ក្នុងការកសាងសន្តិសុខប្រជាជន កម្លាំងរបស់ប្រជាជនតែងតែរក្សាតួនាទីជាមូលដ្ឋានគ្រឹះ។ នៅខេត្តកាម៉ាវ ផ្តើមពីភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ យុទ្ធសាស្ត្រទឹកចិត្តប្រជាជនកំពុងបានពង្រឹងដោយការងារប្រជាចលនា ការពង្រីកតួនាទីអ្នកមានប្រិយភាព អ្នកមុខអ្នកការព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងការកសាងទម្រង់ស្វ័យគ្រប់គ្រងអំពីសន្តិសុខ សណ្តាប់ធ្នាប់។ នៅពេលស្មារតីសាមគ្គី ការឯកភាពបានពង្រីក ប្រជាជនម្នាក់ៗក្លាយជាម្ចាស់ការសកម្មចូលរួមរក្សាភាពសុខសាន្តនៅភូមិឋាន។
ខេត្តកាម៉ាវ បច្ចុប្បន្នមានប្រជាជនជាជនជាតិភាគតិចប្រមាណ ១៥៧.០០០ រូប ក្នុងនោះជនរួមជាតិខ្មែរមានជាង ១២៦.០០០ រូប រស់នៅប្រមូលផ្ដុំតាមឃុំ សង្កាត់ជាច្រើន ដូច៖ ហេបថាញ់ ហ៊ឹងហូយ ហុងយ៉ឹង និញថាញ់ឡើយ វិញភឿក ភឿកឡុក ហោធីគី តឹងឡុក។ល។ ប៉ុន្មានឆ្នាំកន្លង ទិដ្ឋភាពតំបន់ជនរួមជាតិខ្មែរមានការផ្លាស់ប្តូរជាច្រើន។ ប្រព័ន្ធចរាចរណ៍ សាលារៀន មូលដ្ឋានសុខាភិបាល ជាជំហានបានវិនិយោគ; ជីវភាព សម្ភារៈ និងស្មារតីរបស់ប្រជាជនកាន់តែបានលើកកម្ពស់។ ប៉ុន្តែ នេះក៏ជាភូមិឋានដែលបច្ចាមិត្តឆក់ឱកាសបញ្ហាជនជាតិ សាសនា ដើម្បីឃោសនាបំភ្លៃ ញុះញង់ បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ។ ចំពោះស្ថានភាពនោះ នគរបាលខេត្តកាម៉ាវ កំណត់ពង្រីកតួនាទីអ្នកមានប្រិយភាព អ្នកមុខអ្នកការក្នុងជនរួមជាតិខ្មែរ គឺជាដំណោះស្រាយសំខាន់មួយ សំដៅកសាងយុទ្ធសាស្ត្រសន្តិសុខប្រជាជនយ៉ាងរឹងមាំតាំងពីមូលដ្ឋាន។ ជាពិសេស នៅតាមភូមិស្រុក អ្នកមានប្រិយភាពតែងតែជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច ជាមួយនឹងប្រជាជន; សកម្មឃោសនា ចលនាជនរួមជាតិអនុវត្តគោលការណ៍ គោលនយោបាយ និងច្បាប់ ព្រមទាំងចូលរួមសម្រុះសម្រួល ដោះស្រាយការទំទាស់ដែលកើតមានឡើងនៅក្នុងសហគមន៍។

នគរបាលខេត្តកាម៉ាវ តែងសហការជាប្រចាំជាមួយអ្នកមានប្រិយភាព អនុវត្តផែនការការពារភាពសុខសាន្ត ក្នុងថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ។
តាមរយៈនោះ កងកម្លាំងសន្តិសុខផ្ទៃក្នុង តែងជួបជាប្រចាំជាមួយព្រះឧបជ្ឈាយ៍ ព្រះសង្ឃនៃវត្តចំនួន ២៨ និងអ្នកមានប្រិយភាព ដើម្បីឃោសនាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ផ្សព្វផ្សាយវិធីសាស្ត្រ កល់ល្បិច សកម្មភាពនៃប្រភេទបទល្មើសនានា; ទន្ទឹមនឹងនោះស្តាប់នូវចិត្តគំនិត បំណងប្រាថ្នាស្របច្បាប់របស់ជនរួមជាតិ។ វរសេនីយ៍ទោ ឡេគីវវ៉ាន់, អនុប្រធានការិយាល័យសន្តិសុខផ្ទៃក្នុង នគរបាលខេត្តកាម៉ាវ គិតថា៖ ខ្លឹមសារស្នូលនៃការងារប្រជាចលនា គឺជាការកសាងក្តីជំនឿ។ ពេលអ្នកមានប្រិយភាព អ្នកមុខអ្នកការព្រះពុទ្ធសាសនារួមដំណើរជាមួយកម្លាំងនគរបាល គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បានបញ្ជូនយ៉ាងជិតស្និទ្ធ និងងាយស្រួលទទួលយកជាង។ តាមរយៈនោះ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ រក្សាខ្ជាប់ស្ថិរភាពតាំងពីមូលដ្ឋាន។
