ជាមួយនឹងកងជួរបុគ្គលិកពេទ្យ មានឯកទេសជំនាញ អាកប្បកិរិយាបម្រើការងារអស់ពីចិត្តពីថ្លើម គុណភាពពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំវិញហាយ ទីក្រុងកឹងធើ បានកើនឡើង បង្កលក្ខណៈសម្រាប់ប្រជាជនទទួលបាននូវសេវាសុខាភិបាលមូលដ្ឋានកាន់តែល្អប្រសើរ។ អាស្រ័យហេតុនោះ ដំណាក់សុខាភិបាលទទួលបាននូវទំនុកចិត្តពីប្រជាជនខណៈពេលមកពិនិត្យនិងព្យាបាលជំងឺ។

បុគ្គលិកដំណាក់សុខាភិបាលឃុំវិញហាយ ទីក្រុងកឹងធើ កំពុងពិនិត្យជំងឺជូនប្រជាជននៅភូមិភាគ។
សំណេះសំណាលជាមួយយើងខ្ញុំ វេជ្ជបណ្ឌិត ង្វៀងវុាំងហឿង ប្រធានដំណាក់សុខាភិបាលឃុំវិញហាយ ឱ្យដឹង៖ “បច្ចុប្បន្ន ដំណាក់សុខាភិបាលមានបុគ្គលិក១០នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតម្នាក់ គ្រូពេទ្យ ៥ នាក់ គិលានុបដ្ឋាយិកាម្នាក់ ឆ្មប២នាក់ និងឱសថការីម្នាក់ ហើយអ្នករាល់គ្នាសុទ្ធតែបានចាត់តាំងភារកិច្ចច្បាស់លាស់ សមស្របនឹងមុខជំនាញ។ ជាមួយនឹងស្មារតីខិតខំអស់ពីចិត្ត កម្មាភិបាល បុគ្គលិករបស់ដំណាក់សុខាភិបាល មិនបង្អង់ក្នុងការលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ ហើយសម្រេចបានលទ្ធផលល្អជាច្រើន។ ជាមធ្យមរៀងរាល់ឆ្នាំ ដំណាក់សុខាភិបាលមានអ្នកមកពិនិត្យនិងព្យាបាលជំងឺជាង៨.០០០ លើកនាក់”។ តាមការឱ្យដឹង អ្នកជំងឺភាគច្រើនមកពិនិត្យ ព្យាបាល ប្រភេទជំងឺធម្មតាដូចជា៖ គ្រុនក្តៅ ក្អក លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ឆ្អឹងជាដើម។
មកពិនិត្យជំងឺនៅដំណាក់សុខាភិបាល អ្នកមីងដាំងធីគីមភឿង នៅភូមិវិញថាញ់ A ឃុំវិញហាយ បានចែករំលែក៖ “វ័យចាស់ ពេលអាកាសធាតុប្រែប្រួលតែងឈឺចុករោយពិបាកទ្រាំ ខ្ញុំក៏មកដំណាក់សុខាភិបាលពិនិត្យជំងឺ ពេលមកទីនេះ ខ្ញុំបានគ្រូពេទ្យពិនិត្យជំងឺអស់ពីចិត្តពីថ្លើម រួសរាយរាក់ទាក់ ពិគ្រោះជំងឺហ្មត់ចត់ ក៏ដូចជាណែនាំច្បាស់លាស់ពីវិធានការព្យាបាល របបហុបចុកនិងសម្រាកសម្រាន្តសមស្របជាដើម។ ផ្តើមពីនោះមក ខ្ញុំក៏ស្ងប់អារម្មណ៍ពេលមកពិនិត្យ ជំងឺនៅទីនេះ”។ ក្នុងដំណើរការសកម្មភាព ដំណាក់សុខាភិបាលឃុំវិញហាយ តែងបញ្ជូនបុគ្គលិកពេទ្យទៅចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីបង្កើនចំណេះដឹងអំពីការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល។ សហការជាមួយនឹងសាលារៀនលើភូមិឋាន ដើម្បីត្រួតពិនិត្យជំងឺដែលកើតមាននៅតាមសាលារៀន និងក្នុងសហគមន៍។ ឆ្លងតាមរយៈនោះ បានរួមចំណែកបង្ការនិងទប់ស្កាត់ជំងឺឆ្លងរាលដាលបានទាល់ពេល ទើបក្នុងឆ្នាំគ្មានជំងឺឆ្លងរាលដាលធំកើតឡើង។ ក្រៅពីពិនិត្យ ព្យាបាលជំងឺបានល្អជូនប្រជាជន ដំណាក់សុខាភិបាលនៅទាំងអនុវត្តបានល្អនូវកម្មវិធីទិសដៅសុខាភិបាលជាតិ រួមចំណែកលើកកម្ពស់អត្រាកុមារអាយុពី៦ដល់៣៦ខែបានផឹកវីតាមីន A រៀងរាល់៦ខែ សម្រេចជាង៩០%។ កុមារអាយុ ក្រោម១ឆ្នាំបានចាក់វ៉ាក់សាំងពេញលេញ១២ប្រភេទ សម្រេចអត្រាជាង៧០%; ការថែទាំសុខភាពបន្តពូជ និងផែនការគ្រួសារត្រូវបានយកចិត្តទុកដាក់និងអនុវត្តល្អ។
“ដើម្បីលើកកម្ពស់គុណភាពពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន នៅពេលខាងមុខ ដំណាក់សុខាភិបាលឃុំវិញហាយ នឹងខិតខំពុះពាររាល់ការលំបាកក្នុងការអនុវត្តភារកិច្ច។ ទន្ទឹមនឹងនោះ លើកកម្ពស់ក្រមសីលធម៌គ្រូពេទ្យ ខិតខំលើកកម្ពស់ជំនាញវិជ្ជាជីវៈ អស់ពីចិត្តពីថ្លើមណែនាំនិងអនុវត្តល្អលក្ខការណ៍ប្រព្រឹត្តចំពោះអ្នកជំងឺ ដើម្បីឆ្លើយតបកាន់តែល្អនូវការការពារនិងថែទាំសុខភាពជូនប្រជាជន ស័ក្តិសមនឹងការរំពឹងទុកនិងទំនុកចិត្តរបស់ប្រជាជនរយៈពេលកន្លង”-វេជ្ជបណ្ឌិត ង្វៀងវុាំងហឿង ប្រធានដំណាក់សុខាភិបាលឃុំវិញហាយ មានប្រសាសន៍ដូច្នេះ។
អត្ថបទនិងរូបថត៖ ថាញវ៉ាង- បកប្រែ៖ ថាច់ធី