កីឡា - ទេសចរណ៍ ទេសចរណ៍

17/09/2025 - 16:11

ទស្សនា​រមណីយ​ដ្ឋាន​វត្ត​ខ្ទឹង​ 

ប្រ​សិន​បើ​លោក​អ្នក​ធ្វើ​ដំ​ណើរ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ត្រា​វិញ​ (ចាស់) ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ប្រ​មាណ​ជាង​៣​គីឡូ​ម៉ែត្រ គឺ​ដល់​វត្ត​មួយ​ដែល​មាន​ឈ្មោះ​ថា​ វត្ត​នា​គវ​នា​រាម (ខ្ទឹង​) ស្ថិត​នៅ​សង្កាត់​ហ្វៀក​ហ្វា ខេត្ត​វិញ​ឡុង​ ជា​វត្ត​មួយ​ដែល​មាន​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ពី​គ្រប់​ទិស​ទី​មក​ទស្សនា​កម្សាន្ត​និង​គោ​រព​បូជា។​ 

ខ្លោង​ទ្វារ​វត្ត​នាគ​វនា​រាម (ខ្ទឹង)។​

ពេល​ចូល​ដល់​បរិវេណ​វត្ត​ភ្លាម​ ភ្ញៀវ​ទេស​ចរ​នឹង​ទាក់​ទាញ​ភ្នែក​ជា​មួយ​ដើម​ឈើ​ធំ​ៗ​ ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ អម​ដោយ​សំ​ណង់​ស្ថា​បត្យ​កម្ម​ល្អ​ឯក​នៃ​អា​រាម​ដែល​មាន​អា​យុ​កាល​ជាង​៥០០​ឆ្នាំ​ ដែល​បាន​និង​កំ​ពុង​ទាក់​ទាញ​មហា​ជន​គ្រប់​ទិស​ទី​ចូល​ទៅ​ទស្សនា​កម្សាន្ត​ និង​សិក្សា​ស្វែង​យល់​ពី​សំ​ណង់​វប្ប​ធម៌​ដ៏​ចំ​ណាស់​មួយ​នេះ។​ ពី​ព្រោះ​គ្រប់​សំ​ណង់​ទាំង​អស់​ក្នុង​វត្ត​ មាន​ការ​រៀប​ចំ​រចនា​ប្លង់​ជា​ជួរ​ បង្ហាញ​ពី​វប្បធម៌​ អរិយ​ធម៌​នៃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ និង​ការ​គោ​រព​ប្រតិ​បត្តិ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

ភ្ញៀវ​ទេស​ចរ​លង់​អា​រម្មណ៍​ជា​មួយ​ភាព​ស្រស់​ស្អាត​នៃ​សំ​ណង់​ស្ថា​បត្យ​កម្ម​បុរាណ។​

ចំ​ណុច​ដែល​ធ្វើ​ឱ្យ​វត្ត​មួយ​នេះ​ មាន​បរិ​ស្ថាន​ធម្ម​ជាតិ​ស្រស់​ស្អាត​ ខ្យល់​អា​កាស​បរិសុទ្ធ​ត្រ​ជាក់​ស្រស់​ស្រាយ​ គឺអា​ស្រ័យ​ព្រះ​ចៅ​អធិ​ការ​វត្ត​ ព្រម​ទាំង​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​គ្រប់​ជំ​នាន់​បាន​ដាំ​និង​ថែ​រក្សា​ដើម​ឈើ​ក្នុង​វត្ត​ ធ្វើ​ឱ្យ​បរិ​វេណ​វត្ត​ទាំង​មូល​គ្រប​ដណ្ដប់​ដោយ​ភាព​បៃ​តង​ ចូល​ទៅ​ត្រ​ជាក់​កាយ​ត្រ​ជាក់​ចិត្ត ​ជា​មួយ​នឹង​សំ​ឡេង​សត្វ​ឆ្លង​ឆ្លើយ​គ្នា​ដូច​ត​ន្ត្រី​បំ​ពេ​អា​រម្មណ៍។​

