សាលាមត្តេយ្យទុយង៉ុក (សាខាទី១) ទីតាំងស្ថិតនៅអនុសង្កាត់ទី៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បច្ចុប្បន្ន មានកុមារកំពុងរៀន ២៦៧ ក្មួយ ក្នុងនោះមានកុមារជនជាតិខ្មែរ ១៦៤ ក្មួយ។ សាលាបានចាត់គ្រូបង្រៀនជនជាតិខ្មែរនៅគ្រប់ថ្នាក់រៀន ជួយក្មួយៗងាយក្នុងការប្រាស្រ័យទាក់ទង ជាជំហានៗថ្នឹកនឹងភាសាវៀត និងជឿជាក់លើខ្លួន។

សាលាមតេ្តយ្យទុយង៉ុក (សាខាទី១) បានកសាងរឹងមាំ។
សាលាមត្តេយ្យទុយង៉ុក បានចាប់ផ្តើមកសាងនៅខែមករា ឆ្នាំ ២០២៤ និងបានដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៥។ សំណង់មានពីរជាន់ រួមមាន៩បន្ទប់ បន្ទប់មុខវិជ្ជាចំនួន ៣ បន្ទប់មុខងារចំនួន ៨ មណ្ឌលផ្ទះបាយនិងអាហារដ្ឋាន ដោយមានផ្ទៃដីសរុបប្រហែល ២.៤១០,៥៧ ម៉ែត្រការ៉េ។ ពីមូលដ្ឋានចាស់ផ្លាស់មកមូលដ្ឋានថ្មី បានបង្កលក្ខណៈដើម្បីសាលាចាត់តាំងសកម្មភាព ថែទាំ និងអប់រំកុមារបានល្អប្រសើរ។ ដោយមានគ្រួសារខ្មែរជាច្រើនលើភូមិឋាន ការដែលសាលានៅជិតផ្ទះ និងគិតគូរពេលបាយសម្រាកនៅពេលថ្ងៃត្រង់ ជួយឱ្យអាណាព្យាបាលស្ងប់អារម្មណ៍ទៅធ្វើការ។ បងស្រី ថាច់ធីធូហឿង នៅអនុសង្កាត់ទី ៧ សង្កាត់ង្វៀកហ្វា ចែករំលែក៖ “កូនបានហូបចុកសម្រាកនៅសាលារៀន រសៀលទើបទៅទទួល ម្ល៉ោះហើយខ្ញុំស្ងប់អារម្មណ៍ទៅធ្វើការ។ សាលាស្អាតបាត មានគ្រូបង្រៀនជនជាតិខ្មែរនិយាយជាមួយ ដូច្នេះកូនងាយយល់។ ខ្ញុំសង្ឃឹមថា ពេលចូលរៀនថ្នាក់ទី ១ កូននឹងយល់បានភាសាវៀតកាន់តែល្អប្រសើរ”។
អ្នកគ្រូ ង្វៀងធីអាញ់ឡង ចាងហ្វាងសាលាមត្តេយ្យទុយង៉ុក ឱ្យដឹង នៅថ្ងៃដំបូងដែលមកសាលាក្មួយៗជនជាតិខ្មែរមួយចំនួននៅចម្លែក មិនទាន់ចេះស្ដាប់និងយល់ភាសាវៀតបានល្អ ម្ល៉ោះហើយទើបអៀនខ្មាសពេលប្រាស្រ័យទាក់ទងជាមួយអ្នកគ្រូ និងមិត្តភ័ក្តិ។ អាស្រ័យហេតុនោះ សាលាបានចាត់គ្រូបង្រៀនជនជាតិខ្មែរម្នាក់ក្នុងមួយថ្នាក់ គ្រូបង្រៀនទាំងភាសាវៀត និងភាសាខ្មែរដើម្បីណែនាំរាល់សកម្មភាពប្រចាំថ្ងៃ ជួយឱ្យក្មួយៗងាយយល់ពាក្យសម្តីរបស់អ្នកគ្រូ ហ៊ានបង្ហាញពីតម្រូវការនិងថ្នឹកជាមួយបរិស្ថានរៀនសូត្រ។ ម្យ៉ាងទៀត គ្រូបង្រៀនដែលចេះភាសាខ្មែរក៏ងាយស្រួល ពេលដោះដូរជាមួយអាណាព្យាបាលអំពីសុខភាព ការរស់នៅនិងការជឿនលឿនរបស់កុមារផងដែរ។ ផ្តើមពីនោះ កុមារសន្សឹមៗមានទំនុកចិត្តប្រាស្រ័យ ទាក់ទងចុះសម្រុងជាមួយមិត្តភ័ក្តិនិងបង្កើតបានជាបំណិនចាំបាច់មុននឹងចូលរៀនថ្នាក់ទី ១។
បច្ចុប្បន្ន សាលាមានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ២៧ នាក់។ ទន្ទឹមនឹងនោះ ជួយឱ្យកុមារថ្នឹកនឹងភាសាវៀត សាលាផ្តោតលើការរៀបចំពេលបាយ តាមដានសុខភាព និងហ្វឹកហាត់ឱ្យក្មួយៗមានទម្លាប់រក្សាអនាម័យ បម្រើដោយខ្លួនឯង។ ក្នុងម៉ោងរៀននិងម៉ោងលេង គ្រូបង្រៀនលើកទឹកចិត្តកុមារឱ្យចេះសង្កេត ចោទជាសំណួរ ចូលរួមសកម្មភាពក្រុម និងចែករំលែកជាមួយមិត្តភ័ក្តិ។ ព្រមជាមួយនោះ សាលាក៏បានគ្រប់គ្រង ប្រើប្រាស់ មូលដ្ឋានសម្ភារៈបំពាក់បរិក្ខារ ដើម្បីបម្រើដល់ការងារថែទាំនិងអប់រំកុមារ។
អ្នកគ្រូ អាញ់ឡង ឱ្យដឹងបន្ថែម ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ សាលាមត្តេយ្យទុយង៉ុក បន្តបំប៉នមុខជំនាញដល់គ្រូបង្រៀន ផ្លាស់ថ្មីវិធីសាស្ត្រអប់រំតាមទិសដៅយកកុមារជាមជ្ឈមណ្ឌល រក្សាខ្ជាប់បទដ្ឋានជាតិកម្រិតទី ១ និងខិតខំសម្រេចបទដ្ឋានជាតិកម្រិត ២។ ការយកចិត្តទុកដាក់ជួយកុមារចាប់ពីកម្រិតមត្តេយ្យ រួមចំណែកជួយឱ្យក្មួយៗអភិវឌ្ឍភាសាបំណិននិងជឿជាក់លើខ្លួនឯង ឈានចូលកម្រិតបឋមសិក្សា៕
ទីទុយ - លីសៀ