ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/06/2026 - 21:30

កឹង​ធើ បង្កើន​ការត​ភ្ជាប់​ប្រើ​ប្រាស់​កសិ​ផល​តាម​រយៈ​ប្រ​ព័ន្ធ​លក់​រាយ​ទំ​នើប​ 

(អ.ឡ​) - ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុ​នា មន្ទីរ​ពាណិជ្ជ​កម្ម​ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​សន្និ​សីទ​ក្រោម​ប្រ​ធាន​បទ "តថភាព និង​ដំ​ណោះ​ស្រាយ​ក្នុង​ការត​ភ្ជាប់​ការ​ផ្គត់​ផ្គង់ - តម្រូវ​ការ និង​ការ​ប្រើ​ប្រាស់​កសិ​ផល​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង ឆ្នាំ​២០២៦"។ សន្និ​សីទ​នេះ សំ​ដៅ​តភ្ជាប់​ការ​ប្រើ​ប្រាស់​ផលិត​ផល​កសិ​កម្ម និង​ផលិត​ផល​ពិ​សេស​របស់​ភូមិ​ភាគ តាម​រយៈ​ប្រ​ព័ន្ធ​ចែក​ចាយ​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពាណិជ្ជ​កម្ម​បាច់​ហ្វា​សាញ់។

លោក​ដូវញឺអា​ញ់ នា​យក​ផ្នែក​ប្រ​មូល​ទិញ​បន្លែ ផ្លែ​ឈើ​និង​កសិ​ផល​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពាណិជ្ជ​កម្ម​បាច់​ហ្វា​សាញ់ បាន​ឱ្យ​ដឹង បច្ចុប្បន្ន​ប្រ​ព័ន្ធ​លក់​រាយ​របស់​ក្រុម​ហ៊ុន​មាន​ប្រ​មាណ ៣.៤០០ ទី​តាំង​នៅ​ទូ​ទាំង​ប្រ​ទេស បម្រើ​អតិថិ​ជន​ជាង ២ លាន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​មាន​គោល​ដៅ​ពង្រីក​ដល់​ប្រ​មាណ ១០​.០០០ ទី​តាំង​នៅ​ឆ្នាំ ២០៣០ ដោយ​ឆ្ពោះ​ដល់​ប្រាក់​ចំណូល​ប្រ​មាណ ១០ ពាន់​លាន​ដុល្លារ​អា​មេ​រិក។ ជា​រៀង​រាល់​ខែ ក្រុម​ហ៊ុន​បាច់​ហ្វា​សាញ់ លក់​ចេញ​កសិ​ផល​រាប់​ពាន់​តោន ក្នុង​នោះ​ផ្លែ​ឈើ​តែ​មួយ​មុខ​មាន​បរិមាណ​ប្រ​មា​ណ ១០​.០០០ តោន។

លោក​ដូវញឺអាញ់ នា​យក​ផ្នែក​ប្រ​មូល​ទិញ​បន្លែ ផ្លែ​ឈើ​និង​កសិ​ផល​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពាណិជ្ជ​កម្ម​បាច់​ហ្វា​សាញ់ បង្ហាញ​អំ​ពី​ទំ​ហំ​ប្រតិ​បត្តិ​ការ​និង​លក្ខ​ខណ្ឌ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ប្រ​ព័ន្ធ​លក់​រាយ​របស់​បាច់​ហ្វា​សាញ់។

តាម​ការ​លើក​ឡើង​របស់​លោក ដូវ​ញឺ​អាញ់ ជា​មួយ​នឹង​សក្តា​នុភាព​ដ៏​ធំ​របស់​ទី​ក្រុង​កឹង​ធើ និង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង រួម​នឹង​ការ​គាំ​ទ្រ​ពី​មន្ទីរ ផ្នែក​នា​នា​នៅ​ភូមិ​ភាគ ក្រុម​ហ៊ុន​បាច់​ហ្វា​សាញ់ រំ​ពឹង​ថា នឹង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អា​ជីវ​កម្ម សហ​ករណ៍​និង​កសិ​ករ ដើម្បី​កសាង​ខ្សែ​សង្វាក់​តភ្ជាប់​ការ​ផលិត​និង​ការ​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ចីរ​ភាព និង​រួម​ចំ​ណែក​លើក​កម្ពស់​តម្លៃ​កសិ​ផល​របស់​វៀត​ណាម។ អា​ជីវ​កម្ម​តែង​ប្រ​កាន់​ខ្ជាប់​នូវ​ទស្សន​វិជ្ជា​សហ​ប្រតិ​បត្តិ​ការ "ភាគី​ទាំង ៣ ទទួល​បាន​ផល​ប្រ​យោជន៍​រួម" (អតិថិ​ជន - អ្នក​ផ្គត់​ផ្គង់ - បាច់​ហ្វា​សាញ់)។ ទន្ទឹម​នឹង​នោះ ក៏​រំ​ពឹង​ដៃ​គូ​សហ​ការ​ឆ្លើយ​តប​នូវ​លក្ខ​ខណ្ឌ​សំ​ខាន់ៗ​ចំ​នួន ៤ គឺ​៖ តម្លា​ភាព​អំ​ពី​ប្រ​ភព​ផលិត​ផល ធា​នា​សមត្ថ​ភាព​ផ្គត់​ផ្គង់​ទៀង​ទាត់ ចូល​រួម​កម្ម​វិធី "ស្លាក​បៃតង​ទទួល​ខុស​ត្រូវ" និង​ជា​ជំ​ហានៗ​ធ្វើ​ឱ្យ​កាន់​តែ​ជំ​នាញ​ក្នុង​ការ​គ្រប់​គ្រង គណ​នេយ្យ និង​ព័ន្ធ​ដារ។

