ក្នុងនាមជាបក្ខជនវ័យក្មេង រយៈពេលជាង ១០ ឆ្នាំបម្រើការងារនៅភូមិភាគ បងថាច់សុផាត ប្រធានគណៈប្រជាជនភូមិព្រែកទន្សង ឃុំង៉ាយតឺ ខេត្តវិញឡុង តែងអស់ពីចិត្តគិតអានដល់ជីវភាពជនរួមជាតិ។ ជាមួយនឹងភារកិច្ចរបស់ខ្លួន បងបានបង្កលក្ខណៈដល់គ្រួសារក្រីក្របានបុលទុនធ្វើការរកស៊ី ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម បង្រៀនវិជ្ជាជីវៈនិងឧទ្ទេសនាមការងារធ្វើ។ល។

បងថាច់សុផាត (ខាងឆ្វេង) ដោះដូរយោបល់ជាមួយនឹងព្រះចៅអធិការវត្តព្រែកឈូក
ត្រៀមរៀបចំពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ។
ភូមិព្រែកទន្សងមានប្រជាជន ៥០៣ គ្រួសារ ក្នុងនោះជនរួមជាតិខ្មែរមានដល់ទៅ៣៣៥គ្រួសារ។ ឆ្នាំ ២០១០ បងសុផាត បានបោះឆ្នោតតែងតាំងធ្វើជាអនុលេខាសាខាបក្ស និងជាប្រធានគណៈកម្មការការងាររណសិរ្សភូមិព្រែកទន្សង។ លុះដល់ឆ្នាំ ២០១៥ បងបានបោះឆ្នោតតែងតាំងជាលេខាសាខាបក្ស និងជាប្រធានគណៈប្រជាជនភូមិព្រែកទន្សង និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនឃុំង៉ាយតឺរហូតដល់សព្វថ្ងៃ។ បងសុផាត ឱ្យដឹង៖ “កាលពីមុន ភូមិព្រែកទន្សងជាភូមិលំបាកខ្លាំង ប៉ុន្តែអាស្រ័យដោយការឧបត្ថម្ភរបស់រដ្ឋ ការជួយឧបត្ថម្ភពីសាខាបក្សនិងអង្គការមហាជននានាក្នុងភូមិ ជួយគ្រួសារជាច្រើនបានបុលទុន ខ្ចីដីសម្រាប់ដាំដុះ។ ក្នុងតួនាទីរបស់ខ្លួន ចាប់ពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៩ ខ្ញុំបានចលនាប្រជាជនកសាងធ្វើផ្លូវបេតុងប្រវែងជាង ៤.០០០ ម៉ែត្រ ឆ្នាំ ២០២០ - ២០២១ ចលនាកសាងផ្លូវកៅស៊ូប្រវែង ២.១១០ ម៉ែត្រ ជួយមាមីងដឹកជញ្ជូនកសិផលនិងកូនចៅទៅរៀនសូត្របានងាយស្រួល ក្រៅពីនេះ ចលនាសង់ផ្ទះមហាសាមគ្គីបានចំនួន ៩៣ ខ្នង។ ភាគច្រើនមាមីងខ្មែរនៅទីនេះខ្វះដីផលិតនិងខ្វះទុនធ្វើ ការរកស៊ី មិនសូវយល់ដឹងពីវិទ្យាសាស្រ្តបច្ចេកទេស អនុវត្តក្នុងការផលិត អាស្រ័យហេតុនោះ យើងត្រូវតែជួយមាមីងជិតដិតដើមទុនផលិត ចិញ្ចឹមសត្វ ឱ្យមានការងារធ្វើដើម្បីមានប្រាក់ចំណូល ទើបសង្ឃឹមថាចាកភាពក្រីក្រដោយចីរភាព”។
គិតឃើញដូច្នេះ ខណៈពេលបានមាមីងទំនុកចិត្តតែងតាំងធ្វើជាប្រធានគណៈប្រជាជនភូមិ បងចាប់ផ្តើមត្រួតពិនិត្យជីវភាពគ្រួសារក្រីក្រនីមួយៗ ស្វែងយល់ពីបំណងប្រាថ្នារបស់ប្រជាជនក្នុងភូមិ។ បន្ទាប់មកបងស្នើឡើងគណៈកម្មាធិការប្រជាជនឃុំ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រ បានបុលទុន បើកថ្នាក់ហ្វឹកហាត់ពីបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ។ល។ ជូនប្រជាជន។
មិនត្រឹមតែជាកម្មាភិបាលខ្នះខ្នែងប៉ុណ្ណោះទេ បងថែមទាំងជាគំរូក្នុងការខិតខំផលិតអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។ ពេលរៀបអាពាហ៍ពិពាហ៍ ឪពុកម្តាយសងខាងឱ្យដីស្រែបាន៥កុង។ ដោយឧស្សាហ៍ព្យាយាមពលកម្ម ចិញ្ចឹមគោនិងសន្សែសន្សំ បងទិញដីបន្ថែមបាន៤កុង។ ពូគឹមស៊ីវ អនុប្រធានគណៈកម្មការវត្តព្រែកឈូក ឱ្យដឹង៖ “ពូសុផាត ជាកម្មាភិបាលគិតអានប្រជាជន ពេលប្រជាជនមានការចាំបាច់គឺពូតែងជួយអស់ពីចិត្តពីថ្លើមចំពោះកិច្ចការរបស់ខ្លួន ពូសុផាត់មិនដែលត្អូញត្អែរលំបាក ទោះបីចុះទៅតំបន់ឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ពូមិនដែលរាថយ តែងជួយអ្នករាល់គ្នាធ្វើការរកស៊ីចាកភាពក្រីក្រ ជំរុញទឹកចិត្តកូនចៅក្នុងភូមិស្រុករៀនសូត្រ គាត់ជាគំរូល្អម្នាក់គួរយកតម្រាប់តាម”។
លោកថាច់សើុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ាយតឺ ឱ្យដឹង៖ “សមមិត្តសុផាត ជាកម្មាភិបាលគំរូ តែងខ្នះខ្នែងអស់ពីចិត្តនិងប្រឹងប្រែងសម្រេចភារកិច្ចល្អដែលបានប្រគល់។ ចំពោះការងារ សមមិត្តតែងយកចិត្តទុកដាក់ស្តាប់ ចែករំលែកនិងជួយអ្នករាល់គ្នាដោយអស់ពីចិត្ត ម្ល៉ោះហើយបានប្រជាជនគោរពរាប់អាន។ សមមិត្តបានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរមុខមាត់ជនបទរបស់ភូមិ ធ្វើឱ្យសេដ្ឋកិច្ចប្រជាជនរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានកើនឡើងជាលំដាប់”៕
អត្ថបទនិងរូបថត៖ សើុងម៉ាល័យ - លីសៀ