19/09/2025 - 07:43

ខិត​ខំ​ដណ្តើម​ចំ​ណាត់​ថ្នាក់​ខ្ពស់​ក្នុង​ពិធី​ប្រ​ណាំង​ទូក​-ង ឆ្នាំ​២០២៥ 

ក្នុង​បរិយា​កាស​នៃ​ការ​ហ្វឹក​ហាត់​រួម​របស់​ក្រុម​ទូក​-ងលើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ដើម្បី​ត្រៀម​ចូល​រួម​អុំ​ប្រ​ណាំង​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​ ២០២៥ ទូក​-ង​វត្ត​ស្រ​ឡូ​ង សង្កាត់​មី​ស្វៀង​ និង​ទូក​-ង​វត្ត​ព្រែក​អណ្តើក ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ កំ​ពុង​ប្រ​ញឹក​ធ្វើ​ការ​ហាត់​ដោយ​រំ​ពឹង​ថា​ នឹង​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ខ្ពស់​និង​នាំ​មក​ជ័យ​ជម្នះ​ជូន​វត្ត។​

រូប​ភាព​នៃ​ការ​ហាត់​លើ​គោក​ដើម្បី​ហាត់​កម្លាំង​របស់​កីឡា​ករ​ទូក​-ង​នៅ​វត្ត​ស្រ​ឡូង
សង្កាត់មីស្វៀង ទីក្រុងកឹងធើ។

ទូក​-ង​វត្ត​ស្រ​ឡូង ជា​ទូក​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​នៅ​សុក​ត្រាំង​ (ចាស់)​ ព្រោះ​ទូក​-ង​នៅ​សង្កាត់​មី​ស្វៀង​ ធ្លាប់​ទទួល​ចំ​ណាត់​ថ្នាក់​ខ្ពស់​ក្នុង​ពិធី​ប្រ​ណាំង​ថ្នាក់​ស្រុក។​ ពិ​សេស​ ទូក​ស្រ​ឡូង​ទទួល​បាន​ជ័យ​លាភី​លេខ​៣ ពីរ​ឆ្នាំ​បន្ត​បន្ទាប់​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ងឆ្នាំ​២០២៣​-២០២៤។​ ទោះ​បី​លទ្ធ​ផល​មិន​ទាន់​លេច​ធ្លោ​ដូច​ទូក​ខ្លាំង​ៗ​មួយ​ចំ​នួន​លើ​ភូមិ​សាស្រ្ត​ទី​ក្រុង​ក៏​ដោយ​ ប៉ុន្តែ​ទូក​-ង​វត្ត​ស្រ​ឡូង​តែង​ចូល​រួម​ជា​ប្រ​ចាំ​នៅ​លើ​ដង​ព្រែក​ Maspero ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​ជា​រៀង​រាល់​ឆ្នាំ។​ ដើម្បី​ត្រៀម​ឱ្យ​បាន​ល្អ​សម្រាប់​ការ​ប្រ​ណាំង​ឆ្នាំ​នេះ​ វត្ត​និង​គណៈ​គ្រូ​បង្វឹក​បាន​រួម​កម្លាំង​ជួយ​ឧបត្ថម្ភ​ក្រុម​កីឡា​ករ​ហ្វឹក​ហាត់។​ រយៈ​ពេល​ជាង​១០​ថ្ងៃ​កន្លង​ នៅ​វេលា​ម៉ោង​៥​រសៀល​ នៅ​ក្នុង​វត្ត​ស្រ​ឡូ​ង សូរ​កញ្ចែ​និង​សំ​ឡេង​ហ៊ោ​កញ្ជ្រៀវ​របស់​កី​ឡា​ករ​ចំ​នួន​ ១៧០ នាក់​បាន​បន្លឺ​ឡើង​ បង្ក​ប​រិយា​កាស​អ៊ូ​អរ​នៅ​ជន​បទ​ក្នុង​ពេល​ឈាន​ចូល​ជិត​ដល់​ថ្ងៃ​បុណ្យ​អុំ​ទូក។​

តាម​ថេរ​ដី​កា​ព្រះ​តេជ​គុណ​ គឹម​ហ្វាង​ហឹង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូ​ង ឆ្នាំ​នេះ​ មាន​ដៃ​ច្រវា​ថ្មី​ៗ​ជា​ច្រើន​នាក់​មិន​ទាន់​មាន​បទ​ពិសោធន៍ ទើប​ផ្លាស់​ប្ដូរ​វិធី​សាស្ត្រ​ហាត់​ ដោយ​ហាត់​អុំ​លើ​គោក ដើម្បី​ហាត់​ពត់​ឱ្យ​កម្លាំង​មាំ​មួន​ បន្ទាប់​មក​ចុះ​ហាត់​លើ​រន្ទា​និង​ចុះ​ទូក​អុំ​ផ្ទាល់។​ បង​លី​ថាញ់​ហ្វៀង​ គណៈ​គ្រូ​បង្វឹក​ទូក​-ង​វត្ត​ស្រ​ឡូង ឱ្យ​ដឹង៖ "ថ្វី​ដ្បិត​តែ​យើង​មមា​ញឹក​នឹង​ការ​ងារ​ស្រែ​ចម្ការ​ ប៉ុន្តែ​ដោយ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​វិញ្ញា​សា​កីឡា​ជន​ជាតិ​ បាន​ជា​ដល់​ម៉ោង​ហាត់​ គឺ​បង​ប្អូន​តែង​មាន​វត្ត​មាន​ទាន់​ពេល​និង​ធ្វើ​ការ​ហាត់​យ៉ាង​ស្វា​ហាប់"។​

