អ្នកភាគច្រើនមានទម្លាប់ដាក់ទូរស័ព្ទក្នុងហោប៉ៅខោ ប៉ុន្តែមិនដឹងថា គួរបែរអេក្រង់ចូលក្នុងឬចេញក្រៅ ហើយពួកគាត់ធ្វើមិនទាន់បានត្រឹមត្រូវ។

រូបជាឧទាហរណ៍។
ទូរស័ព្ទបានក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាពរបស់យើង។ ទៅណាមកណា យើងតែងយកទូរស័ព្ទទៅជាមួយ។ មានអ្នកជាច្រើន តែងដាក់ទូរស័ព្ទក្នុងកាបូប ប៉ុន្តែមិនតិចអ្នកក៏ដាក់ទូរស័ព្ទក្នុងហោប៉ៅខោ ដើម្បីងាយស្រួលទំនាក់ទំនង។
មានការស្រពេចស្រពិលម្យ៉ាងខណៈពេលដាក់ទូរស័ព្ទដៃក្នុងហោប៉ៅខោ ថាតើគួរដាក់អេ ក្រង់បែរចូលក្នុងឬចេញក្រៅ។
ខាងក្រោមនេះគឺគន្លឹះមួយចំនួនដាក់ទូរស័ព្ទក្នុងហោប៉ៅខោ ដែលអ្នកមិនធ្លាប់ដឹង ត្រូវបានគេហទំព័រ Sohu ចុះផ្សាយ។
ដាក់អេក្រង់ទូរស័ព្ទបែរចូលក្នុង
នៅពេលដាក់ទូរស័ព្ទក្នុងហោប៉ៅខោ អេក្រង់គួរតែបែរចូលក្នុង ជំនួសឱ្យការបែរចេញក្រៅ។ ប្រសិនបើអេក្រង់ទូរស័ព្ទបែរចេញក្រៅ វានឹងងាយស្រាំឬបែកនៅពេលធ្វើដំណើរចុះឡើងប៉ះទង្គិច។ ម្យ៉ាងទៀត ដោយសារថ្មរបស់ទូរស័ព្ទដៃស្ថិតនៅផ្នែកខាងក្រោយ ការបែរអេក្រង់ចូលក្នុង ក៏មានអត្ថប្រយោជន៍សម្រាប់ភាយកំដៅទូរស័ព្ទផងដែរ។
ដាក់រន្ធសាកថ្មទូរស័ព្ទដៃបែរឡើងលើ
មានអ្នកភាគច្រើនដាក់ទូរស័ព្ទក្នុងហោប៉ៅខោ បន្ទាប់ពីប្រើរួច ហើយតែងបែររន្ធសាកថ្មទូរស័ព្ទចុះក្រោម។ ចំណុចនេះគឺធ្វើមិនត្រូវ ពីព្រោះលំអងធូលីនិងសរសៃសូត្រនៅក្នុងហោប៉ៅអាចចូលទៅក្នុងឧបករណ៍បំពងសម្លេង និងរន្ធសាកថ្មទូរស័ព្ទ ដែលធ្វើឱ្យសំឡេងរបស់ទូរស័ព្ទឮតូចជាងមុន និងប៉ះពាល់ដល់ការសាកថ្មទូរស័ព្ទ។ ដូច្នេះត្រូវចាំថា ត្រូវដាក់រន្ធសាកឱ្យបែរឡើងលើ។
ក្រៅពីនោះ ដើម្បីធានាសុវត្ថិភាពដល់ទូរស័ព្ទ អ្នកគួរតែចំណាំ៖
ប្រើស្រោមទូរស័ព្ទ
អ្នកអាចប្រើស្រោមស្បែក ឬស្រោមធម្មតា ដើម្បីការពារទូរស័ព្ទរបស់ខ្លួនទោះដាក់នៅកន្លែងណាក៏ដោយ។ ប្រការនេះ នឹងធានាថាទូរស័ព្ទមិនមានស្រាំ ខូចឬបែកពេលធ្លាក់។
ដាក់ទូរស័ព្ទក្នុងកាបូប ឬសម្ពាយ
ប្រសិនបើអ្នកមិនប្រើទូរស័ព្ទជាញឹកញាប់ទេ អ្នកគួរតែដាក់វានៅក្នុងកាបូបឬសម្ពាយ ដើម្បីធានាសុវត្ថិភាពដល់ទូរស័ព្ទនិងខ្លួនអ្នក៕
យោង៖ Vietnamnet.vn -ប្រែសម្រួល៖ ថាច់ធី