មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/09/2025 - 08:44

មាមីងខ្មែររីករាយអំណរបុណ្យសែនដូនតា 

បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ប្រ​ព្រឹត្ត​ឡើង​ក្នុង ៣ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ២១-២៣ ខែ​កញ្ញា ឆ្នាំ​២០២៥។ នៅ​ឃុំ​តាយ​វុាំង ទី​ក្រុង​កឹងធើ ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បរិ​យា​កាស​អំ​ណរ​បុណ្យ​សែន​ដូន​តា​មាន​ភាព​អ៊ូ​អរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ម៉្លេះ។

មា​មីង​ខ្មែរ​មក​វត្ត​បឹង​ទន្សា ឃុំ​តាយ​វុាំង ទី​ក្រុង​កឹង​ធើ ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា។

ឃុំ​តាយ​វុាំង មាន​ប្រ​ជា​ជន​ចំ​នួន ៣៤.០០០ នាក់ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត​៨០%។ ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ព្រម​ទាំង​ការ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ ទើប​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ណា​ក៏​រីក​រាយ​ទទួល​បុណ្យ​សែន​ដូន​តា​ដោយ​ក្តី​សប្បាយ និង​សុខ​ដុម​រមនា។

មក​កាន់​ភូមិ​ទីប​ញឹក សព្វ​ថ្ងៃ​ដង​ផ្លូវ​បាន​ចាក់​បេ​តុង​រាប​រលូន តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ សម្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល។ តាម​ដង​ផ្លូវ​ជន​បទ​គឺ​មាន​ផ្ទះ​ថ្ម សង់​ឡើង​ជា​ជួរ​រឹង​មាំ សម​រម្យ ជួយ​ឱ្យ​គ្រួ​សារ​ក្រ ​គ្រួ​សារ​ក្បែរ​ក្រ​មាន​ផ្ទះ​នៅ​លំ​នឹង​ទទួល​បុណ្យ​សែនដូន​តា​ក្នុង​បរិយា​កាស​សប្បាយ​រីក​រាយ សុភ​មង្គល។ ឆ្នាំ​២០២៥ ភូមិ​ទីប​ញឹក​សង់​ផ្ទះ​បាន​ចំ​នួន ២៣ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ក្បែរ​ក្រ​ដោយ​សរុប​ថវិ​កា​ជាង​១​ពាន់​លាន​ដុង។

បង​ឌោ​ច័ន្ទ​សិរី ប្រ​ជា​ជន​នៅ​ភូមិ​ទីប​ញឹក រីក​រាយ ឱ្យ​ដឹង៖ “ឆ្នាំ​នេះ ផ្ទះ​ខ្ញុំ​ទទួល​បុណ្យ​សែន​ដូន​តា​ក្នុង​ផ្ទះ​ថ្មី​ស្អាត​បាត។ ខ្ញុំ​អរ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ប្រ​ជា​ជន​ក្រី​ក្រ​ដូច​យើង​ខ្ញុំ​នេះ”។

 មា​មីង​ខ្មែរ​នៅ​ឃុំ​តាយ​វុាំង ទី​ក្រុង​កឹង​ធើ ប្រ​មូល​ផល​ខ្ទឹម​ស្លឹក។

តាំង​ពី​កន្លះ​ខែ​មុន​បុណ្យ​ដូន​តា មា​មីង​ខ្មែរ​បាន​រៀប​ចំ​បោស​សម្អាត​ផ្ទះ​សម្បែង ទី​សក្ការ​បូជា​ដើម្បី​រៀប​ចំ​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា។ នៅ​វត្ត​បឹង​ទន្សា ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​នាំ​គ្នា​រៀប​ចំ​បោស​សម្អាត​ក្នុង​បរិ​វេណ​វត្ត។ បរិ​យា​កាស​បុណ្យ​សែន​ដូន​តា​រៀប​ចំ​គ្រប់​ទី​កន្លែង ផ្ទះ​ណា​ក៏​វេច​នំ​អន្សម​ជ្រូក នំ​ទៀន​ជា​ដើម​។ល។ សម្រាប់​យក​ទៅ​ជូន​ឪពុក​ម្តាយ ជី​​ដូន​ជី​តា​និង​យក​ទៅ​ប្រ​គេន​ព្រះ​សង្ឃ។

លោក​សើុង​សៀន ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​បឹង​ទន្សា ឱ្យ​ដឹង៖ “ពិ​ធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ មា​មីង​មាន​ក្តី​រីក​រាយ​ណាស់។ អា​ស្រ័យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់ ទើប​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិន​តែ​ប៉ុណ្ណោះ​មា​មីង​ថែម​ទាំង​រួម​ចំ​ណែក​កសាង​សំ​ណង់​ក្នុង​វត្ត​ទៀត​ផង។

លោក​ង្វៀង​វុាំង​យេ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តាយ​វុាំង ឱ្យ​ដឹង៖ “រយៈ​ពេល​កន្លង អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ព្រម​ទាំង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​ប្រ​ជា​ជន ទើប​ឃុំ​តាយ​វុាំង​មាន​ភាព​វិវឌ្ឍន៍​យ៉ាង​សកម្ម។ បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ កាន់​តែ​មាន​ន័យ​ជាង​ទៀត ពេល​ដែល​មា​មីង​នៅ​ឃុំ​តាយ​វុាំង មាន​គ្រួ​សារ​ខ្លះ​បាន​ទទួល​ផ្ទះ​ថ្មី រឹង​មាំ ជួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច កូន​ចៅ​បាន​ទៅ​រៀន​គ្រប់​គ្នា វិស័យ​វប្ប​ធម៌ សុខា​ភិបាល អប់រំ​បន្ត​បាន​វិនិ​យោគ​និង​សុក្រឹត”។

ពិធី​បុណ្យ​សែន​ដូន​តា មិន​ត្រឹម​តែ​ជា​ឱកាស​សម្រាប់​រំលឹក​នឹក​គុណ​ដល់​បុព្វ​ការី​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឱកាស​សម្រាប់​ប្រ​ជា​ជន​នៅ​ឃុំ​តាយ​វុាំង ក្រ​ឡេក​មើល​មក​ដំ​ណាក់​កាល​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​រួម​គ្នា​អភិ​រក្ស​តម្លៃ​ប្រ​ពៃ​ណី និង​បោះ​ជំ​ហាន​កាន់​តែ​រឹង​មាំ​ក្នុង​ដំ​ណាក់​កាល​អភិ​វឌ្ឍ​ថ្មី​៕

                                   ហុង​ទើ-ដា​លីន

ចែករំលែកអត្ថបទ