មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/09/2026 - 06:18

លេខា​សាខា​បក្ស​ជិត​ដិត​នឹង​ប្រ​ជា​ជន​ 

មិន​ត្រឹម​តែ​ជិត​ដិត​នឹង​មូល​ដ្ឋាន និង​ក្តាប់​ដឹង​នូវ​បំ​ណង​ប្រាថ្នា​របស់​មា​មីង​ប៉ុណ្ណោះ​ទេ​ លោក​ថាច់​ស្វឹង​ហាយ លេខា​សាខា​បក្ស​ភូមិ​កំ​ពង់​ជ្រៃ ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង ថែម​ទាំង​ជា​បុគ្គល​គំ​រូ​ក្នុង​ពល​កម្ម​ផលិត​ទៀត​ផង។ លោក​ទាំង​ខិត​ខំ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ទាំង​ចែក​រំលែក​បទ​ពិសោធន៍ និង​ចលនា​មា​មីង​ឱ្យ​មោះ​មុត​ក្នុង​ការ​រក​ស៊ី​ដើម្បី​លើក​កម្ពស់​ជីវ​ភាព។

លោ​កថាច់​ស្វឹង​ហាយ លេខា​សាខា​បក្ស​ភូមិ​កំ​ពង់​ជ្រៃ ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង។

ចាប់​តាំង​ពី​ធ្វើ​ជា​ភ្នាក់​ងារ​នគរ​បាល ប្រ​ធាន​អនុ​សង្កាត់ រហូត​ដល់​ក្លាយ​ជា​លេខា​សាខា​បក្ស​ភូមិ​កំ​ពង់​ជ្រៃ លោក​ថាច់​ស្វឹង​ហាយ (កើត​ឆ្នាំ​១៩៨៩) តែង​តែ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ស្និទ្ធ​ស្នាល និង​ជិត​ដិត​នឹង​ប្រ​ជា​ជន។ ក្នុង​តួ​នា​ទី​ជា​ថ្នាក់​ដឹក​នាំ​សាខា​បក្ស លោក​តែង​ចុះ​ទៅ​តាម​គ្រួ​សារ​នី​មួយៗ ដើម្បី​ស្វែង​យល់​ពី​បំ​ណង​ប្រាថ្នា និង​ជីវ​ភាព​របស់​មា​មីង ព្រម​ទាំង​ផ្សព្វ​ផ្សាយ និង​ចលនា​មា​មីង​ឱ្យ​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោលន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ សកម្ម​ក្នុង​ពល​កម្ម​ផលិត និង​រក្សា​សាម​គ្គី​ភាព​ក្នុង​សហ​គមន៍។ ទន្ទឹម​នឹង​ការ​ងារ​សាខា​បក្ស លោក​ស្វឹង​ហាយ ក៏​ជា​គំ​រូ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ តាម​រយៈ​ទម្រង់​ផលិត​ស្រូវ​គួប​ផ្សំ​នឹង​ការ​ចិញ្ចឹម​គោ​មេ​បន្ត​ពូជ។