ភ្ញៀវ​ទេស​ចរ​ដើរ​ទស្សនា​និង​ថត​រូប​អនុស្សាវ​រីយ៍។​

ក្រៅ​ពី​មាន​ដើម​ឈើ​ធំ​ៗ​រាប់​រយ​ដើម​ក្រាល​គ្រប​ដោយ​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ ទី​អា​រាម​មួយ​នេះ​ក៏​រៀប​ចំ​តាក់​តែង​រចនា​សំ​ណង់​បូជ​នីយ​ដ្ឋាន​ផ្សេង​ៗ​ មាន​បដិមា​ជា​ច្រើន​ដែល​បង្ហាញ​ពី​ប្រ​វត្តិ​រឿង​រ៉ាវ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ បាន​កសាង​ដោយ​រួម​បញ្ចូល​រវាង​ស្ថា​បត្យ​កម្ម​បុរាណ​និង​ស​ម័យ​ បង្កើត​បាន​ជា​លក្ខណៈ​ប្រ​ណីត​ភាព​ផ្នែក​ខាង​ជំ​នឿ​ផ្លូវ​ចិត្ត​និង​សោ​ភណ​ភាព​របស់​វត្ត​ អម​ដោយ​រុក្ខ​ជាតិ​ផ្កា​លំ​អ​ចម្រុះ​ពណ៌​គ្រប់​ប្រ​ភេទ។​ 

ភ្ញៀវ​ទេស​ចរ​ទស្សនា​ភាព​ស្រស់​ស្អាត​នៃ​សំ​ណង់​ព្រះ​វិហារ​វត្ត​នាគ​វនា​រាម (ខ្ទឹង)។​

ពិ​សេស​គឺ​ចម្លាក់​អង្គរ​វត្ត​ដ៏​ស្រស់​ស្អាត​ឋិត​នៅ​ខាង​ត្បូង​ព្រះ​វិ​ហារ​ និង​សំ​ណង់​កុដិ ​សា​លា​ជា​រចនា​បថ​បុរាណ​មើល​ទៅ​គួរ​ជា​ទី​ជ្រះ​ថ្លា។​ កញ្ញា​ចាន់ ​កណីការ និស្សិត​ផ្នែក​វេជ្ជ​សាស្ត្រ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ មាន​ចំ​ណាប់​អា​រម្មណ៍៖ “វត្ត​នេះ​មាន​ទាំង​ភាព​ស្រស់​ស្អាត​និង​អា​រម្មណ៍​ស្ងប់​ស្ងាត់​ នាង​ខ្ញុំ​និង​មិត្ត​ភ័ក្ដិ​ភាគ​ច្រើន​តែង​មក​លេង​កម្សាន្ត​ឱកាស​ចុង​សប្ដាហ៍​ ពេល​បាន​ដើរ​លេង​ជុំ​វិញ​បរិ​វេណ​វត្ត​ ទស្សនា​ទេស​ភាព​បៃ​តង​និង​ទិដ្ឋ​ភាព​ស្រះ​ស្រង់​ទឹក​ថ្លា​យង់ ធ្វើ​ឱ្យ​យើង​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​ រំសាយ​ភាព​នឿយ​ហត់​ពី​ការ​រៀន​សូត្រ”។​

រចនា​បថ​នៃ​សំ​ណង់​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី​ តាក់​តែង​បង្កើត​បាន​ទៅ​ជា​រមណី​យដ្ឋាន​ដ៏​ប្រ​ណីត។​

ទីវ​ត្តអា​រាម​មួយ​នេះ​មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ធ្វើ​បុណ្យ​ ធ្វើ​ទាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេ​សចរ​និង​អ្នក​ស្រ​ឡាញ់​ធម្ម​ជាតិ​ផង​ដែរ។​ ដ្បិត​ផ្ទៃ​វត្ត​បាន​ព័ទ្ធ​ជុំ​វិញ​ដោយ​បរិស្ថាន​បៃ​តង​ដ៏​ស្រស់​ស្អាត​ ផ្តល់​អា​រម្មណ៍​ស្ងប់​ស្ងាត់​និង​សុខ​ដុម​ដល់​អ្នក​ទស្សនា។​ ជា​ពិ​សេស​ បង្ហាញ​នូវ​ភាព​អស្ចារ្យ​នៃ​សំ​ណង់​ស្ថា​បត្យ​កម្ម​បុ​រាណ ដែល​ជា​អត្ត​សញ្ញាណ​នៃ​ប្រ​ពៃ​ណី​វប្ប​ធម៌​ខ្មែរ​ណាម​បូ​ បង្ក​ប​រិយា​កាស​ស្រស់​ស្រាយ​សម្រាប់​អ្នក​មក​ទស្ស​នា​កម្សាន្ត​និង​គោ​រព​បូជា៕​

អត្ថ​បទ​និង​រូប​ថត​៖ ពេជ្រ​សឿន

ចែករំលែកអត្ថបទ