ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ការចិញ្ចឹមជ្រូកព្រៃកំពុងក្លាយជាទម្រង់ចិញ្ចឹមសត្វដែលមានសក្តានុភាពអភិវឌ្ឍន៍ខ្លាំង និងបានប្រជាជនជាច្រើនជ្រើសរើស។ ដោយសារងាយចិញ្ចឹម តិចមានជំងឺ លក់បានតម្លៃខ្ពស់ និងទីផ្សារលក់ចេញមានស្ថិរភាព។ អាស្រ័យហេតុនេះ បងត្រឹងថាញផាក នៅភូមិហ្វាលី ឃុំង៉ុកតូ ទីក្រុងកឹងធើ បានផ្តើមចិញ្ចឹមនិងទទួលបានប្រសិទ្ធភាពជំហានដំបូង។
តាមរយៈការមើល YouTube ឃើញថាទម្រង់ចិញ្ចឹមជ្រូកព្រៃនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមផ្សំជាមួយនឹងលក្ខណៈងាយចិញ្ចឹម តិចមានជំងឺ និងសមស្របសម្រាប់ការចិញ្ចឹមដោយទ្រង់ទ្រាយតូច ដូច្នេះនៅឆ្នាំ ២០២៥ បងត្រឹងថាញផាក បានសម្រេចចិត្តអនុវត្តទម្រង់នេះ។ បងផាក បានចែករំលែក៖ "ការចិញ្ចឹមជ្រូកព្រៃមិនមែនជាទម្រង់ថ្មីនោះទេ ប៉ុន្តែទីផ្សារមានសក្តានុភាពខ្លាំង លក់បានតម្លៃខ្ពស់ និងទីផ្សារលក់ចេញមានស្ថិរភាព។ ទន្ទឹមនឹងនោះ ប្រភពចំណីក៏ងាយស្រួលរក ដែលជាចម្បងមានដើមចេក កន្ទក់ ត្រកួន... ស័ក្តិសមនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារ ហេតុនេះហើយទើបខ្ញុំសម្រេចចិត្តវិនិយោគសាងសង់ទ្រុង និងទិញជ្រូកពូជ ០២ ក្បាលមកចិញ្ចឹម"។

ទម្រង់ចិញ្ចឹមជ្រូកព្រៃនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជំហានដំបូងសម្រាប់គ្រួសារបង ត្រឹងថាញផាក នៅឃុំង៉ុកតូ។
ដោយការខិតខំប្រឹងប្រែងរៀនសូត្រ និងស្វែងយល់ពីរបៀបថែទាំ ការចិញ្ចឹមសត្វរបស់បងផាក ទទួលបានប្រសិទ្ធភាពជំហានដំបូង ដោយកើនពីពូជ ០២ ក្បាលដំបូង រហូតដល់ ០៥ ក្បាល។ យោងតាមសម្តីរបស់បង ផាក ទោះបីជាជ្រូកព្រៃមានមាឌតូច ប៉ុន្តែមានកម្លាំងទប់ទល់នឹងជំងឺបានល្អ ក្នុងមួយឆ្នាំជ្រូកកើតកូនបាន ០២ ល្បាស់ ក្នុងមួយល្បាស់មានកូនពី ០៦ ដល់ ១០ ក្បាល ជ្រូកកូនបន្ទាប់ពីផ្តាច់ដោះ ប្រហែល ០៦ ខែ អាចលក់ឱ្យឈ្មួញបាន។ នៅពេលនោះ ជ្រូកមានទម្ងន់ពី ២៥ ដល់ ៣០ គីឡូក្រាម ដែលមានតម្លៃចន្លោះពី ១២០.០០០ ដល់ ១៣០.