បច្ចុប្បន្ន គ្រួ​សារ​គាត់​មាន​ផ្ទៃ​ដី ៣,៣ ហិក​តា ក្រៅ​ពី​ការ​ផលិត​ស្រូវ គាត់​ថែម​ទាំង​ទាញ​យក​ផល​ចំ​បើង​ក្រោយ​ពេល​ច្រូត​កាត់ ដើម្បី​ធ្វើ​ជា​ចំ​ណី​គោ។ ហ្វូង​គោ​របស់​គាត់​បច្ចុប្បន្ន​មាន​ចំ​នួន ១១ ក្បាល ក្នុង​នោះ​មាន​គោ​មេ​ពូជ​ចំ​នួន ៥ ក្បាល។ ជា​រៀង​រាល់​ឆ្នាំ គ្រួ​សារ​គាត់​លក់​កូន​គោ​បាន​ពី ២ ទៅ ៣ ក្បាល ក្នុង​តម្លៃ​ប្រ​ហែល ២០ លាន​ដុង​ក្នុង​មួយ​ក្បាល អា​ស្រ័យ​តាម​ទី​ផ្សារ​ជាក់​ស្តែង។ ដើម្បី​ម្ចាស់​ការ​លើ​ប្រ​ភព​ចំ​ណី គ្រួ​សារ​គាត់​បាន​ប្រើ​ប្រាស់​ដី ២ កុង សម្រាប់​ដាំ​ស្មៅ​និង ១ កុង​សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ។ តាម​ប្រ​សាសន៍​លោក​ស្វឹង​ហាយ ដើម្បី​ចល​នា​មា​មីង​ឱ្យ​អភិវឌ្ឍ​សេដ្ឋ​កិច្ច មុន​ដំ​បូង​ខ្លួន​គាត់​ផ្ទាល់​និង​គ្រួ​សារ​ត្រូវ​តែ​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​អនុ​វត្ត។ លើស​ពី​នេះ គាត់​តែង​ចែក​រំលែក​បទ​ពិ​សោធន៍​ជា​មួយ​មា​មីង​អំ​ពី​វិធី​ប្រើ​ប្រាស់​ចំ​បើង ការ​ដាំ​ស្មៅ​និង​ការ​ចិញ្ចឹម​គោ​មេ​បន្ត​ពូជ។ លោក​ស្វឹង​ហាយ ចែក​រំលែក៖ “មាន​ធ្វើ​ទើប​មាន​ហូប យើង​មិន​អាច​រង់​ចាំ​តែ​លើ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​បក្ស​និង​រដ្ឋ​នោះ​ទេ។ រដ្ឋ​ជួយ​ឧបត្ថម្ភ​មួយ​ផ្នែក ចំ​ណែក​គ្រួ​សារ​នី​មួយៗ​ត្រូវ​តែ​ខិត​ខំ​ឈាន​ឡើង​ដោយ​កម្លាំង​ពល​កម្ម​ខ្លួន​ឯង”។ តាម​សម្ដី​គាត់ ប្រ​សិន​បើ​ចេះ​ទាញ​យក​ផល​ពី​ផ្ទៃ​ដី​ដែល​មាន​ស្រាប់ និង​ប្រ​ភព​អនុ​ផល​កសិ​កម្ម ព្រម​ទាំង​ជ្រើស​រើស​ទម្រង់​ផលិត​សម​ស្រប ប្រ​ជា​ជន​អាច​កាត់​បន្ថយ​ការ​ចំ​ណាយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត និង​រក្សា​បាន​ស្ថិរ​ភាព​ជីវ​ភាព​ជា​បណ្តើរៗ។

ដោយ​ស្មារតី​ស្និទ្ធ​ស្នាល ជិត​ដិត​នឹង​ប្រ​ជា​ជន ព្រម​ទាំង​ការ​និយាយ​ដើរ​ទន្ទឹម​នឹង​ធ្វើ លោក​ថាច់​ស្វឹង​ហាយ បាន​បង្ក​ទំ​នុក​ចិត្ត​និង​ការ​ឯក​ភាព​ពី​សំ​ណាក់​ប្រ​ជា​ជន​។ មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​នូវ​តួ​នា​ទី​ជា​លេខា​សាខា​បក្ស​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​មូល​ដ្ឋាន តាម​រយៈ​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ពល​កម្ម​ផលិត និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​បង្ក​ជា​កម្លាំង​ចល​ករ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ក្នុង​ភូមិ​រៀន​សូត្រ​តាម មោះ​មុត​អភិវឌ្ឍ​សេដ្ឋ​កិច្ច អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ និង​រួម​គ្នា​ស្ថា​បនា​ជីវ​ភាព​កាន់​តែ​មាន​ស្ថិរ​ភាព៕

                                       ទីទុយ​ - ថាច់ធី​

ចែករំលែកអត្ថបទ