ទន្ទឹម​នឹង​នោះ​ នៅ​វត្ត​ព្រែក​អណ្តើក​វិញ​ ក្រោយ​ពី​អវត្ត​មាន​ជិត​មួយ​សត​វត្សរ៍ ក្រុម​ទូក​ក៏​ចាប់​ផ្ដើម​លេច​រូប​រាងឡើង​វិញ។​ ដោយ​បំ​ណង​ចូល​រួម​ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​ វត្ត​បាន​ប្រ​មូល​ផ្តុំ​កី​ឡា​ករ​បាន​ចំ​នួន​ ៧៥ នាក់ និង​ហាត់​បាន​ជិត​២០​ថ្ងៃ​មក​ហើយ។​

បរិយា​កាស​ហាត់​លើ​រន្ទា​របស់​កីឡា​ករ​វត្ត​ព្រែក​អណ្តើក ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ។​

ចែក​រំលែក​អំ​ពី​ការ​ហាត់​ បង​ស៊ើង​ញុឹង កី​ឡា​ករ​ទូក​-ងវត្ត​ព្រែក​អណ្តើក ឱ្យ​ដឹង៖ "ការ​ហាត់​ថ្ងៃ​ដំ​បូងៗ​ នឿយ​ហត់​ណាស់​ ប៉ុន្តែ​គ្រូ​បង្វឹក​បាន​ណែ​នាំ​របៀប​ចលនា​និង​វិធី​សាស្រ្ត​អុំ​ ទើប​ខ្ញុំ​ស៊ាំ​នឹង​ការ​ចលនា​រាង​កាយ​បន្តិច​ម្តង​ៗ​។​ ទោះ​បី​ហត់​ក៏​ពិត​មែន​ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​បាន​ចូល​រួម​កម្លាំង​ជួយ​ដល់​ទូក​-ង​របស់​វត្ត​ ខ្ញុំ​ខំ​ព្យា​យាម​ហ្វឹក​ហាត់​និង​ប្តេជ្ញា​ចិត្ត​ដណ្ដើម​បាន​ចំ​ណាត់​ថ្នាក់​ជូន​វត្ត"។​

បង​យ័ញ​ថាញ់​ដាក គ្រូ​បង្វឹក​ទូក​-ង​វត្ត​ព្រែក​អណ្តើក រ៉ាយ​រាប់៖ "ដោយ​សារ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំ​បូង​ដែល​ចូល​រួម​ការ​ប្រ​ណាំង បន្ទាប់​ពី​អវត្ត​មាន​អស់​រយៈ​ពេល​ជា​យូរ​ កី​ឡា​ករ​ភាគ​ច្រើន​ជា​ដៃ​ច្រ​វា​ថ្មី​មិន​ទាន់​មាន​បទ​ពិ​សោធន៍ ដូច្នេះ​ក្នុង​ថ្ងៃ​ហាត់​ដំ​បូង​ គ្រូ​បង្វឹក​បាន​ចំ​ណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ណែ​នាំ​ចលនា​រាង​កាយ​ និង​វិធី​សាស្រ្ត​អុំ​លើ​គោក។​ បន្ទាប់​ពី​ការ​ហ្វឹក​ហាត់​ចលនា​នៅ​លើ​ទី​ធ្លា​វត្ត​ កី​ឡា​ករ​បាន​ចុះ​ហាត់​លើ​បន្ទា"។​

ជាមួយ​នឹង​ការ​ត្រៀម​យ៉ាង​ហ្មត​ចត់​ និង​ស្មារតី​ប្តេជ្ញា​ខ្ពស់​ ទូក​-ង​ទាំង​ពីរ​វត្ត​គឺ​ស្រ​ឡូង​និង​ព្រែក​អណ្តើក សន្យា​នឹង​នាំ​មក​នូវ​ការ​អុំ​ប្រ​ណាំង​ដ៏​រំភើប​នៅ​លើ​ដង​ព្រែក​សម្រាប់​ពិធី​បុណ្យ​អក​អំ​បុក​នា​ពេល​ខាង​មុខ៕​

ថាញ់​វ៉ាង​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