រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅខេត្តកាម៉ាវ បានបង្កើនការផ្សព្វផ្សាយ ណែនាំនេសាទករលើកកម្ពស់ការយល់ដឹង ធានាសុវត្ថិភាពមនុស្សនិងកប៉ាល់នេសាទ ពេលសកម្មភាពនៅសមុទ្រក្នុងរដូវភ្លៀងព្យុះ។
កងកម្លាំងការពារព្រំដែនតែងក្រើនរំលឹកនេសាទករបំពាក់បរិក្ខារ
ធានាសុវត្ថិភាពលើកប៉ាល់ក្នុងរដូវភ្លៀងព្យុះ។
បច្ចុប្បន្ន នៅទីប្រជុំជនកៃដូយវ៉ាម មានកប៉ាល់កំពុងនេសាទនៅសមុទ្រជាង ៣០០ គ្រឿង ក្នុងនោះ មានកប៉ាល់នៅឆ្ងាយពីឆ្នេរសមុទ្រជាង ៤០ គ្រឿង។ លោកង្វៀងវ៉ាន់ខា អនុប្រធានគណៈកម្មាធិការប្រជាជន ទីប្រជុំជនកៃដូយវ៉ាម ឱ្យដឹង៖ ចាប់ពីមានភ្លៀង ព្យុះមកទល់ពេលនេះ ភូមិភាគតែងប្រកាសជូនដំណឹង ផ្តល់ព័ត៌មានទាន់ពេលអំពីស្ថានភាពសម្ពាធទាបខ្យល់ព្យុះដល់ប្រជាជននៅលើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ ភូមិភាគបានចាត់កម្លាំងប្រចាំការ មិនឱ្យមនុស្សនិងទូក កប៉ាល់ចេញទៅសមុទ្រក្នុងពេលមានភ្លៀងព្យុះ ព្រមទាំងរៀបចំកន្លែងជ្រក សំចតបញ្ចៀសខ្យល់ព្យុះនៅតាមកំពង់ផែ ដើម្បីកប៉ាល់មានកន្លែងបោះយុថ្កាសុវត្ថិភាព។
បងង្វៀងវ៉ាន់ទឿង ស្នាក់នៅអនុសង្កាត់ ៤ ទីប្រជុំជនកៃដូយវ៉ាម ជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំច្បាមសមុទ្រ គាត់តែងម្ចាស់ការបំពាក់បរិក្ខារជំនួយសង្គ្រោះគ្រប់គ្រាន់ ដូចជា៖ ពោង អាវពោង ឧបករណ៍ទំនាក់ទំនង។ មុនពេលចេញទៅសមុទ្រនេសាទម្តងៗ គាត់តែងពិនិត្យ ពិច័យបរិក្ខារប្រើប្រាស់យ៉ាងហ្មត់ចត់ ដើម្បីធានាបរិក្ខារទាំងនោះនៅប្រើប្រាស់បានល្អ។ បងង្វៀងវ៉ាន់ទឿង ឱ្យដឹង៖ “អាកាសធាតុ ឥឡូវប្រែប្រួលខុសប្រក្រតីខ្លាំងណាស់! មានពេលចេញទៅសមុទ្រស្ងប់រលកសោះ ប៉ុន្តែ ថ្ងៃបន្ទាប់បែរជាមានព្យុះធំទៅវិញ។ កប៉ាល់របស់គ្រួសារខ្ញុំ គឺកប៉ាល់ ៦៧ មានភាពរឹងមាំបង្គួរ ទោះដូច្នេះក្តី ប៉ុន្តែខ្ញុំមិនធ្វេសប្រហែសឡើយ។ ពេលនេសាទនៅសមុទ្រ បងប្អូននៅលើកប៉ាល់តែងប្តូរវេនគ្នាតាមដានព្យាករណ៍អាកាសធាតុជាប្រចាំ។ ប្រសិនបើជួបទឹករលកធំ ខ្យល់រំជួលខ្លាំង យើងខ្ញុំនឹងទាក់ទងដល់ស្ថាប័នសមត្ថកិច្ចភ្លាម ដើម្បីទទួលបានការណែនាំ និងជំនួយទាន់ពេល”។
ចំពោះស្ថានភាពអាកាសធាតុប្រែប្រួលខុសប្រក្រតី នេសាទករគប្បីលើកកម្ពស់
ចំណេះដឹង មិនត្រូវធ្វេសប្រហែសឡើយ។
លោកប៉ូយថាញតាយ នៅភូមិអូររ៉ូ ឃុំតឹងអឹង ស្រុកង៉ុកហៀង ឱ្យដឹង៖ “ពីមុន ខ្ញុំក៏មិនទាន់យល់ច្បាស់អំពីសេចក្តីកំណត់សុវត្ថិភាពកប៉ាល់នេសាទយ៉ាងណាឡើយ។ ដោយសារបានភូមិភាគ និងកងកម្លាំងការពារព្រំដែនជួយណែនាំ ម្ល៉ោះហើយឥឡូវខ្ញុំបានយល់ដឹងនិងគោរពតាម។ កប៉ាល់របស់ខ្ញុំចាប់ពីទិញមក ក៏បានដំឡើងឧបករណ៍តាមដានដំណើរនេសាទ។ អាស្រ័យហេតុនោះ ជួយឱ្យខ្ញុំធ្វើបច្ចុប្បន្នភាពបានទាន់ពេលនូវដំណឹងអាកាសធាតុ រីឯស្ថាប័នគ្រប់គ្រងក៏អាចកំណត់ច្បាស់ទីតាំងកប៉ាល់របស់ខ្ញុំសកម្មភាពនៅសមុទ្រដែរ ដើម្បីមានវិធានការជួយបានទាន់ពេល ពេលមានភ្លៀងធំ ខ្យល់ព្យុះជាដើម ប្រការនោះជួយឱ្យបងប្អូននៅលើកប៉ាល់កាន់តែស្ងប់ចិត្តពេលនេសាទនៅសមុទ្រ”។
តាមការព្យាករណ៍ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២០ នៅតំបន់សមុទ្រខាងកើតអាចនឹងកើតមានព្យុះ និងសម្ពាធទាប ប្រមាណពី ៦-៧ លើកទៀត។ ក្នុងនោះ មានពី ៣-៤ លើក ប៉ះពាល់ដល់ដីគោកប្រទេសយើង ប្រមូលផ្តុំច្រើននៅភូមិភាគកណ្ដាល និងបណ្តាខេត្តនៅភាគខាងត្បូង។ ព្រោះហេតុនោះ ទន្ទឹមនឹងវិធានការម៉ឺងម៉ាត់របស់ផ្នែកសមត្ថកិច្ចនេសាទករក៏គប្បីលើកកម្ពស់ការយល់ដឹង គោរពម៉ឺងម៉ាត់នូវវិធានការណែនាំ មិនត្រូវធ្វេសប្រហែសឡើយ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួន៕
យោង៖ camau.gov.vn -វិមាន