរៀនសូត្រ និងហ្វឹកហ្វឺន ក្លាយជាពលរដ្ឋស្នេហាជាតិ មានការទទួលខុសត្រូវ មានគំនិតច្នៃប្រតិដ្ឋ មានទឹកចិត្តមនុស្សធម៌ និងមានបំណងដ៏ធំធេងដើម្បីកសាងប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយ សុភមង្គល។
ខ្ញុំសង្ឃឹមថា លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិកផ្នែកអប់រំ តែងតែរក្សានូវស្មារតីប្តេជ្ញាចិត្តនិងទឹកចិត្តស្រឡាញ់មុខរបរ បន្តផ្លាស់ថ្មី មានគំនិតច្នៃប្រតិដ្ឋ កសាងបរិយាកាសសិក្សាប្រកបដោយភាពរីករាយសម្រាប់សិស្ស។
ខ្ញុំសង្ឃឹមថា អាណាព្យាបាលដែលមានក្តីស្រឡាញ់និងការទទួលខុសត្រូវ នឹងបន្តរួមដំណើរជាមួយសាលារៀននិងសង្គម យកចិត្តទុកដាក់គិតគូរដល់ជំនាន់ក្រោយ។
ខ្ញុំសូមសំណូមពរឱ្យបណ្តាគណៈ ក្រសួង ផ្នែកមជ្ឈិម គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បន្ថែមទៀតចំពោះបុព្វហេតុអប់រំតាមរយៈគោលនយោបាយជាក់ស្តែង ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និស្សិតបានបង្រៀន រៀនសូត្រ និងហ្វឹកហ្វឺនក្នុងបរិយាកាសល្អបំផុត។
សូមជូនពរលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិកផ្នែកអប់រំ ព្រមទាំងសិស្សានុសិស្ស និស្សិត មានសុខភាពល្អ សុភមង្គល ទទួលបានស្នាដៃជាច្រើនក្នុងឆ្នាំសិក្សាថ្មី ដើម្បីឱ្យផ្នែកអប់រំវៀតណាមរួមចំណែកយ៉ាងសំខាន់ក្នុងការនាំប្រទេសជាតិ “ប្រកៀកស្មាជាមួយបណ្ដាមហាប្រទេសនានានៅលើពិភពលោក” ដូចបំណងប្រាថ្នារបស់អ៊ំហូជាទីគោរពស្រឡាញ់៕
សូមគោរពដោយមេត្រីភាព
លឿងកឿង
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
តាមកាសែតអេឡិចត្រូនិករដ្ឋាភិបាល - បកប្រែ÷ សុផន