មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/09/2025 - 09:08

ធ្វើ​មាន​ផ្តើម​ពី​ការ​ដាំ​ឈូក​យក​មើម 

ដោយ​មិន​ញញើត​ក្នុង​ការ​ផ្លាស់​ប្តូរ​ដំ​ណាំ​ដាំ​ដុះ​ ចេះ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​និង​ក្តាប់​បាន​ទីផ្សារ លោក​ត្រឹង​វុាំង​ហ៊ីប នៅ​ភូមិ​ស្បូវ​ ឃុំ​ធ្វឹង​ហ្វា ទីក្រុង​កឹង​ធើ អនុវត្ត​សម្រេច​ជោគ​ជ័យ​ទម្រង់​ដាំ​ឈូក​យក​មើម រក​បាន​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​ក្នុង​ឆ្នាំ​។​

លោកត្រឹងវុាំងហ៊ីប កំពុងប្រមូលផលមើមឈូក។

នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា​វាល​ស្រែ​ដាំ​ឈូក​ លោក​ហ៊ីប ឱ្យ​ដឹង៖ “វាល​ដាំ​ឈូក​នេះ​បាន​ប្រ​មូល​ផល​ជាង​កន្លះ​ខែ​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​អស់​ពាក់​កណ្តាល​ផ្ទៃ​ដី​ផង។​ នេះ​ជា​រដូវ​ចម្បង​របស់​ឈូក​ ប្រ​មូល​ផល​មើម​បាន​ជាង​១​តោន​ក្នុង​មួយ​ថ្ងៃ”។​ តាម​ការ​រៀប​រាប់​របស់​លោក​ហ៊ីប ពី​មុន​ គាត់​ដឹង​តែ​ធ្វើ​ស្រែ​ ដាំ​ក្រូច​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ។​ ចំ​ពោះ​កសិ​ករ​ធ្វើ​ស្រែ​ ដាំ​ក្រូច​ ឆ្នាំ​ខ្លះ​កាក់​កប​ ឆ្នាំ​ខ្លះ​ខាត​បង់​ ឆ្នាំ​ខ្លះ​បាន​ផល​តែ​តម្លៃ​ចុះ​ថោក តែង​កើត​មាន​ឡើង​ជា​រឿយ​ៗ​ ដូច្នេះ​ជីវ​ភាព​តែង​ជួប​ការ​លំ​បាក​។​ ពិ​សេស​ចម្ការ​ក្រូច​ចំ​នួន​៤០​កុង​របស់​គ្រួ​សារ​ខ្ញុំ​ ជាច្រើន​ឆ្នាំ​មក​នេះ​តម្លៃ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ ខាត​បង់​និង​ជំ​ពាក់​បំ​ណុល​គេ។​ លោក​ហ៊ីប ឱ្យ​ដឹង​បន្ថែម៖ “ធ្វើ​ស្រែ​ប្រ​សិន​បើ​បាន​ផល​ តម្លៃ​ចុះ​ថោក​គឺ​មិន​ចំ​ណេញ​ ចំ​ណែក​ដាំ​ក្រូច​ចំ​ណាយ​ទុន​ច្រើន​តម្លៃ​ធ្លាក់​ចុះ​គឺខាត។​ ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ ក្រូច​ចុះ​ថ្លៃ​ លក់​មិន​បាន​ ជំ​ពាក់​បំ​ណុល​កាន់​តែ​ច្រើន​ ដូច្នេះ​ទើប​ខ្ញុំ​លក់​ដី​ចម្ការ​៤០​កុង​សង​បំ​ណុល។​ ចៃ​ដន្យ​ខ្ញុំ​ឃើញ​មា​មីង​នៅ​ឃុំ​ហូ​ដាក់​គៀង​ដាំ​ឈូក​យក​មើម​លក់​បាន​ថ្លៃ​ ងាយ​ស្រួល​ដាំ​ ចំ​ណេញ​ច្រើន​ ម៉្លោះ​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​វិនិ​យោគ​ដាំ​ឈូក”។​

ដោយ​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​ សមស្រប​នឹង​ដី​ស្រែ​ ដូច្នេះ​លោក​ហ៊ីប​ក៏​ទៅ​ទិញ​ពូជ​ឈូក​ដាំ​យក​មើម​សាក​ល្បង។​ ឆ្នាំ​ដំ​បូង​គាត់​ដាំ​១០កុង​ ក្រោយ​រយៈ​កាល​៤​ខែ​ក៏​ប្រ​មូល​ផល​ ទទួល​បាន​ប្រាក់​ ចំ​ណូល​ប្រ​ហែល​១០​លាន​ដុង​ក្នុង​មួយ​កុង​ ចំ​ណេញ​ជាង​បើ​ប្រៀប​នឹង​ធ្វើ​ស្រែ។​ លោក​ហ៊ីប ឱ្យ​ដឹង៖ “អា​ស្រ័យ​ព្រាច​ជី បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ បាន​ត្រឹម​ត្រូវ​និង​រក្សា​កម្រិត​ទឹក​បាន​ល្អ​ ទើប​ឈូក​មើមធំ​ វែង​ ហើយ​ស ឈ្មួញ​ចូល​ចិត្ត​ទិញ។​ ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ដំ​បូង​ ខ្ញុំ​បាន​បង្វែរ​ផ្ទៃ​ដី​២​ហិក​តា​ សម្រាប់​ដាំ​ឈូក​យក​មើម”។​

