មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/06/2023 - 14:44

លោក​ចៅ​កក កសិករ​ផលិត​ពូកែ​នៅ​ឃុំ​ណូយ​តូ

លោក​ចៅ​កក។

ឆ្នាំ​នេះ​គាត់​មាន​អា​យុជិត​៦០ឆ្នាំ​ហើយ​ ប៉ុន្តែ​លោក​ចៅ​កក នៅ​ភូមិ​តូធ្វឹង ឃុំ​ណូយ​តូ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​ នៅ​តែ​ខិត​ខំ​ពល​កម្ម​ផលិត។ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ លោក​ទទួល​បាន​ការ​ស្ងើច​សរ​សើរ​ជា​កសិករ​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូកែ។

 

លោក​ចៅ​កក មាន​ដី​បង្ក​បង្កើន​ផល​ ២ ហិក​តា។ មុន​នេះ​ គាត់​ធ្វើ​ស្រែ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ លោក​ចៅ​កក បាន​ឱ្យ​ដឹង​៖ “ការ​ផលិត​ស្រូវ​ក្នុង​រវាង​ ៣ ឆ្នាំ​ទើប​ “ស្រូវ​បាន​ទិន្ន​ផល​ខ្ពស់​ លក់​បាន​ថ្លៃ​” បាន​ ១ ឆ្នាំ​។ ប៉ុន្តែ​តម្លៃ​ជី ថ្នាំ​ ភ្ជួរ ច្រូត​កាត់​ ឆ្នាំ​ក្រោយ​តែង​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុន។ ការ​ផលិត​ស្រូវ​ត្រូវ​បាន​ចាត់​ទុក​ថា គ្មាន​ប្រសិទ្ធ​ភាព​អ្វី​ទេ។ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​គិត​ថា គួរ​មាន​ការ​ផ្លាស់​ប្ដូរ​ផលិត​កម្ម​”។ គិត​ឃើញ​ដូច្នោះ គាត់​បាន​ស្វែង​យល់​ពី​តម្រូវ​ការ​ទីផ្សារ​ ពិសេស​គឺ​តម្រូវ​ការ​បន្លែ ផ្លែ​ឈើ​ជ្រះ​និង​សុវត្ថិ​ភាព​។ ពេល​ “ក្ដាប់​ច្បាស់​” ថា “មាន​ច្រក​ចេញ​” គាត់​បាន​ពិភាក្សា​ជា​មួយ​នឹង​ប្រ​ពន្ធ​ ដើម្បី​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ ០,៥៥ ហិក​តា មក​ដាំ​ឈើ​ហូប​ផ្លែ។

ដំ​បូង​ គាត់​ដាំ​ដូង​ ២០០ ដើម​ ឆ្លាស់​ជា​មួយ​នឹង​ស្វាយ ២០០ដើម​ (ស្វាយ​ថៃ​ ស្វាយ​តៃ​វ៉ាន់​ ស្វាយ​កែវ​រមៀត។ល។) ដើម្បី​ “យក​ខ្លី​ចិញ្ចឹម​វែង​” ក្នុង​ចម្ការ គាត់​ដាំ​បន្លែ​បង្ការ​គ្រប់​ប្រ​ភេទ​ មាន​ដូច​៖ ននោង​ ត្រកួន​ ស្ពៃ​ហាង​ ជីរ​ក្រ​អូប​គ្រប់​ប្រ​ភេទ​។ល។ “ដើម្បី​ជៀស​វាង​កក​ស្ទះ​ទី​ផ្សារ​ ខ្ញុំ​ឧស្សាហ៍​មើល​ព័ត៌​មាន​អំ​ពី​តម្រូវ​ការ​និង​តម្លៃ​ទី​ផ្សារ​បន្លែ​បង្ការ​គ្រប់​ប្រ​ភេទ។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ យោង​តាម​អា​កាស​ធាតុ​ ខ្ញុំ​ជ្រើស​ដាំនូវ​ប្រ​ភេទ​បន្លែ​បង្ការ​ដែល​សម​ស្រប​” លោក​ចៅ​កក បាន​ចែក​រំ​លែក​ដូច្នោះ។ មិន​តែ​ប៉ុណ្ណោះ​ ពិនិត្យ​ឃើញ​តម្រូវ​ការ​ “បន្លែ​ជ្រះ​សុវត្ថិ​ភាព​” កាន់​តែ​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ បាន​ជា​គាត់​ស្វែង​រក ស្រាវ​ជ្រាវ​របៀប​ដាំ​បន្លែ​បង្ការ​មិន​ប្រើ​ប្រាស់​ជីគីមី។ “ខ្ញុំ​ចិញ្ចឹម​គោ ហើយ​ប្រើ​ប្រាស់​លាមក​គោ ជី​សរីរាង្គ​សម្រាប់​ដាក់​បន្លែ ឈើ​ហូប​ផ្លែ។ អា​ស្រ័យ​ហេតុ​នោះ​ មិន​ត្រឹម​តែ​ប្រិត​សំ​ចៃ​បាន​ប្រាក់​ចំ​ណាយ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បាន​អ្នក​ជា​ច្រើន​ដឹង​ស្គាល់​ហើយ​ និយម​ទិញ​ហូប ម្ល៉ោះ​ហើយ​បន្លែ​បង្ការ​ដែល​ខ្ញុំ​ដាំ​តែង​លក់​បាន​ថ្លៃ​លំ​នឹង។ ចំ​ណែក​ចម្ការ​ឈើ​ហូប​ផ្លែ​របស់​ខ្ញុំ ​ពេល​ណា​ក៏​មាន​ភាព​លូត​លាស់​ល្អ​នោះ​ដែរ​” លោក​ចៅ​កក បាន​ចែក​រំ​លែក​ដូច្នេះ​។ ពេល​ដើម​ដូង​ ដើម​ស្វាយ​កាន់​តែ​ធំ​ គាត់​បាន​បង្រួញ​ផ្ទៃ​ដី​ដាំ​បន្លែ​បង្ការ។ ជំ​នួស​វិញ​ គឺ​គាត់​ចិញ្ចឹម​មាន់​ព្រ​លែង​ក្នុង​ចម្ការ​ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម។

