នៅឃុំឡាយហ្វា ទីក្រុងកឹងធើ ទម្រង់ដាំដំណាំរួមផ្សំបាននាំមកប្រសិទ្ធភាពខ្ពស់ដល់មាមីងខ្មែរ។ ដោយដាំដំណាំរយៈពេលលូតលាស់ខ្លី ទម្រង់នេះមិនត្រឹមតែផ្គត់ផ្គង់ប្រភពបន្លែលំនឹងសម្រាប់ទីផ្សារប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជនបង្កើនប្រាក់ចំណូល លើកស្ទួយជីវភាពទៀតផង។

បងលីហ៊ុងង៉ុក កសិករនៅភូមិព្រៃជាប់ ឃុំឡាយហ្វា ទីក្រុងកឹងធើ
កំពុងថែទាំចម្ការស្ពៃជ្រក់។
ទូទាំងឃុំឡាយហ្វា មានផ្ទៃដីដាំដំណាំរួមផ្សំជាង៤០០ហិកតា ក្នុង៦ខែដើមឆ្នាំ បរិមាណផលសម្រេចជាង៩.០០០តោន។ ជាមួយគោលដៅបង្វែររចនាសម្ព័ន្ធដាំដំណាំរយៈពេលខ្លី ដំណាំរួមផ្សំបានក្លាយជាទិសដៅប្រសិទ្ធភាពរបស់មាមីងកសិករភូមិភាគ។ រយៈពេលដាំពី៣០-៤៥ ថ្ងៃអាចនឹងប្រមូលផល ក្នុងមួយឆ្នាំអាចនឹងដាំបានពី៦-៧លើក។ ការដាំផ្លាស់វេនគ្នា ប្រភេទដំណាំរួមផ្សំដូច៖ ស្ពៃជ្រក់ ខាត់ណាដើម ខ្ទឹមក្រហម ស្ពៃមើម ៘ បានធ្វើឱ្យមាមីងកាន់តែរវៀសរវៃក្នុងការរៀបចំរដូវកាលបន្ថយ ហានិភ័យដែលបណ្តាលមកពីអាកាសធាតុនិងផ្លាស់ប្តូរតម្លៃទីផ្សារ។
បងលីហ៊ុងង៉ុក កសិករនៅភូមិព្រៃជាប់ ឃុំឡាយហ្វា ចែករំលែក៖ “គ្រួសារខ្ញុំមានដី៣កុង ជំនាញដាំស្ពៃជ្រក់និងខាត់ណាដើម។ មុននេះ ការផលិតស្រូវនៅតំបន់ដីល្បាយខ្សាច់ផ្តល់ទិន្នផលទាប ចាប់ពីដាំដំណាំរួមផ្សំ ពិសេសគឺស្ពៃជ្រក់និងខាត់ណាឃើញថាមានប្រសិទ្ធភាពណាស់។ ប្រាក់ចំណាយសមគួរ ថ្វីដ្បិតតែបង់កម្លាំងមើលថែពិតមែន ប៉ុន្តែ ម្ចាស់ការបានពេលវេលារកបានប្រាក់ចំណេញបង្គួរ។ ដោយឡែកបុណ្យចូលឆ្នាំវៀតណាមកន្លងហើយ គ្រួសារខ្ញុំប្រមូលផលស្ពៃជ្រក់បានជិត១តោនក្នុងមួយកុង លក់ក្នុងតម្លៃពី៥.០០០-៨.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីទូទាត់រួចនៅចំណេញពី៣-៤ លានដុងក្នុងមួយកុង”។

ទម្រង់ដាំខាត់ណាដើមរបស់ពូថាច់បាច់ថា នៅភូមិព្រៃជាប់ ឃុំឡាយហ្វា ទីក្រុងកឹងធើ។
