ដោយការយកចិត្តទុកដាក់វិនិយោគរបស់បក្ស រដ្ឋ អំពីមូលដ្ឋានសម្ភារៈនិងបំពាក់គ្រឿងបរិក្ខារទំនើបៗ រយៈពេលកន្លង លោកគ្រូនិងសិស្សនៃសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ទីក្រុងកឹងធើ បានខិតខំប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ និងលើកកម្ពស់គុណភាពអប់រំ។ អាស្រ័យហេតុនោះ នៅខែឧសភា ឆ្នាំ២០២៥ កន្លងហើយ សាលាបានទទួលស្គាល់សម្រេចបទដ្ឋានជាតិកម្រិត ១ ។

សាលាអនុវិទ្យាល័យអន្តេវាសិកកេសាច់ ឃុំថើយអាងហោយ ទីក្រុងកឹងធើ បានវិនិយោគកសាងសម្ភារៈ និងគ្រឿងបរិក្ខារទំនើប ឆ្លើយតបតម្រូវការសិក្សារបស់សិស្ស។
ដើរជុំវិញសាលារៀនដែលមានបរិវេណធំ ទូលាយ ស្រឡះស្រឡំ បន្ទប់រៀនស្អាត បាតនៃអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ក្នុងថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មី លោកគ្រូគឹមហឿន ចាងហ្វាងសាលា ចែករំលែក៖ “ក្នុងប៉ុន្មានឆ្នាំដែលទើបបង្កើតសាលារៀនខ្វះសម្ភារៈបរិក្ខារបង្រៀន បន្ទប់មុខវិជ្ជា សួនកម្សាន្ត កន្លែងហាត់ប្រាណ។ល។ ប៉ុន្តែ រយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយការយកចិត្តទុកដាក់វិនិយោគរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក សាលារៀនបានជួសជុល និងសាងសង់ថ្មីបន្ទប់មុខងារមួយចំនួនធានាឆ្លើយតបនឹងតម្រូវការបង្រៀននិងរៀន។ បច្ចុប្បន្ន សាលាមានបន្ទប់រៀនចំនួន៨បន្ទប់ មុខវិជ្ជាចំនួន៤និងអន្តេវាសិកដ្ឋាន៣៥បន្ទប់។ ឆ្នាំសិក្សាកន្លងហើយ សាលារៀនបានទិញតុកៅអីបន្ថែមសម្រាប់បន្ទប់រៀន បន្ទប់ប្រជុំនិងអាហារដ្ឋានជាដើម។ ទីធ្លាសាលាក៏បានកែលម្អធំទូលាយនិងដាំដើមឈើ ដើម្បីបង្កទេសភាពបៃតង-ជ្រះ-ស្អាត ស្និទ្ធស្នាល ឆ្លើយតបតម្រូវការសិក្សានិងលេងកម្សាន្តរបស់សិស្ស”។
ក្រៅពីការវិនិយោគមូលដ្ឋានសម្ភារៈ គ្រឿងបរិក្ខារ សាលារៀនក៏ផ្តោតលើការកសាងកងជួរកម្មាភិបាល និងគ្រូបង្រៀនមានជំនាញច្បាស់លាស់។ បង្កលក្ខណៈសម្រាប់កម្មាភិបាល គ្រូបង្រៀនសិក្សាបំប៉ន លើកកម្ពស់ចំណេះដឹងនិងលត់ដំជំនាញវិជ្ជាជីវៈ។ ផ្លាស់ថ្មីខ្លឹមសារ បែបបទប្រជុំជីវភាពក្រុមវិជ្ជាជីវៈ រៀបចំការសង្កេតថ្នាក់ និងស្រង់បទពិសោធន៍ក្នុងម៉ោងបង្រៀនដើម្បីលើកកម្ពស់គុណភាពមេរៀនដែលបង្រៀន។ តាមប្រសាសន៍លោកគ្រូគឹមហឿន ដើម្បីឆ្លើយតបតម្រូវការនៃការអប់រំនិងបណ្តុះបណ្តាលក្នុងដំណាក់កាលផ្លាស់ថ្មី សាលាតែងអនុវត្តល្អនូវចលនាប្រឡងប្រណាំងដែលផ្នែកអប់រំបានបំផុស។ ផ្លាស់ថ្មីការងារគ្រប់គ្រង; ពិនិត្យ វាយតម្លៃគុណភាពនៃការបង្រៀននិងរៀន; ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន; កសាងសាលារៀនស្និទ្ធស្នាលសិស្សសកម្ម។ គ្រូគ្រប់រូបតែងធានាអនុវត្តត្រឹមត្រូវនូវកម្មវិធីនិងផែនការអប់រំរួមរបស់សាលា។ ជ្រើសរើសខ្លឹមសារ និងវិធីសាស្រ្តបង្រៀនដែលសមស្របនឹងមុខសញ្ញានីមួយៗ ឆ្លើយតបតាមតម្រូវការនិងសមត្ថភាពយល់ដឹងរបស់សិស្សម្នាក់ៗ។ អាស្រ័យហេតុនេះ គុណភាពអប់រំរបស់សាលាបានលើកកម្ពស់ឥតឈប់ឈរ។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ សាលារៀនមានសិស្សសម្រេចនិទ្ទេសសិក្សាល្អបង្គួរនិងពូកែជាង៨៧%; ចរិយាសម្បត្តិល្អបង្គួរនិងពូកែសម្រេច១០០%។
រីករាយចំពោះសមិទ្ធផលនេះ លោកគ្រូគឹមហឿន នាយកសាលាចែករំលែក៖ “ការបានទទួលស្គាល់ជាសាលាសម្រេចបទដ្ឋាន គឺជាសមិទ្ធផលគួរជាទីមោទនៈនៃការខិតខំប្រឹងប្រែងរបស់កម្មាភិបាល គ្រូបង្រៀននិងបុគ្គលិក គឺជាសក្ខីភាពបង្ហាញពីភាពច្នៃប្រតិដ្ឋក្នុងការគ្រប់គ្រង របៀបធ្វើការ ជាការពិសោធន៍ផ្នែកខាងនយោបាយ និងសមត្ថភាពវិជ្ជាជីវៈរបស់កងជួរថ្នាក់ដឹកនាំនិងគ្រូបង្រៀន។ ដើម្បីរក្សាខ្ជាប់នូវកិត្តិនាមជាសាលាសម្រេចបទដ្ឋាននៅពេលខាងមុខ សមូហភាពកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិកសាលា នឹងបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រឹងសាមគ្គីភាព ខិតខំប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ និងខិតខំសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ ដើម្បីទទួលបានកិត្តិនាមជាសាលាសម្រេចបទដ្ឋានជាតិកម្រិត២”៕
ថាញវ៉ាង-មេងលី