ឆ្នាំកន្លង សមាគមកសិកគ្រប់លំដាប់ថ្នាក់របស់ឃុំញូយ៉ា ទីក្រុងកឹងធើ តែងផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្ត្រសម្មភាពជួយសមាជិកកសិករលើកកម្ពស់ជីវភាពដោយសកម្មភាពជាក់ស្តែងជាច្រើន តាមរយៈការឧបត្ថម្ភដើមទុន ផ្ទេរវិទ្យាសាស្ត្របច្ចេកទេសនិងពង្រីកទម្រង់ដែលមានប្រសិទ្ធភាព។ល។ ផ្តើមពីនោះ ជួយសមាជិកកសិករជាច្រើនបង្កើនប្រាក់ចំណូលឈានឡើងមានជីវភាពធូរធារ។

បុលទុនពីធនាគារគោលនយោបាយសង្គម អនុវត្តទម្រង់ចិញ្ចឹមគោរបស់គ្រួសារ លោកថាច់សឿន
នៅភូមិបឹង ឃុំញូយ៉ា ទីក្រុងកឹងធើ។
តាមប្រសាសន៍លោក ឡឹមទ្រុងត្វឹង អនុប្រធានសមាគមកសិករឃុំញូយ៉ា គិតដល់បច្ចុប្បន្ន សមាគមទទួលការប្រគល់សិទ្ធិពីធនាគារគោលនយោបាយសង្គម គ្រប់គ្រងក្រុមប្រិតសំចៃ ២១ ក្រុម មាន ១.០៥៦ គ្រួសារ បុលទុនដោយទឹកប្រាក់សរុបជាង ៣៨ ពាន់លានដុង។ អាស្រ័យប្រភពទុនបុលដូចខាងលើ ទើបជីវភាពរបស់សមាជិកជាច្រើនបានលើកកម្ពស់ ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
ជាក់ស្តែងដូចគ្រួសារបង ឌិញវុាំងយ៉េម នៅភូមិព្រែកឈ្វេង ជាសមាជិកកសិករ ឈានឡើងផ្តើមពីទម្រង់ចិញ្ចឹមជ្រូកព្រៃ។ នាំយើងខ្ញុំទស្សនា ទម្រង់ បងយ៉េម រំភើបចិត្តឱ្យដឹង៖ “ចៃដន្យបានយល់ដឹងទម្រង់ចិញ្ចឹមជ្រូកតាមរយៈកាសែត ទូរទស្សន៍ ខ្ញុំយល់ឃើញថា បច្ចេកទេសចិញ្ចឹម មានភាពសាមញ្ញ ចំណាយពេលថែទាំតិច ប្រភពចំណីមានស្រាប់ដូចជាត្រកួននិងស្មៅជាដើម។ ជួយកាត់បន្ថយចំណាយក្នុងការចិញ្ចឹមសាច់ជ្រូក ហាប់បានអតិថិជនពេញនិយម ម៉្លោះហើយ នៅឆ្នាំ ២០២៣ ខ្ញុំសម្រេចចិត្តបុលទុនពីធនាគារគោលនយោបាយសង្គម ២០ លានដុង ដើម្បីអនុវត្តទម្រង់ចិញ្ចឹមជ្រូកព្រៃ”។ ដំបូង ដោយសារពុំទាន់មានបទពិសោធន៍ គាត់ចិញ្ចឹមជ្រូកព្រៃតែ ៣ ក្បាល។ ក្រោយពីចិញ្ចឹម ៦ ខែ ជ្រូកកើតកូនល្បាស់ដំបូងបាន ២០ ក្បាល។ គាត់លក់ជ្រូកសាច់ ១៨ ក្បាល ដោយតម្លៃ ១០០.០០០ ដុង ក្នុងមួយគីឡូក្រាម រកបានប្រាក់ចំណូលប្រមាណ ៣៥ លានដុង ទុកជ្រូកមេ ២ ក្បាលចិញ្ចឹម ដើម្បីពង្រីកហ្វូង។ បងយ៉េប ឱ្យដឹងបន្ថែម៖ “ជារៀងរាល់ឆ្នាំជ្រូកកើតកូនបាន ២ ល្បាស់ មួយល្បាស់ៗពី ៧-៨ ក្បាល ចិញ្ចឹមប្រមាណ ៦ ខែ អាចលក់បានទម្ងន់ពី ៣០-៦០ គីឡូក្រាមក្នុងមួយក្បាល។ ចិញ្ចឹមជ្រូកព្រៃបាននាំមកប្រភពចំណូលប្រមាណ ១៤០ លានដុងក្នុងមួយឆ្នាំ បន្ទាប់ពីទូទាត់ប្រាក់ចំណាយរួច សង្កេតឃើញទម្រង់នេះមានប្រសិទ្ធភាព ទើបដើមឆ្នាំ ២០២៥ ខ្ញុំសង់ទ្រុងបន្ថែមដើម្បីពង្រីកហ្វូងជ្រូកមេកើនឡើង ១១ក្បាល”។
