ករណីកើតជំងឺគ្រុនឈាម កំពុងកើនឡើងរហ័សនៅតាមខេត្ត ក្រុងភាគខាងត្បូងនិយាយរួមនិងទីក្រុងកឹងធើនិយាយដោយឡែក។ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ចំនួនករណីកើតជំងឺនិងស្លាប់មានកម្រិតខ្ពស់។ ដើម្បីម្ចាស់ការបង្ការបង្ក្រាបនិងទប់ស្កាត់ មន្ទីរសុខាភិបាលទីក្រុងកឹងធើ បានកោះប្រជុំថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត និងកងជួរសុខាភិបាលជាង ៤០ មន្ទីរពេទ្យ និងគ្រឹះស្ថានសុខាភិបាលលើភូមិសាស្ត្រ ចូលរួមកម្មវិធីហ្វឹកហាត់ធ្វើឱ្យទាន់សម័យពីការព្យាបាលជំងឺគ្រុនឈាម ដើម្បីកុំឱ្យកើនឡើងករណីកើតជំងឺនិងបាត់បង់ជីវិត។

វេជ្ជបណ្ឌិត លើកជាសំណួរទៅកាន់វាគ្មិន។
ស្ថានភាពជំងឺឆ្លងរាលដាលគួរឱ្យបារម្ភ
តាមប្រព័ន្ធពិនិត្យជំងឺឆ្លងរបស់ក្រសួងសុខាភិបាល គិតមកទល់ខែកក្កដា ឆ្នាំ ២០២៥ បណ្តាខេត្តនៅភាគខាងត្បូងកើតជំងឺគ្រុនឈាមជាង៣៣.៦០០ករណី កើនជិតទ្វេដងបើប្រៀបធៀប នឹងឆ្នាំទៅមិញ ដោយបាត់បង់ជីវិតជាង១០ករណី។ នៅក្រុងកឹងធើ បានកត់សម្គាល់ជំងឺគ្រុនឈាម១.៥០០ករណី និងមានសំបុករោគ៦០០កន្លែង; សំណាងល្អគ្មានករណីបាត់បង់ជីវិត។ ថ្វីដ្បិតដូច្នោះក្តី ស្ថានភាពជំងឺឆ្លងរាលដាលកំពុងប្រែប្រួលស្មុគស្មាញ ករណីជំងឺកើនចាប់ពីសប្តាហ៍ទី២៥មក។ ភូមិសាស្ត្រធើយឡាយ មានសំបុករោគជាងពាក់កណ្តាលក្នុងទូទាំងតំបន់; ភូមិសាស្ត្រប៊ិញធ្វី មានអត្រាកើតជំងឺគ្រុនឈាមខ្ពស់បំផុត ដោយមាន៨៧ករណី/១០០.០០០ប្រជាជន។
តាមប្រសាសន៍សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ផាមវុាំងក្វាង ប្រធានផ្នែកប្រពោធនកម្មសង្គ្រោះបន្ទាន់ ប្រឆាំងជាតិពុលនៃមន្ទីរពេទ្យកុមារ១ ប៉ុន្មានឆ្នាំមកនេះ ករណីបាត់បង់ជីវិតបណ្ដាលមកពីជំងឺគ្រុនឈាមមាននិន្នាការកើនឡើងច្រើនបំផុតគឺនៅឆ្នាំ២០២២ មាន១៥០ករណី។ ឆ្នាំនេះ ករណីបាត់បង់ជីវិតបណ្ដាលមកពីជំងឺគ្រុនឈាម បែរជាមានសញ្ញាកើនឡើង។ ទើបចូលរដូវភ្លៀងដើមឆ្នាំ ដោយឡែកតែទីក្រុងហូជីមិញ បាត់បង់ជីវិត១២ករណី ក្នុងនោះមានមនុស្សចាស់១០នាក់ និងកុមារ២នាក់។ ចំពោះករណីដែលបាត់បង់ជីវិត បណ្ដាលមកពីមូលហេតុចម្បង នោះគឺរកឃើញជំងឺយឺត នាំមកកាន់មន្ទីរពេទ្យយឺត ព្យាបាលជំងឺមិនទាន់ត្រូវតាមផែនការព្យាបាល អ្នកជំងឺលាប់ធ្ងន់ អាការៈរោគធ្ងន់ធ្ងរ ការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើមិនទាន់សុវត្ថិភាពជាដើម។
កំណត់សម្គាល់ករណីជំងឺប្រកាសអាសន្ន ទប់ស្កាត់ការបាត់បង់ជីវិត
ផ្នែកសមត្ថកិច្ចបានព្យាករណ៍ អាកាសធាតុ ឆ្នាំ ២០២៥ ងាយស្រួលឱ្យសត្វមូសកើតកើន ដូច្នេះជំងឺគ្រុនឈាមមានហានិភ័យបន្តកើនឡើង ប្រសិនបើមិនប្តូរផ្តាច់ផ្សព្វផ្សាយអនុវត្តវិធានការបង្ការបង្ក្រាបចាប់ពីដំបូងដៃនោះទេ។
