អាស្រ័យឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក រវៀសរវៃក្នុងការអនុវត្តទម្រង់ផលិតចម្រុះ ផ្តើមពីគ្រួសារក្រលំបាក បងស្រីថាច់ធីធ្វី នៅភូមិចុង-ង ឃុំហ៊ីវទឺ ស្រុកទីវកឹង ខេត្តត្រាវិញ មិនត្រឹមតែឈានឡើងចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងក្លាយជាគ្រួសារមួយមានជីវភាពធូរធារ។
បងស្រីថាច់ធីធ្វី កំពុងថែទាំហ្វូងគោ។
ផ្តើមអាជីពដំបូង ប្តីប្រពន្ធបងស្រីថាច់ធីធ្វី បានឪពុកម្តាយចែកឱ្យដីស្រែ ៣ កុង។ ជីវភាពក្រលំបាក ពីរនាក់ប្តីប្រពន្ធឆ្លៀតពេលទៅស៊ីឈ្នួលច្រូតស្រូវឱ្យមាមីងក្នុងភូមិ។ ក្រោយពីរយៈកាល ៣ ឆ្នាំសន្សែសន្សំទុនខ្លះៗ ឆ្នាំ ២០០៦ គ្រួសារគាត់ទិញបានគោមួយក្បាលមកចិញ្ចឹម។ បងស្រីថាច់ធីធ្វី ឱ្យដឹង៖ “ចង់ចិញ្ចឹមគោបន្ធាត់សម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ មុននឹងទិញគោត្រូវជ្រើសរើសពូជគោមាឌខ្ពស់ឆ្អឹងធំ តួយ៉ាងដូចជា៖ គោបង្កាត់ស៊ីន Drough master, Brahman, Charolais... បន្ទាប់ពីទិញគោមកត្រូវបញ្ចុះព្រូន ចាក់វ៉ាក់សាំងទៀតទាត់ បង្ការរោគកកឈាម រោគអុតក្តាម។ នៅរដូវក្តៅភាគច្រើនគឺខ្វះស្មៅមិនគ្រប់ផ្តល់ឱ្យគោស៊ី ដូច្នេះ ដើម្បីជៀសវាងស្ថានភាពខ្វះចំណីគោ យើងគប្បីបម្រុងចំបើងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យចំបើងមានសារធាតុចិញ្ចឹមខ្ពស់ គួរជ្រើសវិធីផ្អាប់ចំបើងជាមួយជីអ៊ុយរ៉េ ផ្អាប់ទុកមួយសប្តាហ៍អាចយកឱ្យគោស៊ីបាន។ល។ ហេតុនេះ គោស៊ីឆាប់ធំ កើនទម្ងន់ អាចលក់បានក្រោយពីចិញ្ចឹម ៤ ខែ”។ ក្នុងមួយឆ្នាំ គ្រួសារបងធ្វី ចិញ្ចឹមគោប្រមាណ ២០ ក្បាល លក់គោសាច់ពី ៥ ទៅ ១០ ក្បាល។ ដោយសារឆ្នាំ ២០២៣ គោធ្លាក់តម្លៃ លក់បានតម្លៃពី ១០ ទៅ ១៥ លានដុង/ក្បាល បន្ទាប់ពីទូទាត់គ្រួសារគាត់នៅចំណេញបានជិត ៥០ លានដុង ដោយឡែកក្នុងប៉ុន្មានឆ្នាំគោឡើងថ្លៃ រកបានប្រាក់ចំណេញជិត ១០០ លានដុង។ ជាមួយនឹងការខិតខំប្រឹងប្រែងជម្នះលំបាក ប្រើប្រាស់ប្រិតសំចៃ ក្រោយពីរៀបការ ២០ ឆ្នាំ ប្តីប្រពន្ធបងស្រីធ្វី មិនត្រឹមតែសាងសង់បានកសិដ្ឋានចិញ្ចឹមគោទ្រង់ទ្រាយធំ ថែមទាំងសន្សំសំចៃទិញបានដីស្រែ ១៥ កុង ក្នុងមួយឆ្នាំផលិតស្រូវបាន៣រដូវ។
លោក ង្វៀងវ៉ាន់ចង ប្រធានគណៈកម្មការភូមិចុង-ង ឱ្យដឹង៖ “ចលនាចិញ្ចឹមគោបន្ធាត់ មានភាពរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំជិតៗនេះ គ្រួសារបងស្រីថាច់ធីធ្វី គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលចិញ្ចឹមគោច្រើនក្បាល ចាកផុតពីជីវភាពក្រលំបាក ក៏ផ្តើមពីទម្រង់ចិញ្ចឹមគោផលិតស្រូវ ប្រមូលទិញចំបើងធ្វើជាចំណីសម្រាប់គោ។ នេះគឺជាទម្រង់បំបាត់ភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព ដោយបានភូមិភាគពង្រីកទូលំទូលាយ។ ទូទាំងភូមិ បច្ចុប្បន្ន មានគោប្រមាណជាង ៧០០ ក្បាល”។
លោក ឡឹមវ៉ាន់ហ៊ីវ ប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីវទឺ ឱ្យដឹង៖ “មិនត្រឹមតែជួយណែនាំពីរបៀបរកស៊ីចាកផុតពីភាពក្រីក្រដល់គ្រួសារជាច្រើន ដែលមានដីផលិតតិចតូច ពង្រីកទម្រង់ចិញ្ចឹមគោបន្ធាត់នៅភូមិភាគប៉ុណ្ណោះទេ គ្រួសារបងស្រីថាច់ធីធ្វី ថែមទាំងជាគំរូល្អក្នុងការចលនារៀនសូត្រនិងធ្វើតាមគំរូអ៊ំ។ ឆ្នាំ ២០២០ សាខាបក្សភូមិចុង-ងកសាងទម្រង់ “អនុវត្តការជីកស្តារប្រឡាយវាលស្រែ ដើម្បីធានាប្រភពទឹកសម្រាប់បម្រើការផលិតបានគ្រប់គ្រាន់” គ្រួសារបងស្រីធ្វី បានគាំទ្រយ៉ាងពេញទំហឹង ហើយបរិច្ចាគដីជាង ០,៥ កុង ដើម្បីជីកប្រឡាយនាំទឹកបម្រើការផលិត”៕
សើុងម៉ាល័យ-មុនី