ឆ្លងតាមរយៈទម្រង់ប្រកបការងារចិញ្ចឹមជីវិត កម្មវិធី និងគម្រោងនានា តំបន់ជនជាតិនៅខេត្តហូវយ៉ាង មានការរីកចម្រើនឈានឡើងជាលំដាប់។ ផ្ដើមពីភាពផ្លាស់ថ្មីទាំងនេះ ជីវភាពរបស់ជនរួមជាតិភាគតិចក៏មានភាពល្អប្រសើរ លំនឹងថែមទៀត។
ព្រលានបាល់ទះនៅទីប្រជុំជនបៃង៉ាង តែងមានយុវជនមកលេងយ៉ាងកុះករ។
តាមស្ថិតិរបស់គណៈជនជាតិខេត្តហូវយ៉ាង ឃើញថា ផ្ដើមពីប្រភពទុនមជ្ឈិមនិងភូមិភាគ រយៈពេលកន្លង ខេត្តហូវយ៉ាងបានវិនិយោគជាង ៦៥ ពាន់លានដុងសម្រាប់អភិវឌ្ឍន៍តំបន់ជនរួមជាតិភាគតិច។ តាមរយៈប្រភពទុនពិសេសដោយឡែកនេះ និងកម្មវិធី គម្រោងនានា តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករក៏មានភាពរីកចម្រើន។ លោក គីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឱ្យដឹង៖ “សំណង់សំខាន់ៗនៅតំបន់ជនជាតិត្រូវបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធមានភាពរីកចម្រើន ម្ល៉ោះហើយលក្ខណសម្បត្តិពង្រីកមុខរបរចិញ្ចឹមជីវិតរបស់ជនរួមជាតិភាគតិចបានបង្កើនឡើង។ មានគ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។ ចាប់ពីអត្រាគ្រួសារក្រីក្រ ៣២,១៥% កាលពីឆ្នាំ ២០១៦ រហូតដល់ចុងឆ្នាំ ២០២១ ថយចុះនៅត្រឹម ១៦,១% ។ ក្រៅពីនោះ គណៈជនជាតិបានសហការជាមួយនឹងអង្គភាពពាក់ព័ន្ធលើភូមិសាស្រ្ត រៀបចំសិក្ខាសាលាផ្ទេរវិទ្យាសាស្រ្ត បច្ចេកទេស និងទៅទស្សនាទម្រង់ប្រកបការងារចិញ្ចឹមជីវិតជាច្រើនកន្លែង។ល។ ដើម្បីគ្រួសារជនជាតិភាគតិចអនុវត្តបន្ទាប់ពីបានជំនួយទុន”។
រយៈពេលជាង ៥ ឆ្នាំមុន មានអ្នកជាច្រើនមិនស្មានសោះថា ឃុំតំបន់ជ្រៅរបស់ស្រុកចូវថាញ់ A គឺទ្រឿងឡុង A មានភាពរីកចម្រើនដូច្នេះទេ។
លោក ង្វៀងទ្រុងហូវ ប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជនបៃង៉ាង ស្រុកចូវថាញ់ A ឱ្យដឹង៖ “កម្មវិធីជំនួយគម្រោងពិសេសដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត ត្រូវបានភូមិភាគអនុវត្តយ៉ាងល្អប្រសើរ ម្ល៉ោះហើយជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិមានការរីកចម្រើនយ៉ាងច្បាស់។ ការវិវឌ្ឍក្នុងជីវភាពសម្ភារៈនិងស្មារតីរបស់គ្រួសារជនជាតិភាគតិច បានរួមចំណែកយ៉ាងធំធេងក្នុងការកសាងទីប្រជុំជនង៉ាបៃប្រកបដោយជោគជ័យ ក្លាយជាក្រុងស៊ីវិល័យ”។ តាំងពីដងផ្លូវប្រឡាយបៃង៉ាងរឺយ បានជីកស្ដារ មានទំនប់ស្ដុកទឹក បងលីថាញយ៉ាវ នៅភូមិ ៤ ទីប្រជុំជនបៃង៉ាង ស្ងប់អារម្មណ៍ក្នុងការបង្កបង្កើនផល។ ក្រៅពីផ្ទៃដីផលិតស្រូវផ្ដល់ទិន្នផលខ្ពស់ គាត់ថែមទាំងមានលើកចម្ការដាំឈើហូបផ្លែ បច្ចុប្បន្ន គាត់កំពុងកាត់រំលោះមែកដើមទឹកដោះ ដើម្បីដាំដើមទុរេនឆ្លាស់ចូលជាមួយ។ បងយ៉ាវ ឱ្យដឹង៖ “ពេលប្រភពទឹកបានធានា ទើបកសិករយើងខ្ញុំហ៊ានកែប្រែចម្ការដើម្បីដាំឈើប្រណីតផ្សេងៗ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងផលិតកម្ម។ ឥឡូវការធ្វើស្រែ ចម្ការ មិនសូវលំបាកដូចមុនទៀត ដ្បិតអី តាំងពីដំណាក់ការស្រោចស្រពរហូតដល់ប្រមូលផលសុទ្ធតែប្រើប្រាស់គ្រឿងចក្រ”។
ពេលលក្ខណសម្បត្តិសេដ្ឋកិច្ចរីកចម្រើន ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តហូវយ៉ាង ក៏មានពេលវេលាយកចិត្តទុកដាក់ដល់ជីវភាពស្មារតី។ នៅតាមតំបន់ជនរួមជាតិភាគតិច វត្តពុទ្ធសាសនាខ្មែរក៏បានរដ្ឋជំនួយឧបត្ថម្ភពុទ្ធបរិស័ទរួមវិភាគទានជួសជុល បង្កើនកម្រិតសាងសង់ថ្មីកាន់តែសមរម្យពីមួយថ្ងៃទៅមួយថ្ងៃ។ លោកគីហ៊ីវថាញ ឱ្យដឹងដោយក្ដីរីករាយ៖ “វត្តពុទ្ធសាសនាខ្មែរចំនួន ១៥ និងវត្តចិនចំនួន ៤ ត្រូវបានកសាងយ៉ាងសមរម្យ បង្កលក្ខណៈងាយស្រួលសម្រាប់មាមីងមកធ្វើបុណ្យទានជាដើម”៕
ហាថាញ-ថាច់ធី