រឿងរ៉ាវឆ្លងកាត់ការលំបាក ដើម្បីក្លាយជាអ្នកបរិញ្ញារបស់សុើងធីង៉ុកទ្រិញ និស្សិតឆ្នាំបញ្ចប់ ផ្នែកគ្រប់គ្រងដីធ្លីនៃសាកលវិទ្យាល័យកឹងធើ ស្រុកកំណើតនៅភូមិត្រាសុើង ឃុំហ៊ឺវថាញ់ ស្រុកត្រាអូង ខេត្តវិញឡុង គឺជាគំរូសម្រាប់មិត្តយុវវ័យជាច្រើន។
សុើងធីង៉ុកទ្រិញ កំពុងរំលឹកមេរៀនឡើងវិញ។
ពេលសួរអំពីស្ថានភាពគ្រួសារ សុើងធីង៉ុកទ្រិញ ឲ្យដឹង៖ “គ្រួសារនាងខ្ញុំមានបងប្អូន៣នាក់ ហើយបានប្រឡងជាប់ចូលរៀនមហាវិទ្យាល័យជាបន្តបន្ទាប់។ ស្ថានភាពគ្រួសារក្រលំបាកទាំងកម្រៃសិក្សានិងការហូបចុកប្រចាំថ្ងៃ គឺពឹងលើកម្លាំងធ្វើការឈ្នួលរបស់ឪពុកម្តាយទាំងស្រុង។ ថ្វីបើដូច្នោះក្តី ប៉ុន្តែពេលណាក៏ដោយ ឪពុកម្តាយខ្ញុំតែងតែលើកទឹកចិត្តដល់កូនៗ គប្បីខិតខំរៀនសូត្រឲ្យបានល្អ ដើម្បីអនាគតមានការងារធ្វើលំនឹង កុំឲ្យហត់នឿយ ដូចឪពុកម្តាយ”។ ដោយការយល់ឃើញថា គ្រួសារមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់កម្រៃសិក្សាឲ្យកូន៣នាក់ក្នុងពេលតែមួយបាន។ ដូច្នោះ បងប្អូនង៉ុក ទ្រិញប្តេជ្ញាចិត្តខិតខំរៀនសូត្រឲ្យបានល្អ ដើម្បីកុំឲ្យខកបំណងឪពុក ម្តាយផងនិងរៀនសូត្រពូកែបានទទួលអាហារូបករណ៍ផង បងប្អូនសុើងធីង៉ុកទ្រិញ ទាំង៣នាក់តែងរៀនសម្រេចបានស្នាដៃល្អចាប់តាំងពីកម្រិតមធ្យមសិក្សាមូលដ្ឋាន រហូតដល់មធ្យមសិក្សាចំណេះទូទៅ។ ក្នុងនោះ លេចធ្លោបំផុត គឺសុើងធីង៉ុកទ្រិញ បានទទួលអាហារូបករណ៍ពីមូលនិធិអាហារូបករណ៍ “Vừ A Dính” សម្រាប់សិស្សជនជាតិភាគតិចក្រីក្រដែលជម្នះការលំបាករៀនពូកែ និងអាហារូបករណ៍១ចំណែក”ជំនួយកម្លាំងទៅកាន់សាលា” សម្រាប់ប្អូនៗ សិស្សានុសិស្សដែលមានស្ថានភាពក្រលំបាកលើភូមិសាស្រ្តខេត្ត វិញឡុង។
ជាមួយនឹងការប្តេជ្ញាចិត្តក្លាយជាអ្នកបរិញ្ញាបម្រើការងារនៅភូមិកំណើត ហេតុនោះចាប់ពីថ្ងៃចូលរៀនមហាវិទ្យាល័យ សុើងធីង៉ុកទ្រិញ ក៏មិនរួញរានឹងការលំបាកនៅពេលទំនេរង៉ុកទ្រិញ តែងឆ្លៀតទៅរកការងារធ្វើបន្ថែម ដូចជារត់តុ នៅហាងបាយ ហាងកាហ្វេ ឬបុគ្គលិកជំនួយការលក់ដូរនៅហាងសម្លៀកបំពាក់ ស្បែកជើងជាដើម។ ថ្វីបើប្រាក់កម្រៃស្តួចស្តើងក៏ពិតមែន ប៉ុន្តែក៏អាចរួមចំណែកបង់កម្រៃសិក្សាសម្រាលបន្ទុកដល់ឪពុកម្តាយផងដែរ។ សុើងធីង៉ុកទ្រិញ មានបងស្រីឈ្មោះសុើងធីបុប្ផា ទើបប្រឡងបញ្ចប់មហាវិទ្យាល័យផ្នែកអភិវឌ្ឍជនបទនៃសាកលវិទ្យាល័យកឹងធើ និងប្អូនប្រុសពៅឈ្មោះសុើងង៉ុកហា កំពុងសិក្សាផ្នែកចិញ្ចឹមជលផលនៅមហាវិទ្យាល័យដុងថាប។ សុើងធីង៉ុកទ្រិញ ឲ្យដឹង៖ “ថ្វីបើមិនទាន់រកបានការងារធ្វើលំនឹងក៏ពិតមែន ប៉ុន្តែបងស្រីរបស់នាងខ្ញុំតែងទៅរកការងារធ្វើបន្ថែមនៅហាងលក់ដូរនានា ដើម្បីជួយឪពុកម្តាយរកប្រាក់កាស គិតគូរឲ្យប្អូនៗរៀនសូត្រផងដែរ។ បើនិយាយអំពីទ្រព្យសម្បត្តិរបស់គ្រួសារនាងខ្ញុំ គ្មានអ្វីក្រៅពីផ្ទៃដីល្មមសម្រាប់សង់ផ្ទះនោះឡើយ។ កាលពីនៅតូច នាងខ្ញុំធ្លាប់ឃើញផ្ទាល់ចំពោះស្ថានភាពឪពុកម្តាយ ដែលតែងតែធ្វើការរកស៊ីហត់នឿយដើម្បីគិតគូរឲ្យជីវភាពគ្រួសារទាំងមូល។ ហេតុតែអាណិតអាសូរចំពោះឪពុកម្តាយ បានជាបងប្អូនយើងខ្ញុំទាំង៣នាក់តែងប្តេជ្ញាចិត្ត ស៊ូលំបាកក្នុងពលកម្មរៀនសូត្រ ដោយសង្ឃឹមថា នឹងជួយសម្រាលបន្ទុកឪពុកម្តាយ”៕
ដាវី-សេរី