លោក​ចៅ​កក កំ​ពុង​ថែ​ទាំ​ចម្ការ។

លោក​ចៅ​សុខុម ប្រធាន​សមា​គមក​សិករ​ឃុំ​ណូយ​តូ ឱ្យ​ដឹង​៖ ក្រៅ​ពី​ឧស្សាហ៍​ព្យា​យាម​ ភាព​ជោគ​ជ័យ​របស់​លោក​ចៅ​កក គឺ​ចូល​ចិត្ត​រៀន​សូត្រ ស្វែង​យល់​និង​មិន​រួញ​រា​អនុវត្ត​របៀប​ថ្មី​ៗ ក្នុង​ផលិត​កម្ម​។ “ដូច​ជា​រឿង​ដាំ​ស្វាយ គាត់​បាន​ស្រាវ​ជ្រាវ​ហើយ​សាក​ល្បង​ដោយ​ជោគ​ជ័យ​នូវ​របៀប​ធ្វើ​ឱ្យ​ស្វាយ​ចេញ​ផ្លែរ​ប៉េះ​របោះ។ល។ ម្ល៉ោះ​ហើយ​ ចម្ការ​ស្វាយ​របស់​លោក​ចៅ​កក មាន​ផ្លែ​ខួប​ឆ្នាំ។ អា​ស្រ័យ​ហេតុ​នោះ​ ស្វាយ​របស់​គាត់​តែង​លក់​បាន​ថ្លៃ​ខ្ពស់​ ហើយ​គ្មាន​ដែល​ធ្លាក់​ក្នុង​ស្ថាន​ភាព​កក​ស្ទះ​ទំ​និញ កក​ស្ទះ​ទីផ្សារ​នោះ​ទេ។ រឿង​ដាំ​ដូង​ក៏​ដូច​គ្នា​ដែរ​ លោក​ “គ្រប់​គ្រង​” ឱ្យ​ដូង​ចេញ​ផ្លែ​តាម​បំ​ណង។ ជា​ការ​ពិត​ណាស់​ ដូង​ដែល​គាត់​ដាំ​ស្ថិត​ក្នុង​ដំ​ណាក់​ការ​លក់​បាន​ថ្លៃ​ខ្ពស់​បង្គួរ” លោក​ចៅ​សុខុម បាន​ឱ្យ​ដឹង​ដូច្នោះ។

ផ្ដើម​ពី​ការ​ផលិត​ស្រូវ ដាំ​ចម្ការ ដាំ​បន្លែ​បង្ការ ចិញ្ចឹម​សត្វ។ល។ រយៈ​ពេល​ជាង​ ៥ ឆ្នាំ​មក​នេះ​ គ្រួសារ​លោក​ចៅ​កក រក​បាន​ប្រាក់​ចំ​ណូល​ជិត​ ២០០ លាន​ដុង/ឆ្នាំ។ ពេល​និយាយ​ដល់​រឿង​នេះ​ លោក​ចៅ​កក តែង​មាន​មោទ​នភាព​រហូត៖ “ខ្ញុំ​គិត​ថា ខ្លួន​មិន​ទាន់​ជោគ​ជ័យ​ណាស់​ណា​ទេ។ ប៉ុន្តែ​ក្នុង​ស្ថាន​ភាព​តម្លៃ​ទំ​និញ​លំ​បាក​ដូច​សព្វ​ថ្ងៃ​ ប្រាក់​ចំ​ណេញ​ផ្ដើម​ពី​ផលិត​កសិកម្ម​បាន​ជួយ​គ្រួ​សារ​ខ្ញុំ​លំ​នឹង​ជីវ​ភាព​ សេដ្ឋ​កិច្ច​គ្រួសារ​បាន​កែ​លម្អ​។ ពិសេស​ ផ្ដើម​ពី​ការ​ធ្វើ​កសិកម្ម​ ខ្ញុំ​គិត​គូរ​ឱ្យ​កូន​ៗរៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ ហើយ​សព្វ​ថ្ងៃ​ ពួក​គេ​មាន​ការ​ងារ​ធ្វើ​គិត​គូរ​ឱ្យ​គ្រួសារ​រៀង​ៗ​ខ្លួន”៕

                            ថាញ​ឡុង​ - ថាច់ធី

ចែករំលែកអត្ថបទ