គាំទ្រចលនា “ប្រជាចលនាប៉ិនប្រសប់” ចាប់ពីខែមីនា ឆ្នាំ ២០២៥ មកដល់សព្វថ្ងៃ សាខាបក្សភូមិសាវុាំង ឃុំដុងចូវ ខេត្តវិញឡុង អនុវត្តទម្រង់ “ចលនាប្រជាជនលុបជង្ហុកផ្លូវជនបទ” រួមចំណែកធានាសុវត្ថិភាពចរាចរណ៍ ជួយប្រជាជនដឹកញ្ជូនកសិផលនិងសិស្សានុសិស្សទៅរៀនបានងាយស្រួល។

បក្ខជនសាខាបក្ស អង្គការមហាជននិងប្រជាជនភូមិសាវុាំង
ចូលរួមលុបជង្ហុកតាមផ្លូវជនបទ។
ផ្លូវគមនាគមន៍ជនបទក្នុងភូមិបានកសាងច្រើនឆ្នាំមកហើយ បន្ទាប់ពីប្រើប្រាស់ រយៈពេលយូរក៏ទ្រុឌទ្រោម ហើយមានជង្ហុកច្រើនកន្លែង បង្កផលប៉ះពេលដល់ការធ្វើដំណើរទៅមកនិងអាចបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍។ ផ្តើមពីតម្រូវការជាក់ស្តែងនោះ សាខាបក្សភូមិសាវុាំងបានជ្រើសរើសការលុបជង្ហុកធ្វើជាទម្រង់ប្រជាចលនាប៉ិនប្រសប់ ឆ្នាំ ២០២៥។
សាខាបក្សភូមិសាវុាំង បច្ចុប្បន្នមានបក្ខជន ១៤ នាក់ ក្នុងនោះ បក្ខជនជនជាតិខ្មែរមាន១១នាក់។ បក្ខជនគ្រប់រូបបានចូលរួមទម្រង់នេះទាំងអស់។ លោកឡេវុាំងថាញ់ លេខាសាខាបក្សភូមិសាវុាំង ឱ្យដឹង៖ “ចំណុចលេចធ្លោរបស់ទម្រង់ គឺសាខាបក្សភូមិអនុវត្តល្អនូវការងារផ្សព្វផ្សាយដល់ប្រជាជនចូលរួមដើម្បីធានាសុវត្ថិភាពចរាចរណ៍ ផ្ដើមពីនោះ ការយល់ដឹងរបស់ប្រជាជន ក៏បានលើកកម្ពស់ យើងខ្ញុំកំណត់ថា បក្ខជនត្រូវតែធ្វើមុន ទើបប្រជាជនធ្វើតាមក្រោយ ពេលមាមីងឃើញបក្ខជននាំមុខពួកគាត់ក៏ចូលរួមគាំទ្រ”។
បងថាច់ក្វឹកណាម ជាបក្ខជនគំរូសកម្មចូលរួមចលនា ឱ្យដឹង៖ “កាលពីមុន ផ្លូវខូចខាត មានជង្ហុកជាច្រើន មាមីងពិបាកធ្វើដំណើរទៅមក។ ពេលភ្លៀងម្ដងៗ បើកបរម៉ូតូងាយដួល និងបង្កគ្រោះថ្នាក់ណាស់។ ខ្ញុំបានរួមចំណែកជាស៊ីម៉ងត៍ ខ្សាច់ ថ្ម និងកម្លាំងពលកម្ម។ យើងធ្វើគំរូទើបមាមីងចូលរួមគាំទ្រ បច្ចុប្បន្ន ផ្លូវគមនាគមន៍បានជួសជុលរួចរាល់ សិស្សានុសិស្សទៅរៀនមានសុវត្ថិភាពនិងមាមីងងាយស្រួលក្នុងការជួញដូរ”។
ក្រុមជួសជុលផ្លូវគមនាគមន៍របស់សាខាបក្ស មានសមាជិក១០នាក់និងអង្គការមហាជនភូមិ ចូលរួមថវិកាអនុវត្តបានមកពីប្រភពចលនាក្នុងសង្គម។ បច្ចុប្បន្ន ក្រុមលុបជង្ហុកតូចធំបាន៣០កន្លែង សរុបថវិកាប្រមាណជិត៥លានដុង។ អាស្រ័យហេតុនោះ ផ្លូវគមនាគមន៍ដែលបែកខូចខាតជាច្រើនកន្លែងត្រូវបានប៉ះរាបស្មើ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកនិងដឹកជញ្ជូន។ ចំណុចលេចធ្លោរបស់ទម្រង់ គឺពង្រីកស្មារតីសាមគ្គី។
ជាមួយនឹងគោលលំនាំ “បក្ខជនដើរមុន ប្រជាជនដើរតាមក្រោយ” ទម្រង់ “លុបជង្ហុក” នៅភូមិសាវុាំងមិនត្រឹមតែកែលម្អប្រព័ន្ធគមនាគមន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងផែនមហាសាមគ្គីដ៏រឹងមាំនិងកសាងជនបទថ្មីកម្រិតខ្ពស់។
លោកត្រឹមហាយវ៉ូវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំដុងចូវ ខេត្តវិញឡុង ឱ្យដឹង៖ ទម្រង់ “លុបជង្ហុកផ្លូវគមនាគមន៍ជនបទ” នៅភូមិសាវុាំង ទោះបីតូច តែមានអត្ថន័យដ៏ធំធេង។ តាមរយៈនោះ មិនតែត្រឹមតែបង្ហាញពីតួនាទីនាំមុខនិងគំរូរបស់បក្ខជនក្នុងការអនុវត្តប្រជាចលនាប៉ិនប្រសប់ប៉ុណ្ណោះទេ ថែមទាំងជំរុញស្មារតីសាមគ្គី ឯកភាពខ្ពស់ក្នុងប្រជាជន រួមចំណែកអនុវត្តសម្រេចទិសដៅកសាងឃុំដុងចូវសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ នាពេលខាងមុខ៕
សឺនម៉ាល័យ-ប្រែសម្រួល៖ ទីទុយ