បច្ចុប្បន្ន យ័ញថាញ់ដាក កំពុងគូរគំនូរនិងឆ្លាក់ក្បាច់រចនាតាមវត្តខ្មែរនានា ហើយថែមទាំងទទួលបង្រៀនអ្នកដែលជក់ចិត្តនឹងសិល្បៈប្រពៃណីផងដែរ។
យ័ញថាញ់ដាក កំពុងផាត់ពណ៌គំនូរ។
យ័ញថាញ់ដាក ឆ្លាក់ក្បាច់រចនានៅវត្តអំពូយារ។
យ័ញថាញ់ដាក កំពុងគូរគំនូរទូក-ង។
ពេលអាយុ១៣ឆ្នាំ យ័ញថាញ់ដាក បានចូលបួសនៅវត្តគ្រញូង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ គ្រាបួសរៀននៅវត្ត សាមណេរយ័ញថាញ់ដាក បានឃើញសិប្បករយ័ញហ្វាដុង គូរគំនូរពុទ្ធប្បវត្តិនិងឆ្លាក់ក្បាច់រចនាលើជញ្ជាំងព្រះវិហារ សាលាទានជាដើម ទើបនេនជក់ចិត្តដិតអារម្មណ៍ ហើយក៏សុំរៀនតែម្តង។ ក្រោយពីបួសបាន៣វស្សា សាមណេរយ័ញ ថាញ់ដាក បានលាចាកសិក្ខាបទ ហើយដើរតាមគ្រូទៅគូរគំនូរនៅវត្តនានាក្នុងខេត្តគៀងយ៉ាង។ ឆ្នាំ២០១៥ យ័ញថាញ់ដាក បានព្រះចៅអធិការវត្តដៃអំពូរ ស្រុកមីស្វៀង ខេត្តសុកត្រាំង ជួលមកគូរគំនូរពុទ្ធប្បវត្តិ ឆ្លាក់ក្បាច់ រចនា និងរូបសំណាកផ្សេងៗក្នុងវត្ត។ យ័ញថាញ់ដាក ឱ្យដឹង៖ “នេះជាលើកដំបូងដែលខ្ញុំមកខេត្តសុកត្រាំងគូរគំនូរនិងឆ្លាក់ក្បាច់រចនា បានគ្រប់គ្នាសរសើរ ហើយបានព្រះចៅអធិការវត្តពេជ្រមង្គល ជួលទៅគូរគំនូរទូក-ង។ ចាប់តាំងពីនោះ ខ្ញុំបានស្រាវជ្រាវរូបគំនូរលើ ទូក-ងជាច្រើន រួមទាំងគំនូរនៅប្រទេសកម្ពុជា ដើម្បីជ្រើសរើសក្បាច់រចនា គំនូរល្អៗ។ ក្នុងពេលគូរ ខ្ញុំក៏ច្នៃប្រតិដ្ឋដើម្បីទូក-ងមើលទៅមានភាពទាក់ទាញ និងពិសេសប្លែកជាងទូក-ងដទៃផង។ អាស្រ័យដូច្នោះ ទើបព្រះចៅអធិការវត្តពេជ្រមង្គល ពេញចិត្ត ហើយជួលខ្ញុំនៅគូរនិងឆ្លាក់ក្បាច់រចនាក្នុងវត្តជាបន្ត”។
ឃើញទូក-ងវត្តពេជ្រមង្គលមានគំនូរល្អ ទើបព្រះចៅអធិការវត្តអំពូយារ បានជួលយ័ញថាញ់ដាក ទៅគូរទូក-ង២គ្រឿង។ ក្នុងពេលគូរ យ័ញថាញ់ដាក មានភាពច្នៃប្រតិដ្ឋ ម្ល៉ោះហើយក្បាច់រចនា រូបគំនូរលើទូក-ងសុទ្ធតែស្រស់ស្អាតនិងលេចធ្លោ។ ព្រោះហេតុនោះ ព្រះចៅអធិការវត្តអំពូយារ ជួលយ័ញថាញ់ដាក ឱ្យបន្តនៅសិតពុម្ពក្បាច់នាគ គ្រុឌ កិន្នរ និងគូរគំនូរលើជញ្ជាំងព្រះវិហារ សាលាដែលកំពុងតែកសាង។ យ័ញថាញ់ដាក ឱ្យដឹង៖ “រយៈពេលជាង ១០ ឆ្នាំនៅក្នុងវត្ត បានធ្វើឱ្យខ្ញុំ មានអារម្មណ៍សុភមង្គល រីករាយ ខណៈពេលរៀនបានមុខរបរដែលខ្លួនជក់ចិត្ត។ ចំពោះរូប ខ្ញុំមុខរបរនេះមានតម្លៃខ្លាំងណាស់ ជាពិសេស ខណៈពេលផ្ទាល់ដៃខ្ញុំឆ្លាក់ក្បាច់រចនា គូរគំនូរលើទូក-ង គូរគំនូរពុទ្ធប្បវត្តិ ចាប់ពីប្រសូតត្រាស់ដឹង រហូតដល់បរិនិព្វាន ធ្វើឱ្យខ្ញុំរឹតតែស្រឡាញ់មុខរបរច្រើនថែមទៀត។ រូបសំណាក នាគ គ្រុឌ កិន្នរនិងក្បាច់រចនាផ្សេងៗរបស់ជនរួមជាតិខ្មែរគឺល្អខ្លាំងណាស់ កាន់តែធ្វើកាន់តែជក់ចិត្ត”។
បច្ចុប្បន្ន យ័ញថាញ់ដាក កំពុងបង្ហាត់ដោយឥតគិតថ្លៃដល់យុវជនខ្មែរនិងព្រះសង្ឃចំនួន៧អង្គនិងរូប ព្រមទាំងកំពុងកសាងសំណង់ ព្រះវិហារ សាលា វេទិកាសិល្បៈ។ល។ ជូនវត្តអំពូយារ វត្តស្រឡូង និងវត្តសង្កែ។ តាមប្រសាសន៍យ័ញថាញ់ដាក មុខរបរឆ្លាក់និងគូរគំនូរមិនពិបាកទេ ប៉ុន្តែសំខាន់គឺមានភាពជក់ចិត្ត ព្យាយាមរៀនសូត្រ។ ក្រៅពីនោះ ត្រូវចេះរបៀបផាតពណ៌ដើម្បីរូបគំនូរក្បាច់រចនាមានភាពស្រស់ស្អាត ពិសេសប្លែកលេចធ្លោ និងដិតដាមដោយអត្តសញ្ញាណវប្បធម៌ខ្មែរ៕
យ្វីអាញ-ថាច់ធី