នោះគឺអាចារ្យដាវជា អនុប្រធានគណៈកម្មការវត្តសេរីកណ្តាល នៅសង្កាត់វិញភឿក ទីក្រុងកឹងធើ គាត់តែងអស់ពីចិត្តចំពោះសហគមន៍ និងគិតគូរដល់វត្តអារាម។ ដោយមានចិត្តស្មោះត្រង់ ខ្នះខ្នែងនិងមានស្មារតីទទួលខុសត្រូវ ហើយតែងរួមកម្លាំងក្នុងកិច្ចការរួម ចាប់ពីការចាត់តាំងពិធីបុណ្យប្រពៃណី គិតគូរសកម្មភាពក្នុងព្រះពុទ្ធសាសនារហូតដល់ជួយមាមីងពុទ្ធបរិស័ទក្នុងសហគមន៍។

អាចារ្យ ដាវជា (ទីពីរពីខាងឆ្វេង) អនុប្រធានគណៈកម្មការវត្តសេរីកណ្តាល នៅសង្កាត់វិញភឿក។
អាចារ្យដាវជា មិនត្រឹមតែផ្សារភ្ជាប់នឹងវត្តអារាមប៉ុណ្ណោះទេ គាត់ថែមទាំងជាស្ពានភ្ជាប់រវាងវត្តនិងពុទ្ធបរិស័ទ រួមចំណែកក្នុងការថែរក្សាតម្លៃវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អរបស់ជនជាតិទៀតផង។ ទង្វើដ៏ស្ងៀមស្ងាត់របស់គាត់ពោរពេញដោយអត្ថន័យ បានរួមចំណែកធ្វើឱ្យជីវភាពសហគមន៍កាន់តែសាមគ្គី និងប្រកបដោយគុណធម៌។ គាត់បានចូលរួមក្នុងគណៈកម្មការវត្តតាំងពីឆ្នាំ ១៩៨៧ រហូតមកដល់សព្វថ្ងៃ។ ពេលសំណង់ក្នុងវត្តចាស់ទ្រុឌទ្រោម គាត់រួមជាមួយសមាជិកគណៈកម្មការវត្ត និងព្រះចៅអធិការចលនាពុទ្ធបរិស័ទនិងសប្បុរសជនរួមវិភាគទានទឹកប្រាក់ ដើម្បីកសាងសំណង់នៅក្នុងវត្តឱ្យកាន់តែសមរម្យជាងទៀត ដូចជា៖ ជួសជុលព្រះវិហារនិងកសាងសាលាថ្មីមានតម្លៃ ៩ ពាន់លានដុង សមណកុដិ ២ ខ្នងមានតម្លៃ ១៤ ពាន់លានដុង និងបច្ចុប្បន្នកំពុងកសាងសាលាបាលី ២ជាន់ គិតជាទឹកប្រាក់ប្រមាណ ៧ ពាន់លានដុង និងសំណង់រាយរងផ្សេងៗទៀត។ លោក ថាច់យឿង សមាជិកគណៈកម្មការវត្ត ឱ្យដឹង៖ “លោកដាវជា ជាអ្នកយល់ដឹងជ្រៅជ្រះខាងធម៌អាថ៌និងទំនៀមទម្លាប់ និយាយតែងដើរទន្ទឹមនឹងធ្វើ ទង្វើរបស់គាត់សុទ្ធតែមានប្រយោជន៍ដល់វត្តអារាម ចាប់ពីសកម្មភាពចលនាមាមីងពុទ្ធបរិស័ទរួមវិភាគប្រាក់កសាងសំណង់ស្ថាបត្យកម្មក្នុងបរិវេណវត្ត។ ក្រៅពីនោះ គាត់តែងជួយអ្នកក្រីក្រ ហេតុនោះ អ្នកណាក៏គោរពរាប់អាន ហើយពេលចលនាកសាងជនបទអ្នកណាក៏យល់ព្រមឧបត្ថម្ភគាំទ្រ និងជួយជ្រោមជ្រែង”។
អាចារ្យ ដាវជា តែងសកម្មក្នុងការឃោសនា ចលនាពុទ្ធបរិស័ទគោរពម៉ឺងម៉ាត់នូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បំបាត់ទម្លាប់ឱនថយ រួមចំណែកជាមួយអង្គការមហាជននិងរដ្ឋអំណាចភូមិភាគចលនាមិនលេងល្បែងស៊ីសង ស្រាបាយ មិនជឿលើអបិយជំនឿ និងសម្រុះសម្រួលជម្លោះទាស់ទែងក្នុងមាមីងខ្មែរ។ ព្រោះហេតុនោះ ទើបស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិឋានបានរក្សាលំនឹងជានិច្ច។ ព្រះតេជព្រះគុណ ថាច់ហ៊ុង ព្រះចៅអធិការវត្តសេរីកណ្តាល មានថេរដីកា៖ “វត្តបានកសាងស្រស់ស្អាតដូចសព្វថ្ងៃនេះ គឺដោយសារមានការសាមគ្គី និងការពិភាក្សារបស់គណៈកម្មការវត្ត ក្នុងនោះ លោកដាវជា អនុប្រធានគណៈកម្មការវត្ត តែងជិតដិតជាមួយនឹងព្រះសង្ឃដើម្បីចលនាពុទ្ធបរិស័ទ រួមវិភាគទានកសាងសំណង់ស្ថាបត្យកម្មនៅក្នុងវត្ត។ គាត់បានពុទ្ធបរិស័ទនិងសមាជិកគណៈកម្មការវត្តជឿទុកចិត្ត និងគោរពស្រឡាញ់រាប់អាន”។
អាចារ្យ ដាវជា អនុប្រធានគណៈកម្មការវត្តសេរីកណ្ដាល បានរួមចំណែកយ៉ាងជាក់ស្តែងក្នុងការឃោសនា ណែនាំជនរួមជាតិខ្មែរគោរពនូវសេចក្តីកំណត់របស់ច្បាប់ សកម្មចលនាមាមីងខ្មែរថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ កសាងវត្តអារាម និងការងារសុខុមាលភាពសង្គមផ្សេងៗទៀត៕
ដាលីន - វិមាន