នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ មន្ទីរជនជាតិនិងសាសនា បានសហការជាមួយក្រុមការងារកាសែតនិងវិទ្យុ ទូរទស្សន៍ទីក្រុងកឹងធើ បានធ្វើការពិនិត្យជាក់ស្តែងទីតាំងចាត់តាំងកម្មវិធីផ្សាយផ្ទាល់តាមទូរទស្សន៍ អំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ នៅវត្តដៃអំពូរ ឃុំយ៉ាហ្វា ទីក្រុងកឹងធើ។
គណៈប្រតិភូដែលចូលរួមចុះពិនិត្យទីតាំង រួមមានតំណាងគណៈឃោសនាទីក្រុង; ថ្នាក់ដឹកនាំមន្ទីរជនជាតិនិងសាសនា; តំណាងមន្ទីរ គណៈ ផ្នែកមួយចំនួនរបស់ទីក្រុង ថ្នាក់ដឹកនាំឃុំយ៉ាហ្វា ព្រមទាំងផ្នែកជំនាញពាក់ព័ន្ធ បានចូលរួមពិនិត្យទីតាំង ពិភាក្សានិងឯកភាពលើខ្លឹមសារនៃកិច្ចសហការនានា ដើម្បីធានាឱ្យកម្មវិធីបានចាត់តាំងឡើងប្រកបដោយភាពឱឡារិកនិងប្រសិទ្ធភាព។ ក្នុងឱកាសចុះពិនិត្យទីតាំង តំណាងអង្គភាពពាក់ព័ន្ធនានាបានពិភាក្សានិងឯកភាពលើខ្លឹមសារសំខាន់ៗជាច្រើន ដែលពាក់ព័ន្ធនឹងសេណារីយោកម្មវិធី ទ្រង់ទ្រាយនៃការរៀបចំការសម្តែងសិល្បៈ រយៈពេលនៃការសម្តែង និងផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្ការ ពន្លត់អគ្គិភ័យមុន ក្នុងនិងបន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍។


ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាចាត់តាំងកម្មវិធីផ្សាយផ្ទាល់នៅវត្តដៃអំពូរ។
តាមផែនការ កម្មវិធីផ្សាយផ្ទាល់នឹងធ្វើការផ្សាយនៅវេលាម៉ោង ៨:០០ ដល់ម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៦។ នេះជាកម្មវិធីមួយដែលមានអត្ថន័យនយោបាយនិងសង្គមយ៉ាងជ្រាលជ្រៅ មិនត្រឹមតែមានគោលបំណងបង្កបរិយាកាសសប្បាយរីករាយ និងអបអរសាទរជូនជនរួមជាតិខ្មែរ ក្នុងឱកាសអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិខ្មែរទៀតផង៕
ថាញហុង - ពេជ្រសឿន