ពេល​បង្កើន​ផ្ទៃ​ដី​ដាំ​ លោក​ហ៊ីប​ក៏​ផ្តើម​ស្វែង​រក​ទីផ្សារ​ដើម្បី​លក់​មើម​ឈូក​តាម​ផ្សារ​នៅ​ទីក្រុង​ហូជី​មិញ​ និង​បណ្តា​ខេត្ត​ ក្រុង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ ដើម្បី​មាន​មើម​ឈូក​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​ឱ្យ​ឈ្មួញ​ លោក​ហ៊ីប​បាន​ជួល​ដី​បន្ថែម​១៨​ហិក​តា​ នៅ​សង្កាត់​សុក​ត្រាំង​សម្រាប់​ដាំ​ឈូក​យក​មើម។​ ទន្ទឹម​នោះ​ លោក​ហ៊ីប​នៅ​ទាំង​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​ប​ន្លែ​ ផ្លែ​ឈើ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​អាង​ហ៊ីប​ដើម្បី​ផ្គត់​ផ្គង់​ផលិត​ផល។​ លោក​ហ៊ីប ឱ្យ​ដឹង​បន្ថែម៖ “ក្រុម​ហ៊ុន​ប្រ​មូល​ទិញ​មាន​ចំ​នួន​ច្រើន​ លក់​ដោយ​តម្លៃ​១៥.០០០​ដុង​ក្នុង​មួយ​គីឡូ​ក្រាម​ បើ​លក់​ឱ្យ​ឈ្មួញ​គេរើស​មើមល្អ​ មើម​វែង​ មើម​ស គឺ​លក់​តម្លៃ​ពី​២០.០០០ - ៣០.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។​ ក្រៅ​ពី​នោះ​ ខ្ញុំ​នៅ​ទាំង​លក់​ឈូក​ពូជ​តម្លៃ​៦.០០០​ដុង​ក្នុង​មួយ​គីឡូ​ក្រាម​ ឱ្យ​កសិករ​នៅ​ខេត្ត​ ក្រុង​នា​នា​ក្នុង​តំ​បន់។​ ជា​មធ្យម​ ការ​ដាំ​ឈូក​យក​មើម ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​ហែល​១០​លាន​ដុង​ក្នុង​មួយ​កុង​ អា​ស្រ័យ​ហេតុ​នោះ​ទើប​ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ​គ្រាន់​បើ”។​ ដើម្បី​ធា​នា​ប្រ​ភព​ផលិត​ផល​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ លោក​ហ៊ីប​បាន​បង្កើត​ “ក្រុម​សហ​ការ​ដាំ​ឈូក​យក​មើម” ដោយ​មាន​ផ្ទៃ​ដី​៣៣​ហិក​តា​ អា​ស្រ័យ​លោក​ធ្វើ​ជា​ប្រ​ធាន​ក្រុម។​ សព្វ​ថ្ងៃ​មិន​ត្រឹម​តែ​ធ្វើ​មាន​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ លោក​ហ៊ីប​នៅ​ទាំង​បង្កើត​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ដល់​ពល​ករ​នៅ​ជន​បទ​ពី​៨​-២០​នាក់​ជួយ​ពួក​គាត់​មាន​ប្រាក់​ចំ​ណូល​លំ​នឹង។​

ជិត​២០​ឆ្នាំ​ដាំ​ឈូក​យក​មើម បច្ចេក​ទេស​ថែ​ទាំ​ លោក​ហ៊ីប​ក្តាប់​បាន​យ៉ាង​ច្បាស់។​ លោក​ហ៊ីប​បាន​ឱ្យ​ដឹង​ ដាំ​ឈូក​យក​មើមងាយ​ដាំ​ ប៉ុន្តែ​ត្រូវ​ធា​នា​ទឹក​ឱ្យ​គ្រប់​គ្រាន់​ដើម្បី​ស្លឹក​លូត​លាស់​ល្អ។​ ជា​ពិ​សេស​ ដើម្បី​មិន​ឱ្យ​ឈូក​មាន​ជំ​ងឺ​ងាប់​ដើម​ រលួយ​ស្លឹក​និង​ដង្កូវ​ក្រា​ស៊ី​បំ​ផ្លាញ​ស្លឹក​ ពី​ព្រោះ​នេះ​ជា​ប្រ​ភេទ​ដង្កូវ​អាច​កាត់​បន្ថយ​ទិន្ន​ផល​មើម​ឈូក។​ ដើម្បី​សម្រេច​បាន​ទិន្ន​ផល​ គុណ​ភាព​គប្បី​ដាំ​ឈូក​២​រដូវ​ ហើយ​ធ្វើ​ស្រែ​១​រដូវ។​ ពី​ព្រោះ​ធ្វើ​ស្រែ​លើ​ដី​ដាំ​ឈូក​គឺ​ស្រូវ​លូត​លាស់​ល្អ​ណាស់​ មិន​សូវ​បង់​ជី មិន​សូវ​បង់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ផ្ដល់​ទិន្ន​ផល​ខ្ពស់៕​

                                 យ្វី​អាញ់-ដា​លីន

ចែករំលែកអត្ថបទ