ភ្លេងខ្មែរមានច្រើនប្រភេទនិងសម្បូរបែបណាស់ លើសពីនេះថែមទាំងមានលក្ខណៈពិសេសដោយឡែកទៀតផង។ ភ្លេងបានផ្សារភ្ជាប់ជាមួយជីវភាពជនរួមជាតិខ្មែរគ្រប់កាលៈទេសៈ និងស៊ីសង្វាក់ជាមួយមនោសញ្ចេតនារម្មណ៍ ពីព្រោះភ្លេងខ្មែរមានតួនាទីដ៏សំខាន់និងជាតម្រូវការរបស់មហាជនខ្មែរ តាំងពីកើតរហូតដល់ស្លាប់។

វង់ភ្លេងតិតក់។
នៅខេត្តអាងយ៉ាង ជនរួមជាតិខ្មែរនៅរក្សាបានភ្លេងប្រពៃណីមួយប្រភេទ ហៅថា “ភ្លេងតិតក់” ឬហៅថាភ្លេងត្រៃលក្ខណ៍ សម្រាប់ប្រគំក្នុងពិធីបុណ្យសព។ ដែលមានឈ្មោះថា “តិតក់” ពីព្រោះនៅពេលប្រគំតន្ត្រីករគោះលើគែមស្គរ និងកំណាត់ឫស្សី មានសូរបន្លឺឡើង “តិតក់”។
វង់ភ្លេងនេះភាគច្រើនមានអ្នកប្រគំ ៤ នាក់៖ ម្នាក់វាយស្គរធំនិងគង ពីរនាក់ទះស្គរដៃ និងម្នាក់កូតទ្រសោ។
លោកចៅហេន នៅភូមិជីក្អេងក្រោម ឃុំទ្រីតូង ខេត្តអាងយ៉ាង - ជាសមាជិកម្នាក់ដែលផ្សារភ្ជាប់នឹងវង់ភ្លេងតិតក់ច្រើនឆ្នាំ ឱ្យដឹង៖ “ទោះបីបទភ្លេងរបស់វង់ភ្លេងដទៃទៀតមានការអភិវឌ្ឍតាមសម័យកាលក៏ដោយ រីឯភ្លេងតិតក់នេះនៅតែរក្សាបានលក្ខណៈដើមរបស់ខ្លួន។ លំនាំបទភ្លេងមិនសប្បាយពេក ឬទំនើបពេកនោះទេ”។
ភ្លេងតិតក់មានច្រើនបទ ដូចជា៖ បទខ្លងខែក ព្រហាមថ្ងៃរះ ដំរីយោលដៃ អុំទូក សំពៅថយជាដើម។ ក្នុងនោះ លំនាំបទភ្លេងនីមួយៗត្រូវបានប្រគំឡើងទៅតាមដំណាក់កាលនីមួយៗក្នុងពិធីបុណ្យសព។
ពេលប្រគំវង់ភ្លេងនេះ គឺទ្រសោនាំមុខ បន្ទាប់មកស្គរដៃស្ដាប់តាមទ្រសោ ចំណែកស្គរធំស្ដាប់តាមសំឡេងស្គរដៃ។
ក្នុងវង់ភ្លេង គ្មានឧបករណ៍ណាមួយដែលចាត់ទុកសំខាន់ជាងគេនោះទេ។ ទោះបីទ្រសោលេងនាំមុខក៏ដោយ ប៉ុន្តែការប្រគំដេញដំផ្លុំកូត គឺព្រមគ្នាទៅតាមលំនាំបទនីមួយៗ មានសូរសៀងសោកសៅ ស្រងេះស្រងោច លន្លង់លន្លោច ហាក់ដូច ជាសំឡេងយំសោកស្ដាយ នោះដោយសារសំឡេងនៃទ្រសោ។ សំឡេងនោះធ្វើឱ្យចិត្តសង្វេគ និងគិតពិចារណាអំពីត្រៃលក្ខណ៍។ ផ្តើមពីនោះ ក្នុងជីវិតរស់នៅមនុស្សម្នាក់ៗត្រូវខិតខំធ្វើអំពើល្អ។
ព្រះតេជព្រះគុណ ចៅដូរ៉ន វត្តជីក្អេងក្រោម ឃុំទ្រីតូង ខេត្តអាងយ៉ាង មានថេរដីកា៖ ភ្លេងតិតក់ មិនដូចភ្លេងពិណពាទ្យទេ ភ្លេងតិតក់លេងតែក្នុងពិធីបុណ្យសពប៉ុណ្ណោះ។ ពេលឮភ្លេងនេះ គេដឹងថាក្នុងភូមិស្រុកមានអ្នកស្លាប់ហើយ។ ភ្លេងនេះមានលក្ខណៈសោកសៅ ទុក្ខព្រួយ ស្រងេះស្រងោច ធ្វើឱ្យមនុស្សចេះពិចារណាអំពីត្រៃលក្ខណ៍ គឺ៖ អនិច្ចំ ទុក្ខំ និងអនត្តា”។
អាចនិយាយបានថា ក្នុងចំណោមប្រភេទភ្លេងប្រពៃណីរបស់ជនរួមជាតិខ្មែរ វង់ភ្លេងតិតក់មានលក្ខណៈពិសេសដោយឡែក ពីព្រោះនៅតែខេត្តអាងយ៉ាងប៉ុណ្ណោះដែលនៅរក្សាបានប្រភេទភ្លេងនេះ។ សំឡេងដ៏លន្លង់លន្លោចទៅតាមលំនាំបទភ្លេងនីមួយៗ មិនត្រឹមតែផ្សារភ្ជាប់ជាមួយបុណ្យសពប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទស្សនវិជ្ជានៃការរស់នៅរបស់មនុស្សដ៏ជ្រាលជ្រៅទៀតផង។ ផ្តើមពីលក្ខណៈពិសេសនោះ បានធ្វើឱ្យភ្លេងតិតក់ ក្លាយជាតម្លៃវប្បធម៌ពិសេសដោយឡែក រួមចំណែកបង្កើតអត្តសញ្ញាណពិសេសក្នុងសហគមន៍ខ្មែរនៅទីនេះ៕
វុឌ្ឍា-វិមាន