ឆ្លៀតប្រើប្រាស់ផ្ទៃដីនៅក្បែរមជ្ឈមណ្ឌលក្រុង អ្នកចម្ការជាច្រើននៅជាយទីក្រុងកឹងធើ បានកែប្រែចម្ការឈើហូបផ្លែដែលមានស្រាប់ទៅជាចម្ការអេកូដើម្បីបម្រើវិស័យទេសចរណ៍។

អ្នកសារព័ត៌មានកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ មកយកព័ត៌មាននិងធ្វើបទសម្ភាសន៍ជាមួយលោកនាយក “ កសិដ្ឋានតឹងហីុប Farm”។
ជាក់ស្ដែងដូចជា កសិដ្ឋានតឹងហីប Farm នៅឃុំទ្រឿងថាញ់ ទីក្រុងកឹងធើ។ លោកង្វៀងក្វឹកបាវ នាយកកសិដ្ឋាន តឹងហីប Farm ឱ្យដឹង៖ “ឆ្លៀតឱកាសដែលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទអភិវឌ្ឍន៍ ខ្ញុំបានកែប្រែដីចម្ការទៅជាទីកន្លែងអេកូទេសចរណ៍។ កសិដ្ឋាន តឹងហីប Farm បច្ចុប្បន្ន មានផ្ទះសំណាក់ ផ្ទះបណ្តែតទឹកសម្រាប់ទទួលភ្ញៀវ កន្លែងហូបចុក ស្រះចិញ្ចឹមត្រីជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរពីសង្កាត់នៅមជ្ឈមណ្ឌលទីក្រុងមកសម្រាកលម្ហែកាយ។ នៅកសិដ្ឋានតឹងហីប Farm ភ្ញៀវទេសចរអាចភ្លក់រសជាតិត្រសក់ផ្អែម និងឆ្លងកាត់បទពិសោធន៍ប្រមូលផលបន្លែចម្ការ ដូចជា៖ ត្រសក់ ប៉េងប៉ោះ ននោងជាដើម។ ក្រៅពីនេះ កសិដ្ឋានតឹងហីប Farm ក៏បានណែនាំភ្ញៀវទេសចរអំពីរបៀបចិញ្ចឹមអន្ទង់ ខ្យង និងរបៀបបង្កាត់ផ្កាកេសរកូល។ ប្រសិនបើភ្ញៀវទេសចរចង់អភិវឌ្ឍទម្រង់កសិកម្ម និងចិញ្ចឹមសត្វទាំងនេះ កសិដ្ឋាននឹងផ្តល់កូនពូជនិងកូនឈើ”។

ភ្ញៀវទេសចរមានអារម្មណ៍ដូចជាត្រឡប់មករកវ័យកុមារម្តងទៀត នៅពេលមកតំបន់
អេកូទេសចរណ៍ចម្ការឈើភីអ៊ៀង។
តាមប្រសាសន៍លោកក្វឹកប៉ាវ ចំណុចពិសេសនៃ “កសិដ្ឋានតឹងហីប Farm ” មានទីតាំងនៅក្បែរវត្តពុទ្ធសាសនាមហានិកាយខ្មែរទាំងពីរក្នុងឃុំទ្រឿងថាញ់ ដូច្នេះ មុននឹងចូលកសិដ្ឋានតឹងហីប Farm ភ្ញៀវទេសចរគួរតែទៅទស្សនាទេសភាពក្នុងវត្ត។ អាស្រ័យហេតុនេះ អ្នកទេសចរកាន់តែមានចំណេះដឹងបន្ថែមអំពីលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរនៅភូមិភាគណាមបូ។ សម្រាប់អ្នកដែលចូលចិត្តថតរូប រមណីយដ្ឋានដ៏ស្រស់ស្អាតក្នុងផ្ទៃវត្តនឹងជួយឱ្យអ្នកទេសចរថតបានរូបស្អាតៗ។ ការអភិវឌ្ឍចម្ការទេសចរណ៍ក៏បានបង្កើតការងារធ្វើដល់កម្មករនៅភូមិភាគផងដែរ។ បងថាច់ធីភឿង នៅឃុំទ្រឿងថាញ់ រ៉ាយរាប់៖ “ដល់ពេលទំនេរពីរដូវស្រែចម្ការ កូនៗខ្ញុំមកធ្វើការនៅក្នុងកសិដ្ឋានតឹងហីុប farm ចំណែកខ្ញុំ បើកតូបលក់ទឹកនៅផ្លូវក្បែរវត្ត ទើបរកបានប្រាក់ចំណូលជាប្រចាំ”។
នៅពេលភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន តំបន់អេកូទេសចរណ៍ចម្ការផ្លែឈើ ភីអៀង នៅឃុំផុងដៀង បានបើកបន្ថែមបន្ទប់សម្រាកជាច្រើនប្រកបដោយផាសុកភាព។ ម្ចាស់ចម្ការ ក៏បានសាងសង់អាងហែលទឹកដ៏ធំមួយសម្រាប់បម្រើភ្ញៀវទេសចរណ៍ផងដែរ។ ទោះជាទ្រង់ទ្រាយបានពង្រីកក៏ដោយ ប៉ុន្តែកន្លែងនេះនៅតែរក្សាបានលក្ខណៈចម្ការផ្លែឈើណាមបូ។ មកទីនេះ ភ្ញៀវនឹងបានភ្លក់រសជាតិម្ហូបអាហារណាមបូ និងអុំទូកកម្សាន្តជុំវិញចម្ការ បេះផ្លែឈើឬដើរលើស្ពានស្នួរជាដើម។ បើមានពេលឈប់សម្រាកច្រើនថ្ងៃ ភ្ញៀវទេសចរអាចស្នាក់នៅទីនេះដើម្បីស្ងប់អារម្មណ៍និងបានល្ហែល្ហើយក្នុងចិត្ត។ នៅពេលរាត្រីមានភ្លៀងធ្លាក់ ភ្ញៀវទេសចរនឹងបានស្តាប់ចម្រៀងបំពេនៃតន្ត្រីស្រុកស្រែដ៏ពីរោះ…៕
ហាថាញ-ប្រែសម្រួល៖ ត្រឹងរ៉ូន