រួមជាមួយនឹងការងារឃោសនា ចលនា ការិយាល័យសន្តិសុខផ្ទៃក្នុង សហការជាមួយនគរបាលថ្នាក់ឃុំរក្សា និងពង្រីកប្រសិទ្ធភាពទម្រង់ស្វ័យគ្រប់គ្រងជាច្រើន ដូច៖ “ក្លឹប៣សកម្ម ក្នុងជនរួមជាតិខ្មែរ” “តំបន់ជនជាតិភាគតិចសកម្មស្វ័យការពារ ស្វ័យគ្រប់គ្រងអំពីសន្តិសុខ សណ្តាប់ធ្នាប់” “ក្រុមស្វ័យគ្រប់គ្រងខ្សែស្រឡាយអំពីសន្តិសុខ សណ្តាប់ធ្នាប់”…។ល។ បណ្តាទម្រង់បានរួមចំណែកដាស់ស្មារតីទទួលខុសត្រូវរបស់ប្រជាជន បំប្លែងគ្រួសារនីមួយៗ ខ្សែស្រឡាយ និងសហគមន៍ប្រជាជន ឱ្យក្លាយជា “កំពែងរឹងមាំ” បង្ការ បង្ក្រាបបទល្មើស រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។

នគរបាលខេត្តកាម៉ាវ តែងតែចុះសួរសុខទុក្ខ ប្រគេនទេយទានដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យទាន និងបុណ្យចូលឆ្នាំថ្មី។
នៅឃុំភឿកឡុង “ក្រុមស្វ័យគ្រប់គ្រងខ្សែស្រឡាយអំពីសន្តិសុខ សណ្តាប់ធ្នាប់” ចូលរួមការល្បាតរាប់រយលើក ក្នុងឱកាសបុណ្យទាន និងបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ; សហការលុបបំបាត់ចំណុចលេងល្បែងស៊ីសងខុសច្បាប់ ផ្តល់ប្រភពព័ត៌មានជាច្រើន ជួយកម្លាំងនគរបាលស្វែងរក និងចាត់ការករណីដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ តាមលោកវរសេនីយ៍ទោ ក្វឹចវ៉ាំងយ៉ាង ប្រធាននគរបាលឃុំភឿកឡុង អ្នកមានប្រិយភាព គឺជាកម្លាំងជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់គ្រួសារនីមួយៗ និងខ្សែស្រឡាយ។ នៅពេលកើតមានករណី ពួកគាត់គឺជាអ្នកដំបូងគេដែលចូលរួមឃោសនា ចលនា សម្រុះសម្រួល រួមចំណែកដោះស្រាយទំនាស់តាំងពីមូលដ្ឋាន។
នៅឃុំហ៊ឹងហោយ “ក្លឹប៣សកម្ម ក្នុងជនរួមជាតិខ្មែរ” ក្លាយជាចំណុចភ្លឺស្វាង ក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ មិនត្រឹមតែចូលរួមបង្ការ បង្ក្រាបបទល្មើស លុបបំបាត់បាបគ្រោះសង្គមប៉ុណ្ណោះទេ សមាជិកទាំងឡាយនៅទាំងសកម្មឃោសនា ចលនាប្រជាជនលើកកម្ពស់ការប្រុងប្រយ័ត្ន ចំពោះឧបាយកលបំភ្លៃ ញុះញង់ បំបែកបំបាក់ជនជាតិ សាសនាទៀតផង។ តាមលោក ថាច់សន ប្រធានក្លឹប ក្នុងរយៈពេលមួយឆ្នាំ សមាជិកទាំងឡាយបានសម្រុះសម្រួលជោគជ័យ ៤៥ ករណី; ចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវ ដាំដើមឈើបៃតងជិត ៥.០០០ ដើម និងកាប់ឆ្ការផ្លូវចរាចរណ៍ជនបទជាង ២១ គីឡូម៉ែត្រ។
ផ្តើមពីកិច្ចការជាក់ស្តែង ទម្រង់ស្វ័យគ្រប់គ្រងជាច្រើន មិនត្រឹមតែរួមចំណែកបង្ការ បង្ក្រាបបទល្មើស រក្សាសន្តិសុខ សណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ថែមទាំងបង្កើនសាមគ្គីភាពក្នុងសហគមន៍។ នៅពេលប្រជាជនមានការឯកភាព ព្រួតដៃគ្នាកសាងស្រុកភូមិ ភូមិស្រុកនីមួយៗមានភាពសុខសាន្ត នឹងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដើម្បីកសាងយុទ្ធសាស្ត្រទឹកចិត្តប្រជាជន និងយុទ្ធសាស្ត្រសន្តិសុខប្រជាជនកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅថ្ងៃ៕
យ្វីអាញ-មេងលី