បើតាមបងង៉ុក ស្ពៃជ្រក់ជាប្រភេទបន្លែរយៈពេលខ្លី ក្រោយពី២៥-៣០ថ្ងៃ អាចនឹងប្រមូលផលបាន។ ដំណាំសមស្របនឹងប្រភេទដីជាច្រើន ពិសេស គឺដីល្បាយខ្សាច់ងាយដាំ មិនសូវមានសត្វល្អិតបំផ្លាញនិងមិនសូវបង់ខាតជី។ ក្រៅពីការលក់បន្លែស្រស់ ស្ពៃជ្រក់នៅទាំងងាយស្រួលធ្វើជ្រក់ បានទីផ្សារនិយមចូលចិត្ត ជួយលើកស្ទួយតម្លៃកសិផលទៀតផង។
ឆ្នាំនេះ អាស្រ័យដោយអាកាសធាតុអំណោយផល ចម្ការស្ពៃជ្រក់របស់គ្រួសារជាច្រើនផ្តល់ទិន្នផលលំនឹង ស្លឹកក្រាស់ ល្អ ងាយលក់។ ចំណែកខាត់ណាដើម រដូវនេះស្លឹកធំមិនសូវដាច់ ដើមស្រួយ តួយ៉ាងដូចទម្រង់ដាំខាត់ណាដើមរបស់គ្រួសារពូថាច់បាច់ថា នៅភូមិព្រៃជាប់ឃុំឡាយហ្វា។ លើផ្ទៃដី៣កុង ពូបាច់ថា បានដាំខាត់ណាដើមផ្លាស់វេន ជាមួយនឹងប្រភេទដំណាំរួមផ្សំឯទៀត។ ដោយសារថែទាំត្រូវតាមបច្ចេកទេស បច្ចុប្បន្នចម្ការស្ពៃរបស់ពូកំពុងលូតលាស់ល្អ មធ្យមភាគក្នុងមួយលើក បន្លែអាចនឹងប្រមូលផលជិត១,៥តោនក្នុងមួយកុង។
ពូបាច់ថា ឱ្យដឹង៖ “បើប្រៀបធៀបនឹងប្រភេទបន្លែផ្សេងៗ ខាត់ណាដើមពិបាកថែទាំជាង ប៉ុន្តែ ប្រសិនបើថែទាំត្រូវរបៀបអាចនឹងផ្តល់ទិន្នផលខ្ពស់ រដូវកន្លងហើយ ក្រោយពីទូទាត់រួចស្រេចខ្ញុំចំណេញបានជិត១០លានដុងក្នុងមួយកុង”។
លោកក្វាច់វុាំងដែប ប្រធានសមាគមកសិករ ឃុំឡាយហ្វា ឱ្យដឹង៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំជិតមកនេះ មាមីងកសិករឃុំឡាយហ្វា ពង្រីកទម្រង់ផលិតជាច្រើនដែលមានប្រសិទ្ធភាព ក្នុងនោះ លេចធ្លោគឺទម្រង់ដាំដំណាំរួមផ្សំដូច៖ ស្ពៃជ្រក់ ខាត់ណាដើម គួបផ្សំនឹងអនុវត្តបច្ចេកទេសដាំដុះថ្មី រួមចំណែកលើកកម្ពស់ទិន្នផលនិងគុណភាពផលិតផល។ ទន្ទឹមនឹងនោះ រដ្ឋអំណាចឃុំឡាយហ្វា ក៏បានយកចិត្តទុកដាក់ពិសេសដល់ការឧបត្ថម្ភប្រជាជនបង្ខិតជិតនូវប្រភពទុនតាមរយៈនៃកម្មវិធីឥណទានគោលនយោបាយពីធនាគារគោលនយោបាយសង្គម មូលនិធិជំនួយកសិករ គ្រួសារខ្លះទៀតមិនអល់អែកក្នុងការវិនិយោគកែប្រែដី ពូជដំណាំនិងសម្ភារៈកសិកម្ម ដើម្បីរួមចំណែកលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាព”៕
ហុងទើ - លីសៀ