លោក​ហា​វ៉ូវ​ស៊ើង នា​យក​មន្ទីរ​ឧស្សាហ​ពា​ណិជ្ជ​កម្ម​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​នៅ​ក្នុង​សន្និ​សីទ។

ថ្លែង​ក្នុង​សន្និ​សីទ​ លោក​ហា​វ៉ូវ​ស៊ើង នា​យក​មន្ទីរ​ឧស្សាហ​ពាណិជ្ជ​កម្ម​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង ទី​ក្រុង​មាន​ប្រ​ភព​ផ្គត់​ផ្គង់​កសិ​ផល​យ៉ាង​សម្បូរ​បែប ដោយ​ទិន្ន​ផល​ស្រូវ​-អង្ករ​ជាង ៤,៦៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ ផ្លែ​ឈើ​ជាង ១,២៣ លាន​តោន ក្នុង​នោះ​មាន​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់ ដូច​ជា ទុរេន​ជាង ១០៤.​០០០ តោន ខ្នុរ​ជាង ២៧៣​.០០០ តោន និង​ចេក​ជាង ១៩១​.០០០ តោន; ចំ​ណែក​បន្លែ​និង​ដំ​ណាំ​រយៈ​ពេល​ខ្លី​មាន​ទិន្ន​ផល​ជិត ២ លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ព្រម​ជា​មួយ​នោះ ទី​ក្រុង​បច្ចុប្បន្ន​មាន​ផលិត​ផល OCOP ៩០៣ មុខ សម្រេច​គុណ​ភាព​លំ​ដាប់​ផ្កាយ ៣ ដល់ ផ្កាយ ៥  ដែល​ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់​សម្រាប់​អភិ​វឌ្ឍន៍​ទី​ក្រុង​ឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផ្គត់​ផ្គង់​កសិ​ផល ដែល​មាន​គុណ​ភាព​ខ្ពស់​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

 តំ​ណាង​អា​ជីវ​កម្ម​និង​សហ​ករណ៍​ ផ្លាស់​ប្តូរ​អំ​ពី​តម្រូវ​ការ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ប្រ​ព័ន្ធ​ចែក​ចាយ។

នៅ​ក្នុង​សន្និ​សីទ តំ​ណាង​ផ្នែក​កសិ​កម្ម​និង​បរិស្ថាន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់​នា​នា អា​ជីវ​កម្ម សហ​ករណ៍ បាន​ផ្លាស់​ប្តូរ​យោ​បល់​អំ​ពី​តម្រូវ​ការ​សហ​ប្រតិ​បត្តិ​ការ ព្រម​ទាំង​ឧទ្ទេស​នាម​ផលិត​ផល​សំ​ខាន់ៗ ផលិត​ផល OCOP និង​សមត្ថ​ភាព​ផ្គត់​ផ្គង់​ផលិត​ផល​ចូល​ទៅ​ក្នុង​ប្រ​ព័ន្ធ​លក់​រាយ​បាច់​ហ្វា​សាញ់។

ពិ​ធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍។

ក្នុង​ឱ​កាស​នេះ​ អា​ជីវ​កម្ម​និង​សហ​ករណ៍​នា​នា​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពា​ណិជ្ជ​កម្ម​បាច់​ហ្វា​សាញ់ បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ បង្ក​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ពង្រីក​ការ​ត​ភ្ជាប់​ការ​ប្រើ​ប្រាស់​កសិ​ផល​របស់​ទី​ក្រុង​កឹង​ធើ តាម​រយៈ​ប្រ​ព័ន្ធ​លក់​រាយ​របស់​អង្គ​ភាព​នៅ​ទូ​ទាំង​ប្រ​ទេស៕ 

ណាម​ហឿង - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