ចំណែកគ្រួសារលោកថាច់សឿន នៅភូមិបឹង ចែករំលែក៖ “ខ្ញុំរៀបការរួចចេញនៅដោយឡែកឪពុកម្តាយចែកដីចម្ការបាន ២ កុង ទោះបីពីរនាក់ប្តីប្រពន្ធខំប្រឹងពលកម្មផលិត ប៉ុន្តែនៅតែមិនគ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ឆ្នាំ២០១០ បានសមាគមកសិករឃុំបង្កលក្ខណៈប្រភពទុនគោលនយោបាយសង្គម ដើម្បីវិនិយោគចិញ្ចឹមគោ”។ អាស្រ័យយកចិត្តទុកដាក់ក្នុងការថែទាំនិងខ្នះខ្នែងចូលរួមវគ្គហ្វឹកហ្វឺនអំពីបច្ចេកទេសចិញ្ចឹម ទើបហ្វូងគោធំធាត់ល្អ ហើយរៀងរាល់ឆ្នាំគោកើតកូនបាន២ក្បាល។ សង្កេតឃើញការចិញ្ចឹមគោចំណាយពេលថែទាំតិច ចំណីរបស់គោសំខាន់គឺស្មៅនិងអនុផលកសិកម្ម កាត់បន្ថយចំណាយក្នុងការចិញ្ចឹម ម៉្លោះហើយ នៅឆ្នាំ ២០១៥ លោកថាច់សឿន បុលទុនបន្ថែម ៣០ លានដុង ដើម្បីទិញគោ ២ ក្បាលមកចិញ្ចឹម។ លោកថាច់សឿន ឱ្យដឹងបន្ថែម៖ “រៀងរាល់ឆ្នាំ គោកើតកូនបានពី ៣-៤ ក្បាល ចាប់តាំងពីចិញ្ចឹមមកដល់បច្ចុប្បន្ន ខ្ញុំលក់បាន២លើកប្រមាណ១០ក្បាល ឥឡូវ ក្នុងរោងនៅគោ៤ក្បាល”។ ជាមួយនឹងប្រភពចំណូលប្រមាណ៦៥លានដុងពីការចិញ្ចឹមគោ បូកផ្សំនឹងប្រាក់៥០លានដុងបានមកពីការដាំដំណាំក្នុងមួយឆ្នាំ ជីវភាពគ្រួសារលោកថាច់សឿន បានកែលម្អនិងចាកផុតពីភាពក្រីក្រ។
“អាស្រ័យការយកចិត្តទុកដាក់ បង្កលក្ខណៈលើគ្រប់វិស័យ ទើបជីវភាពរបស់សមាជិកកសិករជាច្រើន ជាជំហានៗបានលើកកម្ពស់។ ដើម្បីពង្រីកបានប្រសិទ្ធភាព នៅពេលខាងមុខ សមាគមកសិករឃុំ ជំរុញមាំការងារផ្សព្វផ្សាយ លើកទឹកចិត្តស្មារតីផ្តើមអាជីពដល់សមាជិក; ឧបត្ថម្ភបុលទុនអាទិភាព។ ទន្ទឹមនឹងនោះ សហការជាមួយផ្នែកមុខងារណែនាំកសិករវិនិយោគមូលដ្ឋានចិញ្ចឹមសត្វតាមបែបទំនើប អនុវត្តបច្ចេកវិទ្យាខ្ពស់ផ្សារភ្ជាប់នឹងបែបបទផលិតសុវត្ថិភាព ជឿនលឿន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនប្រាក់ចំណូល ឈានឡើងធ្វើមាន” - សមមិត្ត ឡឹមទ្រុងត្វឹង អនុប្រធានសមាគមកសិករឃុំញូយ៉ា ឱ្យបានដឹងដូច្នេះ៕
អត្ថបទនិងរូបថត៖ ថាញវ៉ាង-ប្រែសម្រួល៖ មុនី