អស់រយៈពេលជាង ២៦ ឆ្នាំ ផ្សារភ្ជាប់នឹងសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តបាកលីវ អ្នកគ្រូត្រឹងធីគឹមយុង តែងបានមិត្តរួមអាជីពរាប់អាន សិស្សគោរពស្រឡាញ់ដូច “ម្តាយទី ២”។
អ្នកគ្រូត្រឹងធីគឹមយុង។
លោកគ្រូត្រឹងវ៉ាន់ជុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកខេត្តបាកលីវ ឱ្យដឹង៖ “អ្នកគ្រូត្រឹងធីគឹមយុង តែងចាត់ទុកសិស្សដូចកូនៗជាទីស្រឡាញ់។ ពិសេសគឺ ក្នុងរដូវជំងឺ COVID-១៩ គ្រាន់តែឮថាសិស្សឈឺ អ្នកគ្រូក៏ទិញទឹកដោះគោ ថ្នាំនិងម្ហូបអាហារជាច្រើនមុខយកទៅដល់បន្ទប់ ជួយមើលថែប្អូនៗ ។ល។ ក្រៅពីនោះ អ្នកគ្រូនៅទាំងចលនាអតីតសិស្សទិញទូរស័ព្ទស្មាតហ្វូន ៤ គ្រឿង ជូនសិស្សក្រីក្ររបស់សាលា ដើម្បីរៀនតាមប្រព័ន្ធអនឡាញ។ ជារៀងរាល់ឆ្នាំ អ្នកគ្រូថែមទាំងចលនាអាហារូបករណ៍បានជាង ៣៥ ចំណែកជូនសិស្សក្រីក្រ រៀនពូកែរបស់សាលា”។
អ្នកគ្រូត្រឹងធីគឹមយុង តែងយកចិត្តទុកដាក់ដល់ការរៀនរបស់សិស្ស។
មិនត្រឹមតែអស់ពីចិត្តជាមួយនឹងសិស្សប៉ុណ្ណោះទេ អ្នកគ្រូគឹមយុង នៅទាំងមានបទពិសោធន៍ច្រើនក្នុងមុខវិជ្ជាប្រវត្តិសាស្ត្រ។ សិស្សជាច្រើនដែលបានអ្នកគ្រូជួយបំប៉ន តែងសម្រេចបានលទ្ធផលខ្ពស់ក្នុងការប្រឡងសិស្សពូកែថ្នាក់ខេត្ត។ ប្អូនថាច់ញីខាង ជាសិស្សវិទ្យាល័យជនជាតិអន្តេវាសិកខេត្តបាកលីវ ឱ្យដឹង៖ “អ្នកគ្រូគឹមយុង ដូចជា “ម្តាយទី២” របស់យើងខ្ញុំ។ ក្នុងម៉ោងរៀន អ្នកគ្រូគាត់ម៉ឺងម៉ាត់ណាស់ ដើម្បីសិស្សងាយយល់ រៀនបានល្អ។ ប៉ុន្តែពេលចប់ម៉ោងរៀនក្នុងថ្នាក់ អ្នកគ្រូផ្តល់ក្តីស្រឡាញ់សិ្នទ្ធស្នាល ហើយតែងការពារជួយឧបត្ថម្ភសិស្សក្នុងគ្រាលំបាក”។ មិនត្រឹមតែយកចិត្តទុកដាក់ដល់សិស្សក្នុងថ្នាក់ប៉ុណ្ណោះទេ អ្នកគ្រូតែងឆ្លៀតទៅកាន់អន្តេវាសិកដ្ឋានណែនាំសិស្សរស់នៅសមូហភាពឱ្យចេះសម្របសម្រួលខ្លួន សាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមក។ ពិសេស អ្នកគ្រូក៏បានចលនាអតីតសិស្សទិញម៉ាស៊ីនចម្រោះទឹកជូនសិស្សនៅអន្តេវាសិកដ្ឋាន។ អ្នកគ្រូគឹមយុង ឱ្យដឹង៖ “នាងខ្ញុំផ្សារភ្ជាប់នឹងសាលានេះតាំងតែពីទើបបង្កើតរហូតមក បានបង្ហាត់សិស្សខ្មែរចេញសាលាពីជំនាន់មួយទៅជំនាន់មួយ។ ហេតុនេះ នាងខ្ញុំយល់ច្បាស់ពីស្ថានភាពរបស់សិស្ស ដែលរស់នៅឆ្ងាយពីផ្ទះ ម្ល៉ោះហើយអាណិតស្រឡាញ់ប្អូនៗខ្លាំងណាស់។ នាងខ្ញុំតែងមានចំណងទំនាក់ទំនងជិតស្និទ្ធ យល់ច្បាស់ពីប្អូនៗ និងចែករំលែក ដើម្បីធ្វើជាទីបង្អែកខាងស្មារតីឱ្យសិស្សស្ងប់ចិត្តសិក្សាបានល្អ”។
អ្នកគ្រូគឹមយុង តែងស្វែងយល់ពីស្ថានភាពនៃសិស្សម្នាក់ៗ ដើម្បីក្តោបក្តាប់ពីទឹកចិត្តនិងបំណងប្រាថ្នារបស់សិស្ស។ ផ្តើមពីនោះ ទើបមានរកដំណោះស្រាយ ឧបត្ថម្ភបានសមស្របទាន់ពេលវេលា។ បំផុតគឺចំពោះសិស្សដែលមានស្ថានភាពពិសេសដោយឡែក អ្នកគ្រូគឹមយុង ជួយសិស្សជម្នះស្ថានភាពលំបាកដើម្បីរៀនសូត្របានល្អ ដូច្នេះអ្នកគ្រូ តែងបានសិស្សគោរពស្រឡាញ់។ អ្នកគ្រូគឹមយុង សំណេះសំណាល៖ “នាងខ្ញុំគិតថា ជាគ្រូបង្រៀននៅសាលាអន្តេវាសិក ក្រៅពីការបង្រៀនល្អ គឺត្រូវអនុវត្តល្អតួនាទី ជា “ម្តាយទី២”។ ពីព្រោះសិស្សអន្តេវាសិកភាគច្រើនគឺរស់នៅឆ្ងាយពីឪពុកម្តាយ ដូច្នេះគ្រូបង្រៀនត្រូវជួយណែនាំប្អូនៗស្វែងរកដំណោះស្រាយជម្នះលំបាក សិក្សាបានល្អ”៕
លីធាន-មុនី