នៅក្នុងកម្មវិធីហ្វឹកហាត់អាស្រ័យមន្ទីរសុខាភិបាលទីក្រុងកឹងធើ រៀបចំឡើងសាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ផាមវុាំងក្វាង គូសបញ្ជាក់៖ ទិសដៅធំបំផុតក្នុងវិស័យព្យាបាលជំងឺគ្រុនឈាម នោះគឺទប់ស្កាត់ករណីបាត់បង់ជីវិត។ ប្រការនេះ ទាមទារគ្រប់មន្ទីរពេទ្យនិងបុគ្គលិកពេទ្យ គប្បីដោះស្រាយកត្តានានាឱ្យបានល្អ រួមមានធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ វិធីព្យាបាលត្រូវតាមផែនការព្យាបាល បង្កើនការពិគ្រោះយោបល់ករណីជំងឺធ្ងន់រវាងមន្ទីរពេទ្យគ្រប់ថ្នាក់និងការជញ្ជូនអ្នកជំងឺធានាសុវត្ថិភាព។ ការធ្វើរោគវិនិច្ឆ័យបានឆាប់ និងច្បាស់លាស់ បង្ការប្រសើរជាងចោលរំលង រួមចំណែកយ៉ាងសំខាន់លើលទ្ធផលនៃការព្យាបាល ការពារអាយុជីវិតអ្នកជំងឺ។
វេជ្ជបណ្ឌិតឯកទេសកម្រិត I ង្វៀងទ្រុងងៀ អនុប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកុមារទីក្រុងកឹងធើ បានធ្វើការក្រើនរំលឹក សំដៅធានាសុវត្ថិភាពសម្រាប់អ្នកជំងឺជាកុមារពេលបញ្ជូនទៅកាន់មន្ទីរពេទ្យថ្នាក់លើ។ អង្គភាពមន្ទីរពេទ្យទទួលអ្នកជំងឺ គប្បីពិគ្រោះយោបល់ជំងឺនិងផ្ដល់ព័ត៌មានគ្រប់គ្រាន់ពីការព្យាបាលដល់មន្ទីរពេទ្យដែលត្រូវបញ្ជូនទៅជាបន្ត; បញ្ជូនមកមន្ទីរពេទ្យថ្នាក់បន្តលុះត្រាតែមន្ទីរពេទ្យនោះព្រមទទួលព្យាបាល។ ករណីមន្ទីរពេទ្យថ្នាក់បន្តវាយតម្លៃថា ការបញ្ជូនអ្នកជំងឺគ្មានសុវត្ថិភាព នោះមន្ទីរពេទ្យដែលទទួលអ្នកជំងឺពីដំបូងត្រូវបន្តការព្យាបាលតាមការផ្តល់យោបល់ពីមន្ទីរពេទ្យថ្នាក់បន្ត ឆ្លងតាមរយៈការពិគ្រោះយោបល់ជំងឺដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ។
ចំពោះជំងឺគ្រុនឈាមលើមនុស្សចាស់វិញ តាមប្រសាសន៍វេជ្ជបណ្ឌិតឯកទេសកម្រិត II ផាងវិញ-ថ មន្ទីរពេទ្យជំងឺត្រូពិចទីក្រុងហូជីមិញ ហានិភ័យដែលគំរាមគំហែងដល់អាយុជីវិតអ្នកជំងឺគឺស្ថានភាពលាប់ធ្ងន់ ចេញឈាមច្រើន បង្កឱ្យរងរបួសពហុសរីរាង្គ។ កត្តាហានិភ័យមួយចំនួនផ្សេងទៀតលើអ្នកជំងឺវ័យចាស់ គឺដោយវ័យចាស់មានជំងឺប្រចាំកាយច្រើន ធាត់លើសទម្ងន់ឬករណីអ្នកជំងឺជាស្រ្តីមានផ្ទៃពោះ។ ការព្យាបាលជំងឺគ្រុនឈាមទាមទារគ្រូពេទ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក តាមដានដិតដល់អំពីស្ថានភាពអ្នកជំងឺ និងមើលថែព្យាបាលទៅតាមអ្នកជំងឺ នីមួយៗ។
ស្ថិតក្នុងបរិបទនៃកម្មវិធីហ្វឹកហាត់ វាគ្មិនទាំងឡាយបានចែករំលែកបទពិសោធន៍ជាក់ស្តែងជាច្រើន ជួយមិត្តរួមអាជីពនៅកឹងធើ លើកកម្ពស់សមត្ថភាពដោះស្រាយនិងព្យាបាលជំងឺគ្រុនឈាមផងដែរ៕
អត្ថបទ រូប៖ ធូសឿង - ប្រែសម្រួល៖ លីសៀ