ក្នុងតួនាទីជាប្រធានគណៈប្រជាជនមណ្ឌលដាយជី សង្កាត់មីស្វៀង ទីក្រុងកឹងធើ លោកយ័ញវ៉ាំងហ្វៀង តែងខ្នះខ្នែងនិងយកចិត្តទុកដាក់គិតគូរជីវភាពរបស់ប្រជាជន។ អាស្រ័យហេតុនេះ ជីវភាពរបស់មាមីងក្នុងភូមិតែងបានលើកកម្ពស់ជាលំដាប់ រួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយភាពក្រីក្រនៅភូមិភាគ។

លោកយ័ញវ៉ាំងហ្វៀង (ខាងឆ្វេង) ពិនិត្យទម្រង់ដាំដុះរបស់មាមីង។
ធ្វើការនៅភូមិភាគតាំងពីឆ្នាំ ២០០៩ ធ្លាប់ធ្វើជាលេខាសាខាបក្ស និងជាប្រធានគណៈប្រជាជនភូមិតាំងពីឆ្នាំ ២០១៧ រហូតមកដល់សព្វថ្ងៃ លោកយ័ញវ៉ាំងហ្វៀង តែងចុះទៅតាមគ្រួសារ ដើម្បីក្តាប់នូវស្ថានភាពរស់នៅរបស់ប្រជាជន។ លោកហ្វៀង បានចែករំលែក៖ “មណ្ឌលដាយជីមាន ៤៨១ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរមាន ៨៥%។ ក្នុងតួនាទីជាប្រធានមណ្ឌល ខ្ញុំតែងសញ្ជឹងគិតធ្វើយ៉ាងណាដើម្បីឱ្យប្រជាជនកាន់តែមានឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គ្មាននៅគ្រួសារក្រីក្រនិងក្បែរក្រទៀត”។ ក្នុងការងារ លោកមិនខ្លាចនឿយហត់ លោកតែងចុះទៅតាមគ្រួសារដើម្បីស្វែងយល់ពីចិត្តគំនិតនិងបំណងប្រាថ្នារបស់ប្រជាជន បន្ទាប់មកលោកបានសហការជាមួយអង្គការមហាជនក្នុងភូមិ ដើម្បីដាក់ចេញនូវភារកិច្ច និងដំណោះស្រាយជាក់ស្តែង សំដៅជួយដល់គ្រួសារដែលមានជីវភាពលំបាកឱ្យមានឱកាសឈានឡើង។ លោកក៏បានស្នើរដ្ឋអំណាច ដើម្បីឱ្យគ្រួសារក្រីក្រនិងក្បែរក្រ បានបុលទុនពីធនាគារគោលនយោបាយសង្គម និងបានទទួលផលពីកម្មវិធីនិងគោលនយោបាយផ្សេងៗ។
ជាក់ស្ដែងដូចជា គ្រួសារបងស្រីលីធីក្វៀង នៅមណ្ឌលដាយជី ជាគ្រួសារក្រគ្មានដីបង្កបង្កើនផល ធ្វើការឈ្នួលមានប្រាក់ចំណូលមិនលំនឹង។ ដោយឃើញពីស្ថានភាពលំបាករបស់បងស្រី លោកបានស្នើរដ្ឋអំណាចភូមិភាគ ពិនិត្យជំនួយគោមេមួយគូ ដើម្បីឱ្យគ្រួសារគាត់មានលក្ខណៈក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ បងស្រីក្វៀង ឱ្យដឹង៖ “ពូហ្វៀង តែងយកចិត្តទុកដាក់ដល់ជីវភាពរបស់មាមីងណាស់ គាត់តែងចុះមកដល់ផ្ទះដើម្បីផ្សព្វផ្សាយ ចលនាឱ្យខិតខំធ្វើការបង្កបង្កើនផល ក៏ដូចជាចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមគោផងដែរ...”។
ដោយការអស់ពីចិត្តនិងជិតស្និទ្ធជាមួយប្រជាជនរបស់លោកហ្វៀង បានរួមចំណែកផ្លាស់ប្តូរទិដ្ឋភាពមណ្ឌលដាយជី។ ជីវភាពរបស់ប្រជាជនកាន់តែលំនឹងមានគ្រួសារជាច្រើនបានឈានឡើងចាកផុតពីភាពក្រីក្រ និងកសាងជីវភាពឱ្យកាន់តែធូរធារ រហូតមកទល់ពេលនេះ គ្រួសារក្រីក្រក្នុងមណ្ឌលនៅត្រឹមតែ ១០ គ្រួសារប៉ុណ្ណោះ។
មិនត្រឹមតែគិតគូរចំពោះជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ លោកហ្វៀង ថែមទាំងសកម្មក្នុងការងារសង្គមូបនីយកម្ម។ ក្នុងរយៈពេលកន្លង លោកបានកៀរគរប្រជាជន ១៦ គ្រួសារ បរិច្ចាគដីសរុប ១.៥០០ ម៉ែត្រការ៉េ ដើម្បីធ្វើផ្លូវដាន ដាក់បង្គោលភ្លើងបំភ្លឺផ្លូវ ៩៥ ដើម ដាក់កាមេរ៉ាសុវត្ថិភាព ៥ គ្រឿង និងកសាងស្ពានជនបទ ២ កន្លែង សរុបថវិកាជាង ២០០ លានដុង។
លោក ង៉ោថាញ់ត្វង ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់មីស្វៀង ឱ្យដឹង៖ “ក្នុងតួនាទីជាប្រធានគណៈប្រជាជនភូមិដាយជី លោកហ្វៀង តែងធ្វើជាគំរូនិងយកចិត្តទុកដាក់ចំពោះជីវភាពរបស់ប្រជាជន។ ពិសេស លោកបានចលនាប្រជាជនចូលរួមថវិកានិងកម្លាំងពលកម្ម ដើម្បីកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទ អនុវត្តគម្រោងដងផ្លូវគំរូនិងដងផ្លូវមានភ្លើងបំភ្លឺ។ ការផ្លាស់ប្តូរនៃមណ្ឌលដាយជី នាពេលបច្ចុប្បន្ន ក្រៅពីការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ប្រជាជន ក៏មានការរួមចំណែកយ៉ាងធំធេងពីលោក យ័ញវ៉ាំងហ្វៀង ក្នុងរយៈពេលកន្លងមកផងដែរ”៕
ថាញ់វ៉ាង-ដាលីន