០០០ ដុង/គីឡូក្រាម ដោយទទួលបានប្រាក់ពី ៣ ដល់ ៤ លានដុងក្នុងមួយក្បាល។ ដោយមានតម្លៃលក់ខ្ពស់ ខណៈពេលដែលចំណាយអស់តិចតួច ទើបទទួលបានប្រាក់ចំណេញគួរសម។ ថ្មីៗនេះ បងផាក ទើបតែលក់ចេញបាន ០៧ ក្បាល ដោយទទួលបានប្រាក់ប្រហែល ៣០ លានដុង (បន្ទាប់ពីទូទាត់ការចំណាយរួច)។ “ខ្ញុំឃើញថាការចិញ្ចឹមជ្រូកព្រៃនាំមកនូវប្រភពចំណូលដ៏ល្អប្រសើរ បើធៀបទៅនឹងទម្រង់ចិញ្ចឹមសត្វផ្សេងៗទៀត។ ដូច្នេះ ក្នុងពេលខាងមុខ ខ្ញុំនឹងបន្តរក្សានិងអភិវឌ្ឍទម្រង់នេះ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ” - បងផាក មានប្រសាសន៍ដូច្នេះ។

សម្ព័ន្ធយុវជនឃុំង៉ុកតូ រៀបចំឱ្យយុវជនចុះទស្សនកិច្ចទម្រង់ចិញ្ចឹមជ្រូកព្រៃរបស់បង ត្រឹងថាញផាត។
ជាមួយនឹងភាពជោគជ័យជំហានដំបូងរបស់បង ត្រឹងថាញផាក សម្ព័ន្ធយុវជនឃុំង៉ុកតូបានណែនាំយុវជនជនបទជាច្រើនឱ្យចុះទស្សនកិច្ចសិក្សា ដើម្បីបង្វែរការចិញ្ចឹមសត្វឱ្យសមស្រប។ បងស្រី ឡេធីបាវឃ្វៀង លេខាសម្ព័ន្ធយុវជនឃុំង៉ុកតូ ទីក្រុងកឹងធើ បានឱ្យដឹង៖ “ទម្រង់សេដ្ឋកិច្ចថ្មីៗ ដែលក្នុងនោះទម្រង់ចិញ្ចឹមជ្រូកព្រៃរបស់បងផាក បានចាត់ទុកថាជាការលោតផ្លោះមួយ ដើម្បីឱ្យយុវជននៅលើភូមិឋានហ៊ានសាកល្បង ធ្វើជាម្ចាស់សេដ្ឋកិច្ច ធ្វើពិពិធកម្មដំណាំ និងសត្វចិញ្ចឹមឱ្យស្របតាមលក្ខណៈភូមិភាគ។ ក្នុងពេលខាងមុខ សម្ព័ន្ធយុវជនឃុំនឹងស្នើទៅរដ្ឋអំណាចភូមិភាគ និងសហការជាមួយស្ថាប័ន និងអង្គភាពជំនាញនានា ដើម្បីចាត់តាំងវគ្គបណ្តុះបណ្តាល ជួយឱ្យអ្នកចិញ្ចឹមសត្វមានបទពិសោធន៍ បច្ចេកទេស និងជ្រើសរើសពូជសត្វចិញ្ចឹមបានល្អ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការចិញ្ចឹម”។
ជាមួយនឹងប្រសិទ្ធភាពពីទម្រង់ចិញ្ចឹមជ្រូកព្រៃរបស់បង ត្រឹងថាញផាក ឃុំង៉ុកតូ ទីក្រុងកឹងធើ នឹងមានទិសដៅអភិវឌ្ឍន៍ថ្មីបន្ថែមទៀត ក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធសត្វចិញ្ចឹម ជួយឱ្យកសិករមានជម្រើសកាន់តែច្រើនអំពីទម្រង់ផលិត ដែលសមស្របនឹងលក្ខណៈជាក់ស្តែងរបស់គ្រួសារ រួមចំណែកក្នុងការបង្កើនប្រាក់ចំណូលនិងកែលម្អជីវភាព៕
ថាញ់វ៉ាង - ថាច់ធី